ភ្នំពេញ ៖ លោក ជា មុន្នី ដែលត្រូវជាប្អូនបង្កើតរបស់លោក ជា វិជ្ជា បានថ្លែងថា លោកអស់ជំនឿទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ដែលមិនអាចរកឃើញឃាតករពិតបាញ់សម្លាប់បងប្រុសរបស់លោកកាលពី ១៣ឆ្នាំ។ លោកថាមានតែរដ្ឋាភិបាលថ្មីទេ ទើបអាចរកឃើញអ្នកបាញ់សម្លាប់លោក ជា វិជ្ជា មកផ្តន្ទាទោសតាមច្បាប់បាន។ ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងពិធីគម្រប់ខួប ១៣ ឆ្នាំនៃមរណភាពរបស់លោក ជា វិជ្ជា ព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តលង្កា រាជធានីភ្នំពេញ។
អង្គការសង្គមស៊ីវិល ប្រធានសហជីព និងកម្មករជាច្រើនរយនាក់បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ពន្លឿនស្វែងរកចាប់ឃាតករបាញ់សម្លាប់លោក ជា វិជ្ជា មកផ្តន្ទាទោសតាមច្បាប់ ខណៈក្រុមគ្រួសារលោក ជា វិជ្ជា រង់ចាំយុត្តិធម៌អស់រយៈពេល ១៣ ឆ្នាំតែនៅមិនទាន់រកឃើញពន្លឺយុត្តិធម៌នៅឡើយ។ ទោះបីជាយ៉ាងនេះក្តី លោក ជា មុន្នី ប្អូនប្រុសបង្កើតលោក ជា វិជ្ជា អះអាងថា ទាល់តែមានរដ្ឋាភិបាលថ្មីទើបក្រុមគ្រួសារលោក អាចរកឃើញយុត្តិធម៌ពិតជូនបងប្រុសរបស់លោកបាន។
ពាក់ព័ន្ធនិងការបាញ់លោក ជា វិជ្ជា នេះ លោក ជា មុន្នី បាននិយាយថា លោកគ្មានជំនឿចិត្តថា រដ្ឋាភិបាលអាចតាមចាប់ឃាតករបាញ់សម្លាប់បងប្រុសរបស់លោកមកផ្តន្ទាទោសតាមច្បាប់នោះទ្បើយ។ ការអស់ ជំនឿចិត្តនេះ ដោយសារតែលោកយល់ថា រយៈពេល១៣ ឆ្នាំហើយដែលឃាតករបាញ់សម្លាប់លោក ជា វិជ្ជា តែរដ្ឋាភិបាលនៅតែមិនអាចរកឃើញឃាតករនៅទ្បើយ។ លោក ជា វិជ្ជា ៖«ខ្ញុំសូមជម្រាបថាឈប់ជឿហើយរដ្ឋាភិបាល១៣ឆ្នាំហើយរកអត់ឃើញសោះបង្កើតប្រកាសក្រសួង អន្តរក្រសួងរកឃាតុករអត់ឃើញ អញ្ចឹងរង់ចាំរដ្ឋាភិបាលថ្មីសង្គ្រោះជាតិសន្យាទៅឈ្នះឆ្នោតរកឃើញឃាតុករដែលគេបាញ់ជា វិជ្ជា គេបាញ់លោក កែម ទ្បី បាញ់អ្នកកាសែត បាញ់ព្រះសង្ឃ បាញ់តារ៉ាចំរៀងស្វែងរកផងសូមផ្តាំភ្ញើរដ្ឋាភិបាលរកអត់ឃើញទេ១៣ឆ្នាំហើយ»។
ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដែរ ទទូចឱ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតបន្ថែមទៀតជុំវិញការសម្លាប់លោកជា វិជ្ជា ព្រោះលោកថា រយៈពេល ១៣ ឆ្នាំមកហើយដែលរដ្ឋាភិបាលមិនទាន់អាចរកឃើញឃាតករមកផ្តន្ទាទោសនៅទ្បើយ។
លោក អាត់ ធន់ បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចរកឃើញឃាតករទៀតនោះ នឹងធ្វើឱ្យពលរដ្ឋកាន់តែអស់ជំនឿទៅលើការដឹកនាំរបស់រដ្ឋាភិបាល ករណីនេះលោកថា រដ្ឋាភិបាលត្រូវពន្លឿនតាមចាប់ឃាតករឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ «យើងនៅបន្តជម្រុញរដ្ឋាភិ បាលឱ្យរកឃាតុករពិតដើម្បីមកផ្តន្ទាទោសតាមច្បាប់កុំឱ្យមាននិទណ្ឌភាពនៅប្រទេសកម្ពុជាដោយសារតែរឿងអ្នកដែលសកម្មភាព អ្នកការការពារសិទ្ធិកម្មករមានការភ័យខ្លាច យើងស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាតុលាការដែលជាតំណាងការរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋត្រូវតែរកឱ្យលឿនតាមតែអាចធ្វើទៅបាន»។
រីឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានទៅគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា មានប្រសាសន៍ថា លោក ជា វិជ្ជា គឺជាបុគ្គលដែលមានភាពក្លាហាន ហ៊ានតស៊ូលះបង់សូម្បីតែអាយុជីវិតរបស់ខ្លួន។ លោក យឹម សុវណ្ណ បន្តថា ពលរដ្ឋត្រូវការសង្គមយុត្តិធម៌ និងសន្តិ ភាពប្រកបដោយយុត្តិធម៌ ហើយដើម្បីឱ្យសង្គមមានយុត្តិធម៌លោកថា រាជរដ្ឋាភិបាលត្រូវពង្រឹងការស៊ើបអង្កេតឱ្យបានលឿនករណីការបាញ់សម្លាប់លោកជា វិជ្ជា ក៏ដូចជាជនរងគ្រោះផ្សេងៗទៀតដែលឃាតករបាញ់សម្លាប់។ «តាំងនាមឱ្យប្រជាពលរដ្ឋកម្មករកម្មារិនីក្នុងក្រុមតំណងរាស្ត្រគណបក្សសង្គ្រោះជាតិសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចបន្តការស៊ើបអង្កេតប្រកបដោយឯករាជ្យ អព្យាក្រឹត្យដើម្បីរកយុត្តិធម៌ជូនអ្នក នយោបាយក៏ដូចជាវីរៈជនសកម្មជននយោបាយដែលបាត់បង់ជីវិតនាពេលកន្លងមករកយុត្តិធម៌ជូនក្រុមគ្រួសាររបស់គាត់ហើយក៏ជាកត្តាមួយដែលធ្វើឱ្យមានការលុបបំបាត់ភាពគ្មានទោសពៃនិទណ្ឌភាពនៅក្នុងសង្គមខ្មែរ»។
ជុំវិញនឹងការលើកទ្បើងខាងលើនេះវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីអ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បាននៅទ្បើយនោះទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណី បណ្តឹងស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត រាជរដ្ឋាភិបាលសម្រេចតែងតាំងមនុស្សចំនួន ១៤ រូបឱ្យចូលរួមស៊ើបអង្កេត។
សមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសនេះដឹកនាំដោយ លោក ឯម សំអាន ជាប្រធាន អមដោយអនុប្រធាន២រូប និងសមាជិកចំនួន ១១រូបទៀតដោះស្រាយពីករណីនេះ។
សូមជម្រាបជូនថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់នៅមុខតូបលក់កាសែតក្បែររបងខាងលិចវត្តលង្កា កំណាត់ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី ០១ ខណ្ឌចំការមន ភ្នំពេញកាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០០៤៕