ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ មានប្រសាសន៍ថា ព្រៃទ្បង់ ក៏ដូចជាព្រៃឈើផ្សេងៗទៀតនៅកម្ពុជានៅតែទទួលរងការកាប់បំផ្លាញ ពីជនទុច្ចរឹត តែការកាប់បំផ្លាញនេះមានកម្រិតតិចតួចបំផុត។
ការលើកទ្បើងរបស់លោករដ្ឋមន្ត្រី ដូចនេះធ្វើទ្បើងក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងសន្និសីទនេះលោក សាយ សំអាល់ ពន្យលថា ព្រៃទ្បង់ ក៏ដូចជាព្រៃឈើផ្សេងៗទៀតនៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិត មនុស្ស និងសត្វ ព្រោះព្រៃឈើមិនត្រឹមតែជាជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុបានថែមទៀតផង។
តែលោកទទួលស្គាល់ថា ទោះបីជាព្រៃទ្បង់ដាក់ក្នុងតំបន់ព្រៃការពារយ៉ាងណាក៏ដោយ តែព្រៃនេះនៅរងការកាប់បំផ្លាញនៅទ្បើយ។ លោកសាយ សំអាល់ ៖«បញ្ហាប្រឈមវានៅដដែលទេទាក់ទងនឹងការលួចកាប់ឈើ ការលួចកាប់ឈើនេះ។សូមជំរាបជូនដែរថាយើងបានបង្ក្រាបទ្រង់ទ្រាយធំក៏ប៉ុន្តែឥឡូវស្ថិតនៅក្នុងចង្វាក់កណ្តាលដែលយើងត្រូវតាមដានត្រួតពិនិត្យឱ្យបានម៉ត់ចត់តាមដេប៉ូឈើ»។
ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាកំពុងតែរងការរិៈគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល ក៏ដូចជាប្រជាសហគមន៍ដែលធ្វើការពាក់ព័ន្ធទៅលើបរិស្ថានលើកឡើងថា ទោះបីជាមានព្រៃឈើមួយចំនួនបានដាក់ជាតំបន់ការពារយ៉ាងណាក៏ដោយ ក៏នៅតែមានជនទុច្ចរិតអាចចូលលួចកាប់ព្រៃទាំងនោះបានដដែរ។
បញ្ហានេះរដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោះស្រាយពីបញ្ហានេះ។
ក្នុងសន្និសីទនេះលោករដ្ឋមន្ត្រីក៏បាន ច្រានចោលរបាយការណ៍របស់ អង្គការអន្តរជាតិ Nasa ដែលអង្គការនេះ ថាព្រៃឈើនៅកម្ពុជា ត្រូវបានបំផ្លាញយ៉ាងលឿនរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។ លោករដ្ឋមន្ត្រីចាត់ទុករបាយការណ៍របស់អង្គការនេះ ថាមិនមានភាពជាក់លាក់ឡើយ ៕