ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវតាមការស្នើសុំរបស់ គ.ជ.ប ករណីឈ្មោះ ១៧៩នាក់ ដែលគេសង្ស័យថា ជាជនជាតិវៀតណាមមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផលថា ភាគច្រើនអត្តសញ្ញាណប័ណ្ណរបស់ពួកគេ មានភាពត្រឹមត្រូវ មានរក្សាទុកក្នុងម៉ាស៊ីនរបស់ក្រសួង។ យ៉ាងណាមិញគណបក្សប្រឆាំង ថាការអះអាងនេះមិនទាន់ច្បាស់នោះទេ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អត្តសញ្ញាប័ណ្ណ ១៥២ ទិន្នន័យដែល គ.ជ.ប ស្នើឱ្យបញ្ជាក់គឺ ជាអត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរគម្រូថ្មី ហើយត្រឹមត្រូវ មានទិន្នន័យរក្សាទុកក្នុងម៉ាស៊ីនមេរបស់នាយកដ្ឋានអត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ។
ចំណែក ២០ទិន្នន័យទៀតគឺ ជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់តែ ពុំមានប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងរក្សាទុកទិន្នន័យទេ ដែលតម្រូវឱ្យមានពេលវេលាសមស្រប និងមន្ត្រីចុះស្រាវជ្រាវផ្ទាល់ដល់អាស័យដ្ឋាន នៅតាមរាជធានីខេត្ត។
ចំពោះឯកសារបញ្ជាក់អត្តសញ្ញាណចំនួន ០៧ ផ្សេងទៀត គឺតម្រូវឱ្យមានពេលវេលាសមស្រប និងមន្ត្រីចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់តែម្តង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃចុះផ្សាយកាលពីថ្ងៃទី ២០ មករា។
តែបែបនេះក្ដី លោកស្រី ម៉េង សុភារី ប្រធាននាយកកិច្ចការបោះឆ្នោត និងនិតិកម្ម នៃគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យប្តឹងឱ្យលុប ឈ្មោះចំនួន ២០០០នាក់ យល់ថា ការបញ្ជាក់របស់ក្រសួងមហាផ្ទៃនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកស្រីបានប្រាប់បន្ថែមថា ដើម្បីឱ្យកាន់ច្បាស់លាស់ ក្រសួងមហាផ្ទៃគួរតែធ្វើការស៊ើបអង្កេត តាមរយៈការចុះទៅដល់ទីកន្លែងជននោះកំពុងរស់នៅ ដើម្បីស៊ើបឱ្យដឹងប្រាកដថាតើជននោះ ជាខ្មែរពិតប្រាកដ ឬបរទេស។
បើតាមលោកស្រី ម៉េង សុភារី ជនបរទេសទាំង ២០០០នាក់ដែលលោកស្រីប្តឹងឱ្យលុបឈ្មោះ មានតែ ៣០ នាក់ប៉ុណ្ណោះត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះបោះឆ្នោត នៅថ្នាក់ឃុំ សង្កាត់ ចំណែកនៅ គ.ជ.ប មិនត្រូវបានសម្រេចឱ្យលុបជនណាម្នាក់ចេញពីបញ្ជីឈ្មោះនោះទេ។
តាមបណ្ដឹងរបស់បក្សប្រឆាំងដែលសុំលុបឈ្មោះជនបរទេសក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺជនបរទេសដែលគេសង្ស័យជាងគេគឺពលរដ្ឋវៀតណាម រស់នៅកម្ពុជា៕