ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាថា គណបក្សប្រឆាំងនឹងធ្វើការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់ និងចែកចាយអគ្គីសនីឡើងវិញ នៅពេលគណបក្សនេះគ្រប់គ្រង់អំណាចតាមរយៈការបោះឆ្នោតឆ្នាំ ២០១៨។ តែបែបនេះមន្ត្រីគណបក្សប្រជាជនកម្ពុជាថា ការសន្យារបស់មេបក្សប្រឆាំង មិនអាចទៅរួចដោយគ្រាន់តែជាសន្យាខ្យល់ប៉ុណ្ណោះ។
មេបក្សប្រឆាំងនេះថា នឹងកែទម្រង់ការចែកចាយ និងផ្គត់ផ្គង់តម្លៃអគ្គីសនីឲ្យចុះថោកជាងតម្លៃអគ្គីសនីបច្ចុប្បន្ន ដោយផ្តោតនៅលើការលុបបំបាត់អំពើពុកេលួយ និងអភិវឌ្ឍប្រទេសយ៉ាងពិតប្រាកដ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងគោលការណ៍ ៤ ចំនុច ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រង និងចែកចាយអគ្គីសនី ឲ្យមានតម្លៃថោកមិនលើសពីតម្លៃ ៥០០ រៀលក្នុងមួយគីឡូវ៉ាត់។ គោលនយោបាយ ៤ ចំនុច រួមមាន បំបាត់អំពើពុករលួយ បញ្ចុះតម្លៃអគ្គិសនី ការពារបរិស្ថាន និងជំរុញឲ្យមានការអភិវឌ្ឍប្រទេសពិតប្រាកដ។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
មេបក្សប្រឆាំងដែលរដ្ឋាភិបាលហាមមិនអោយចូលប្រទេស បានពន្យល់ថា មូលហេតុចម្បងនៃការឡើងថ្លៃអគ្គសនីគឺ បណ្តាលមកពីអំពើពុករលួយក្នុងការចែកចាយអគ្គសនីនៅតាមផ្ទះ។ លោកបន្តថា ដើម្បីលុបបំបាត់អំពើពុករលួយ គណបក្សប្រឆាំងនឹងដាក់ឲ្យដេញថ្មីដោយតម្លាភាព។
លោក សម រង្ស៊ី៖«វិធីដើម្បីបញ្ចុះថ្លៃអគ្គិសនី គឺតម្រូវឲ្យអ្នកផ្គត់ផ្គង់ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដេញថ្លៃត្រឹមត្រូវ (ដើម្បីទប់ស្កាត់អំពើពុករលួយ) តម្លើងប្រសិទ្ធភាពនៃបណ្តាញចែកចាយក្នុងស្រុក និងបញ្ចុះឬលុបពន្ធសម្រាប់អ្នកប្រើប្រាស់»។
លោកបានបញ្ជាក់ជំនឿថា ការបញ្ចុះតម្លៃអគ្គិសនីឲ្យស្ថិតរង្វង់ ៥០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នឹងអាចទាក់ទាញអ្នកវិនិយោគវិស័យឧស្សាហ កម្មមកកម្ពុជាកាន់ច្រើនឡើង។ លោកបានបន្ថែមថា ដើម្បីការពារបរិស្ថានគណបក្សរបស់លោក និងលុបមិនឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីឡើយ។ លោកថារដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយគណបក្សប្រឆាំងនឹងតម្លើងប្រាក់ខែជូនមន្ត្រីរាជការ។ ខ្លឹមសារនៅលើហ្វេសប៊ុក៖«យើងក៏នឹងធានាឲ្យមានតម្លាភាព និងយុត្តិធម៌ ក្នុងការកំណត់តម្លៃអគ្គិសនី ដែលលក់ឲ្យអតិថិជនគ្រប់ទីកន្លែង។ យើងនឹងប្រមូលប្រាក់បានមកពីការបំបាត់អំពើពុករលួយ យកទៅកសាងប្រទេស ជួយអ្នកក្រីក្រ និងតម្លើងប្រាក់ខែជូនមន្ត្រីរាជការ និងបុគ្គលិករបស់រដ្ឋ»។
ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានចាត់ទុកការសន្យារបស់លោក សម រង្ស៊ី ទាំង ៤ ចំនុចនេះ មិនអាចក្លាយជាការពិតឡើយ។ លោកថា គណបក្សសង្គ្រោះជាតិ នឹងមិនអាចប្រជែកយកឈ្នះគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឡើយ។ លោក ឥសាន្ត បន្តថា គោលការណ៍បញ្ចុះតម្លៃអគ្គិសនី បក្សកាន់អំណាច បានផ្តោតនៅលើការទាញយកថាមពលពីការសាងសងទំបន់វារីអគ្គិសនីដែលបក្សប្រឆាំងគ្មានលទ្ធភាពនោះទេ។ លោក សុខ ឥសាន្ត៖«ដោយសារគិតគូឲ្យអគ្គិសនីកាន់តែចុះទៀត ធ្វើទំនប់វារីអគ្គិសនីឲ្យបានច្រើនទៅ ដើម្បីបានថាមពលឲ្យវាច្រើនមេកាវ៉ាត់ ឥឡូវនេះយើងបានដល់២ពាន់មេកាវ៉ាត់ទូទាំងប្រទេស ពីមុនមកទូទាំងប្រទេសមានតែ១០០មេ កាវ៉ាត់ តែសុំកុំឲ្យគណបក្សប្រឆាំង ជំនាស់ទៅនិងគម្រោងសាងសងទំនប់វារីអគ្គិសនី ដែលទាញថាមពលមកប្រើប្រាស់»។
តែសម្រាប់អ្នកឃ្លាំមើលអំពីកិច្ចការបោះឆ្នោតនៅកម្ពជា លោក សម គន្ធាមី ដែលជានាយកប្រតិបត្តិអង្គការនិចហ្វិច មានប្រសាសន៍ថា គោលនយបាយបញ្ចុះតម្លៃអគ្គិសនីឲ្យស្ថិតនៅតម្លៃមិនលើស ៥០០ រៀល នឹងអាចធ្វើទៅបាន ប្រសិនបើគណបក្សនយោបាយទាំងអស់មានឆន្ទៈពិតប្រាកដ។ លោក សម គន្ធាមី៖«គាត់អាចធ្វើបានប្រសិនបើគាត់មានឆន្ទៈពិតប្រាកដ ពិសេសគណបក្សប្រជាជនកម្ពុជា គោលនយោបាយនិងល្អមែនតែន ប្រសិនបើមានឆន្ទះធ្វើ ជួយកាត់បន្ថយភាពក្រីក្រច្រើនណាស់»។
តាមតារាងតម្លៃអគិ្គសនី នៅកម្ពុជា ៥០គីឡូវ៉ាត់ តម្លៃ ៦១០រៀល ក្រោម ២០០ គីឡូវ៉ាត់ ៧២០ រៀលនិងលើសពី ២០០ គីវ៉ាត់ តម្លៃ ៨២០ រៀល ។ តែតារាងនេះតម្លៃអនុវត្តបានតែនៅរាជធានីភ្នំពេញ។ ចំណែកនៅបណ្ដាល ខេត្តមួយចំនួនមានលើសពីនេះច្រើនទៀត៕