ភ្នំពេញ៖មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរ ក្រហម បានប្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ២ នៅខេត្តព្រៃវែងថា ការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហមគឺជាគុណប្រយោជន៍មួយក្នុងការផ្ដល់យុត្តិធម៌ជនរងគ្រោះ។
លោក នេត្រ ភក្ត្រា បានថ្លែងដូចនេះទៅកាន់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចំនួនជាង ១០០០នាក់នៅវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យចម្រើនវិជ្ជា ទីរួមខេត្តព្រៃវែងកាលពីថ្ងៃពុធទី១៨ មករា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះលោកបាន បញ្ជាក់ថា ការសិក្សា និងស្វែងយល់ពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយ ដែលកើតមិនទាន់របបខ្មែរក្រហម និងជនរងគ្រោះក្នុងរបបខ្មែរក្រហម។ លោកថា ការជំនុំជម្រះក្តីនេះជួយដល់ជនរងគ្រោះកម្ពុជាក្នុងការផ្សះផ្សាផ្លូវចិត្ត និងផ្សះផ្សាជាតិ ព្រមទាំងពង្រឹងនីតិរដ្ឋ និងសន្តិភាពនៅកម្ពុជាផងដែរ។
ក្នុងរយៈពេលជិតពីរម៉ោង លោក នេត្រ ភក្ត្រា បានលើកឡើងអំពីប្រវត្តិនៃការបង្កើតសាលាក្តីខ្មែរក្រហមដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
អំឡុងពេលនោះ ប្រជាពលរដ្ឋចន្លោះ ១លាន៧សែននាក់ ទៅ២លាន២សែននាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើទារុណកម្ម សម្លាប់ ការអត់អាហារ ការគ្មានថ្នាំសង្កូវព្យាបាល និងដោយអំពើអមនុស្សធម៌ផ្សេងៗទៀត។
មន្ត្រីនាំពាក្យដដែលបាន បញ្ជាក់ទៀតថាសាលាក្តី ដែលបង្កើតឡើងនេះមិនធ្វើការជំនុំជម្រះក្តីលើអតីតខ្មែរក្រហមទាំងអស់នោះទេ គឺជំនុំជម្រះក្តីតែទៅលើជនសង្ស័យពីរជំពូកតែប៉ុណ្ណោះ គឺ៖ ទី១ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជា ធិបតេយ្យ និងទី២អ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានដំណើរការរយៈពេលជាង ១០ឆ្នាំមកហើយ ដោយសម្រេចបាននូវកិច្ចការជាច្រើនក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌។ សាលាក្តីនេះ បានបិទបញ្ចប់ ការជំនុំជម្រះក្តីលើអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ក្នុងសំណុំរឿង០០១ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសរបស់ខ្លួននៅមន្ទីរឃុំឃាំងខេត្តកណ្តាល។ រីឯសំណុំរឿង០០២/០១ កាត់ក្ដីលើអតីតមេដឹកនាំ លោក នួន ជា និងលោក ខៀវ សំផន ក៏បានបិទបញ្ចប់ដែរ។ ពួកគាត់ត្រូវបានកាត់ទោសអស់មួយជីវិត ក្នុងសំណុំរឿង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធការជន្លៀសប្រជាជនដោយបង្ខំ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ទៀតថា បច្ចុប្បន្ន អង្គជំនុំជម្រះ បានបញ្ចប់សវនការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង០០២/០២ ដោយរង់ចាំតែថ្ងៃប្រកាសសេចក្ដីសន្និដ្ឋាននិងឈានដល់ការប្រកាសសាលក្រមប៉ុណ្ណោះ។
ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានអនុញ្ញាតឱ្យមានការសួរឆ្លើយជុំវិញដំណើរការតុលាការខឲរបស់សាលាក្ដីពិសេសនេះ។
ក្នុងឱកាសនោះសិស្សានុសិស្សបានចូលរួមយ៉ាងផុសផុលនិងក៏មានការចែកជូនសៀវភៅណែនាំអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការជូនដល់សិស្សានុសិស្សដែរ។ នៅថ្ងៃទី១៩ ខែមករា សិស្សានុសិស្ស ៣៥០ នាក់នឹងធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម សារៈមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងបឹងជើងឯក។
លោក នេត្រ ភក្ត្រាបានឲ្យដឹងថា ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម នឹងបន្តសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីការចងចាំ និងការចូលរួមរបស់សាធារណជនក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ព្រោះការជំនុំជម្រះក្តីនេះជារបស់យើងទាំងអស់គ្នា។
ក្រោមការរៀបចំរបស់ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សិស្សានុ សិស្សជាង ៣០០នាក់មកពីវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែងបានធ្វើទស្សន កិច្ចសិក្សាស្វែងយល់ពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯក។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបន្ថែមថា ដំណើរទស្សនកិច្ចរបស់សិស្សានុ សិស្សនាពេលនេះធ្វើឡើងដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងពិនិត្យមើលទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលបន្សល់ទុកពីរបបអាវខ្មៅនេះ និងការចងចាំរឿងរ៉ាវអតីតកាលដ៏ខ្លោចផ្សា៕