ប្រធានាធិបតីប្រទេសសី្វស លោកស្រី Doris Leuthard នឹងជួយដល់ផ្នែកទេសចរណ៍កម្ពុជាឱ្យ មានការរីកចំរើនបន្ថែមទៀត តាមរយៈការជំរុញឲ្យភ្ញៀវទេសចរណ៍ស្វីស មកទស្សនានៅកម្ពុជាអោយបានច្រើន។ការថ្លែងរបស់ លោកស្រី Doris Leuthard ដូចនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីមួយ ជាមួយនិងសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅប្រទេសស្វីស កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ម្សិលមិញ នេះ។
ក្រៅពីការជំរុញឱ្យទេសចរណ៍ស្វីសមកទស្សនាកម្ពុជាអោយបានច្រើនឡើងនោះ ប្រទេសស្វីសក៏នឹងបន្តជួយពង្រឹងដល់សន្តិសុខស្បៀងនៅកម្ពុជាផងដែរ។ នេះបើតាម ទំព័រហ្វេសប៊ុករបស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះ។
សម្ដេច ហ៊ុន សែន បានលើកឡើងដូចនេះ ៖ «លោកស្រី (Doris Leuthard) នឹង ជំរុញទេសចរណ៍ស្វីសអោយទៅទស្សនាកម្ពុជាអោយបានច្រើនឡើងថែមទៀត។ ប្រទេសស្វីសនឹងបន្តជួយក្នុងការពង្រឹងសន្តិសុខស្បៀង ដល់កសិករ ដោយជំរុញអោយកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ»។
បើតាមហ្វេសប៊ុករបស់សម្ដេច ដដែល នៅក្នុងកិច្ចពិភាក្សាទ្វេភាគីកាលពីរសៀលថ្ងៃពុធ ទី១៩ មករា ម្សិល មិញ រវាងសម្ដេច និងលោកស្រី ប្រធានាធិបតីស្វីស ក៏បានពង្រឹងនូវចំណងមិត្តភាព សហប្រតិបត្តិការល្អប្រសើរទ្វេឡើង ដែលនាំមកនូវផល ប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