ភ្នំពេញ៖ភរិយាមន្ដ្រីនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក និងអគ្គលេខាធិការរង គ.ជ.ប នៅព្រឹកថ្ងៃអង្គារិ៍ នេះ បានថ្វាយញត្តិទៅខុទ្ទកាល័យព្រះមហាក្សត្រ និងទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសុំឱ្យព្រះអង្គជួយអន្ដរាគមន៍លើកលែងទោស ឬក៏ដោះលែងស្វាមីរបស់ពួកគេ ដែលបានឃុំខ្លួនក្នុងសំណុំរឿងមួយដែលគេហៅថា ជារឿងនយោបាយ។
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រី បានរាយការណ៍ថា ស្ដ្រីទាំង៥នោះ រួមមានភរិយា លោក ណៃ វង់ដា លោក នី សុខា លោក នី ចរិយា លោក យី សុខសាន្ដ និងកូនស្រី លោកស្រី លឹម មុន្នី ។ ពួកគាត់បានយកញត្តិទៅដាក់គណៈរដ្ឋមន្ដ្រី និងទៅខុទ្ទកាល័យព្រះបរមរាជវាំង។
ការស្វែងរកអន្ដរាគមន៍ដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រ គឺជាដំណាក់កាលថ្មីមួយ ទៀត បន្ទាប់ពីពួកគាត់អស់សង្ឃឹមដោយសារតែការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលសំដៅដល់ការដោះលែងមន្ដ្រីសិទ្ធិមនុស្សនេះ ត្រូវបានខកខាន។
មន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រីគ.ជ.ប ទាំង ៥រូបនេះ បានជាប់ពន្ធនាគារ ២៧១ថ្ងៃ មកហើយ ដោយសារតែពួកគាត់ ត្រូវបានចោទ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ករណី អ្នកនាង ខុមចាន់ តារាទី ហៅស្រីមុំ៕