en     km
en     km

សម្ដេច​ ហ៊ុន​ សែន​៖​ Global​ Witness​ កុំមក​ប្រឆាំង​ខ្ញុំ​ទាំង​ឆ្កួត​លីលា

Share

​ភ្នំពេញ​៖​ គឺជា​លើក​ដំបូង​ហើយ​ ក្នុង​រយៈ​៥​ឆ្នាំ​មកនេះ​ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាប់ផ្ដើម​ប្រតិកម្ម​ នឹង​ការ​វាយប្រហារ​ពី​សំណាក់​ Global​ Witness​ ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​ធ្លាប់​ហៅ​កម្ពុជា​ថា​ជា​ប្រទេស​សម្រាប់​លក់​ ហើយ​ហៅ​គ្រួសារ​សម្ដេច​ថា​ជា​គ្រួសារ​មុខ​ជំនួញ​ផ្ដាច់មុខ​នៅ​កម្ពុជា​។​

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​កំហឹង​ ដោយ​ទទូច​ឱ្យ​អង្គការ​ឃ្លាំមើល​ លោក​នេះ​ កុំមក​ប្រឆាំង​លោក​ទាំង​ឆ្កួត​លីលា​។​ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​ ទី​២០​ មក​រា​ ឆ្នាំ​២០១៧​នេះ​។​ តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​ថា​ ប្រមុខ​រដ្ឋាភិបាល​មិន​គួរ​ឈ្លោះ​ជាមួយ​ អង្គការ​នេះ​ទេ​។​ កញ្ញា​ជុំ​ ជោគ​ជាតា​ រាយការណ៍​៖

​អង្គការ​ឃ្លាំមើល​ពិភពលោក​ នេះ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​ គេ មិន​គួរ​ផ្ដល់​ឱកាស​ឲ្យ​ជន​ផ្ដាច់​ការ​ដ៏​សាហាវ​ ដូច​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ អាច​ស្វែងរក​ដៃគូ​អន្តរជាតិ​ថ្មី​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នោះ​ឡើយ​។​ អង្គការ​អន្តរជាតិ​នេះ​ ក៏​បាន​សុំ​ឱ្យ​ គេ​បណ្ដេញ​សម្ដេច​ចេញពី​វេទិកា​អន្តរជាតិ​មួយ​នោះ​ទៀត​ផង​។​

​ទំនង​ទប់​កំហឹង​លែង​បាន​ ទើប​ចាប់ផ្ដើម​ប្រតិកម្ម​ខ្លាំងៗ​ហើយ​ មាន​ពាក្យពេចន៍​មិន​សមរម្យ​ប្រឆាំង​នឹង​អង្គការ​នេះ​វិញ​។​

​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ ដែល​ហៅ​ អង្គការ​ Global​ Witness​ ថា​ ខួរក្បាល​ចង់​កើតរោគសសៃប្រសាទ​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​លើ​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្ដេច​នៅ​ថ្ងៃនេះ​។​ ​សម្ដេច​បាន​សរសេរ​ដូចនេះ​៖«​សូម​ផ្តាំ​ទៅ​អង្គការ​ក្លូ​ប​ល​វិច​ណេ​ស​ និង​បក្សពួក​ល្មម​ឈប់​ល្ងង់​និង​ឆ្កួតៗ​ទៀត​ទៅ​។​ ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្ត្រី​គេ​ធ្វើការ​ជាមួយ​គ្នា​បែប​នេះ​ដែល​ជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​។​ បើ​ខួរក្បាល​មិន​ទាន់​ឡប់​ឬ​ឆ្កួត​ទេ​គួរ​ចូល​សាលារៀន​ថែម​ទៀត​ទៅ​កុំមក​ប្រឆាំង​ខ្ញុំ​ទាំង​ឆ្កួត​លីលា​»​។​

​ការ​ផ្ដាំផ្ញើ​ពី​ចម្ងាយ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដូចនេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រជុំ​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ទី​ក្រុ​ដា​វ៉ូស​ ប្រទេស​ស្វី​ស​ហើយ​អង្គការ​ Global​ Witness​ ក៏​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ក្បែរ​ប្រទេស​ស្វិ​ស​នេះ​ដែរ​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
លោក​ គឹម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ​ គិត​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ អាច​ខុស​ច្រើន​ ជាងគេ​សរសើរ​។​ លោក​ថា​ មិន​គួរ​ចងការ​សងសឹក​ជាមួយ​អង្គការ​នេះ​ទេ​។​

លោក គឹម សុខ ៖ « ជាធម្មតា កាលណាយើងជាមេដឹកនាំល្អ ចំពោះប្រទេសជាតិមួយហើយយើងគិតអំពីផលប្រយោជន៍ប្រទេសជាតិ គេមិនដែលឈ្លោះនិងអង្គការសហប្រជាជាតិ និងប្រទេសផ្សេងៗទៀតទេ បើទោះបីជាមានការចោទប្រកាន់មកលើយើងប៉ុណ្ណាក៏ដោយ ចំនុចដែលសំខាន់បំផុតប្រទេសយើងតូចចឹង គឺ ការបកស្រាយបំភ្លឺ បកស្រាយឲ្យគេដឹងថា យើងគ្មានកំហុសមក កំហុសនិងកើតឡើងដោយសារអី គ្លបប៊លវីនេស ខុសត្រង់ណា  ហើយប្រសិនបើយើងបកស្រាយទៅហើយ យើងការពារអ្វីដែលជាការពិតរបស់យើងថា យើងមិនមែនកំហុសហើយ គេនៅតែមួលបង្កាច់តាមផែនការរបស់គេ យើងប្ដឹងទៅ យើងមានប្រព័ន្ធតុលាការ ប្ដឹងត្រឹមត្រូវតាស៎»។

​រឿងរ៉ាវ​ជាមួយ​ អង្គការ​អន្តរជាតិ​នេះ​ គេ​សង្កេត​ឃើញ​កើតឡើង​ តាំងពី​ជាង​មួយ​ទស​វត្ស​មក​ហើយ​។​ បន្ទាប់​ពី​អង្គការ​នេះ​ចេញ​របាយការណ៍​និយាយ​ពី​វិនាសកម្ម​ព្រៃឈើ​ នៅ​កម្ពុជា​ដែល​ជា​ទ​ង្វើ​របស់​មន្ត្រីជាន់ខ្ពស់​និង​ឧត្តមសេនីយ​កម្ពុជា​  រដ្ឋាភិបាល​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​លែងអោយ​អង្គការ​នេះ​ មាន​ការិយាល័យ​ធ្វើការ​នៅ​កម្ពុជា​ទៀត​ឡើយ​។​

​ដោយសារ​រឿង​នេះ​ គេ​ឃើញ​អង្គការ​អន្តរជាតិ​នេះ​កាន់តែ​វាយប្រហារ​លើ​ មេដឹកនាំ​កម្ពុជា​ ខ្លាំង​ជាង​មុន​ ហើយ​ជា​ពិសេស​ លើស​ម្ដេច​នាយក​រដ្ឋមន្ត្រី​។​ ទាំងនេះ​ទំនងជា​ការ​ផ្ដើម​អោយ​មាន​កំហឹង​ ទើប​មានការ​ប្រតិកម្ម​បែប​នេះ​៕

 

Share

ព័ត៌មានទាក់ទង

Image