en     km
en     km

ប្រធាន​គណៈមេធាវី​ថ្មី​ ប្តេជ្ញា​ពង្រឹងសមត្ថភាព​មេធាវី​ តែ​មេធាវី​បក្ស​ប្រឆាំង​ថា​គួរ​គិត​រឿង​សិ​ទិ្ធ​មេធាវី​ខ្លះ​ផង​

Share

​ភ្នំពេញ​៖​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្តេជ្ញា​ធ្វើការ​ពង្រឹងសមត្ថភាព​មេធាវី​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​មានការ​គោរព​ក្រមសីលធម៌​ វិជ្ជាជីវៈ​ មេធាវី​ឲ្យ​បាន​ប្រសើរ​ឡើង​។​ តែ​មេធាវី​ការពារ​ក្ដី​ឱ្យ​បក្ស​ប្រឆាំង​ថា​ គេ​ត្រូវ​ជួយ​ឱ្យ​មេធាវី​មាន​សិទ្ធិ​ ក្នុង​ការ​ឡើង​តទល់​ក្ដី​ ជា​ពិសេស​ ក្នុង​សំណុំរឿង​នយោបាយ​ ។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

ពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិចាស់ទៅប្រធានគណៈមេធាវីអាណត្តិថ្មី
ពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិចាស់ទៅប្រធានគណៈមេធាវីអាណត្តិថ្មី
ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​ សម្រាប់​អាណត្តិ​ទី​ ១១​ លោក​ សួន​ វិសាល​ ត្រូវ​បាន​ប្រកាស​ឱ្យ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៩​ ខែ​ មក​រា​។​ ប្រធាន​គណៈមេធាវី​ នេះ​បាន​ ប្តេជ្ញា​ពង្រឹងសមត្ថភាព​ក្រមសីលធម៌​ វិជ្ជាជីវៈ​ និង​ប្តេជ្ញា​ការពារ​មេធាវី​គ្រប់​រូប​នៅ​ពេល​ជួប​បញ្ហា​ក្នុង​ការ​បំពេញការងារ​ការពារ​រឿង​ក្តី​ របស់​ពួក​គាត់​។​ លោក​ សួន​ វិសាល​ បាន​ទទួលស្គាល់​ថា​ ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី​រង​ការ​រិះគន់​ខ្លះ​ ក៏​ប៉ុន្តែ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ កែ​លម្អរ​ចំណុច​ខ្វះខាត​ទាំងនោះ​។​

​លោក​ សួន​ វិសាល​៖«​ដើម្បី​ពង្រឹង​មេធាវី​យើង​ត្រូវ​ជម្រុញ​ឲ្យ​ចៅក្រម​ គោរព​ច្បាប់​ឲ្យ​បាន​ច្រើន​បំផុត​ អ​ញ្ចឹ​ង​យើង​បង្កើត​វិធីសាស្ត្រ​តាម​រយៈ​ចំនុច​ទី​១​ យើង​ពង្រឹងសមត្ថភាព​មេធាវី​ឲ្យ​បាន​ល្អ​ប្រសើរ​ ចេះ​ច្រើន​ ទី​២​គឺ​យើង​ជម្រុញ​ឲ្យ​មេធាវី​ប្រើប្រាស់​សិទ្ធិ​ ឲ្យ​បាន​ពេញលេញ​ ប្រសិនបើ​បញ្ហា​អ្វី​គណៈមេធាវី​នឹង​ជួយ​ការពារ​ដល់​គេ​ ធ្វើ​របៀប​នេះ​គឺថា​ គេ​អាច​ឲ្យ​អ្នក​អនុវត្តន៍​ច្បាប់​អនុវត្តន៍​បាន​ល្អ​ប្រសើរ​»​។​

​ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ធ្វើការ​ផ្នែក​ច្បាប់​ លោក​ អំ​ សំអាត​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​សួន​វិសាល​ក្នុង​ការ​ពង្រឹងសមត្ថភាព​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី​។​ លោក​ អំ​ សំអាត​ សង្កេត​ឃើញ​ថា​ ក្រមសីលធម៌​វិជ្ជា​ ជីវៈ​មេធាវី​នៅ​មាន​កម្រិត​ និង​មាន​បញ្ហា​ប្រឈម​ខ្លះ​ក្នុង​ពេល​បំពេញការងារ​ការពារ​ក្តី​។​ ទោះបី​យ៉ាងនេះ​ក្តី​លោក​ អំ​ សំអាត​ រំពឹង​ថា​ ប្រធាន​គណៈមេធាវី​ថី្ម​នឹង​អាច​ពង្រឹងសមត្ថភាព​ក្រមសីលធម៌​វិជ្ជាជីវៈ​មេធាវី​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។​

