វ៉ាស៊ិនតោន ៖ មហាសេដ្ឋីអចលនទ្រព្យដែលបច្ចុប្បន្នជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក គឺលោក ដូណាល់ត្រាំ ដែលបានប្រកួតឈ្នះឆ្នោតយ៉ាងស្វិតស្វាញ លើគូប្រកួតមកពីគណបក្សប្រជាធិបតេយ្យអតីតរដ្ឋមន្ដ្រីការបរទេសលោកស្រី គ្លីនតុន នៅថ្ងៃនេះបានកាន់ប៊ិចចុះហត្ថលេខាលើកំណត់ត្រាប្រវត្ដិសាស្ដ្រនៅសេតវិមាន។
នេះជាលើកដំបូងបន្ទាប់ពីលោក ដូណាល់ត្រាំ បានស្បថចូលកាន់តំណែងឋានៈជាប្រធានាធិបតីអាមេរិកលើកទី ៤៥ ជំនួសឲ្យលោក អូបាម៉ា ដែលបានកាន់តំណែងសេតវិមានរយៈពេល ៨ ឆ្នាំ។ ក្នុងទឹកមុខរីករាយដែលជាម្ចាស់សេតវិមានថ្មី មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានបណ្ដា ញផ្សាយព័ត៌មាន BBC រាយការណ៍មកថា លោកបានចុះហត្ថលេខាមួយចំនួននៅសេតវិមានគឺនៅថ្ងៃដែលលោក ត្រូវបានលោក អូបាម៉ា ផ្ទេរ តំណែងឲ្យនោះ។
តែយ៉ាងណាក៏ដោយលោក ដូណាល់ត្រាំ នឹងពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធ និង ផែនការដែលលោក អូបាម៉ា បានបន្សល់ទុក ហើយគម្រោងមួយចំនួនអាចនឹងត្រូវលោក ដូណាល់ត្រាំ លុបចោល ដូចជា គម្រោង អូបាម៉ាឃ៊ែ ជាដើម។ ជាមួយគ្នានេះលោក ដូណាល់ត្រាំ បានបញ្ជូនឈ្មោះគណៈរដ្ឋមន្ត្រីរបស់លោកទៅសុំសេចក្ដីទុកចិត្តពីព្រឹទ្ធសភា៕ ប្រភព៖BBC