​លោក​ អំ​ សំអាត​៖«​ខ្ញុំ​គិត​ថា​ ប្រធាន​គណៈមេធាវី​ថ្មី​ លោក​ សួន​ វិសាល​ នឹង​អាច​ជួយ​សម្រួល​ និង​កែប្រែ​ នៅ​ការ​ប្រកប​វិជ្ជាជីវៈ​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​ ដើម្បី​ជួយ​ទៅ​ដល់​កូនក្តី​របស់​ខ្លួន​»​។​

​ដូច​គ្នា​នេះ​ដែរ​លោក​ ហុង​ គឹ​ម​សួន​ មេធាវី​សាលាក្តី​ខ្មែរក្រហម​ ក៏​បាន​គាំទ្រ​ វិធីសាស្ត្រ​របស់​ប្រធាន​គណៈមេធាវី​ថ្មី​ លោក​ សួន​ វិសាល​ ដែល​មាន​បំណង​ចង់​ពង្រឹងសមត្ថភាព​ក្រមសីលធម៌​វី​ជ្ជា​ជិ​វៈ​របស់​មេធាវី​។​លោក​ថា​ មេធាវី​ ត្រូវ​តែ​គោរព​ក្រមសីលធម៌​វី​ជ្ជា​ជិ​វៈ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោក​ ហុង​ គឹ​ម​សួន​៖«​ពាក្យ​ថា​ពង្រឹងសមត្ថភាព​គឺ​មេធាវី​ត្រូវ​តែ​មានចំណេះ​ដឹង​ផ្លូវច្បាប់​ឲ្យ​បាន​ខ្លាំង​ ឲ្យ​ច្រើន​បញ្ហា​និង​ការ​ប្តេជ្ញា​របស់​គាត់​គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះ​កាលណា​មេធាវី​ធ្វើ​របៀប​អាង​ខ្សែរ​មិនមែន​ទៅ​តាម​ផ្លូវច្បាប់​ទេ​»​។​

​ដោយឡែក​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ឲ្យ​គណបក្សប្រឆាំង​ សង្កេត​ឃើញ​ថា​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួយ​សម្រួល​ដល់​កិច្ចការ​មេធាវី​បាន​ខ្លះ​ដូច​ជា​ ការ​ផ្តល់​មេធាវី​ជួយ​ការពារ​មេធាវី​នៅ​ពេល​មានរឿង​ក្តីក្តាំ​ង​ និង​ផ្តល់​ប្រឹក្សា​ផ្លូវច្បាប់​ជាដើម​។​ ក៏​ប៉ុន្តែ​លោក​ថា​ បញ្ហា​មួយ​ចំនួន​គណៈមេធាវី​មិន​ទាន់​បាន​ជួយ​សម្រួល​ដល់​កិច្ចការ​មេធាវី​ ក្នុង​ការ​ ការពារ​ក្តី​មិន​បាន​ពេញលេញ​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​រឿង​ក្ដី​ពាក់ព័ន្ធ​រឿង​នយោបាយ​ គឺ​មេធាវី​ពុំ​សូវ​មាន​សិទ្ធិ​ច្រើន​ឡើយ​។​

​លោក​ សំ​ សុ​គង់​៖«​ឃើញ​ថា​ ទាក់ទង​ទៅ​រឿង​ធំៗ​ រឿង​ទាក់ទង​ទៅ​និង​នយោបាយ​ យើង​ឃើញ​ថា​ នីតិវិធី​មានការ​ដើរទៅ​រលូន​ ក៏​ប៉ុន្តែ​នៅ​ពេល​យើង​ចូលរួម​សវនាការ​ ឬ​មានការ​សួរ​ដេញដោល​ទៅ​ពេល​ខ្លះ​ក៏​មានការ​លំបាក​ដែរ​ ដោយសារ​មេធាវី​ការពារ​មិនសូវ​មាន​សិទ្ធិ​គ្រប់គ្រាន់​តតាំង​ ឬ​ក៏​ក្នុង​ការពារ​ និង​ចំនុច​មួយទៀត​នៅ​ពេល​មេធាវី​ដាក់​ភស្តុ​តាំង​ គ្រប់​ទាំង​អស់ហើយ​ ប៉ុន្តែ​សេចក្តីសម្រេច​មិន​មានការ​យោង​ភស្តុ​តាំងរបស់​មេធាវី​ការពារ​ទេ​ ទៅ​ជា​ចំណុច​ផ្សេង​ទៅ​វិញ​»​។​

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ដើម​ទស​វត្ស​១៩៩០​។​ បច្ចុប្បន្ន​នេះ​ គណៈមេធាវី​កម្ពុជា​មាន​មេធាវី​សរុប​ ជាង​១០០០​នាក់​។​ ក្នុង​ចំណោម​នេះ​ មាន​មេធាវី​ ខ្លះ​មាន​តែ​ឈ្មោះ​។​ មេធាវី​នេះ​ មិន​បំពេញ​វិជ្ជាជីវៈ​ខ្លួន​ទេ​ ៕

Share

ព័ត៌មានទាក់ទង

Image