ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ មករានេះទៅ គ.ជ.ប នឹងដោះស្រាយបណ្តឹងដែលទាក់ទងនឹងអង្គច្បាប់ តាមរយៈសវនាការសង្ខេប ។ បណ្តឹងដែលត្រូវដោះស្រាយដំបូងតាមរយៈនីតិវិធីថ្មីនេះ មានចំនួន ២៣ ពាក្យបណ្ដឹង។
ការប្តូរមកនីតិវិធីថ្មីនេះ ត្រូវបានលោក មាន សទិ សមាជិក គ.ជ.ប បញ្ជាក់ក្នុងសន្និសីទកាសែត ថា ដោយសារក្នុងរយៈពេលបីថ្ងៃនេះ បណ្តឹងភាគច្រើនជាបណ្តឹងទាក់ទងនឹងអង្គច្បាប់ ហើយ គ.ជ.ប គ្មានពេលគ្រប់គ្រាន់សម្រាប់ដោះស្រាយនោះទេ។
ការដោះដូរនីតិវិធីនេះ បន្ទាប់ពី គ.ជ.ប បានបើកសវនការរយៈពេល ៣ ថ្ងៃមកនេះ ដោយប្រើពេលវេលា ជាង ១៥ម៉ោង ទើបធ្វើសេចក្ដីសម្រេចដោយធ្វើឱ្យមានការធុញថប់ ទាំងអ្នកសង្កេតការណ៍ ភាគីពាក់ព័ន្ធទាំងអស់ ។ តែយ៉ាងណា ប្រសិនបើបណ្ដឹងនោះទាក់ទងអង្គហេតុគឺ គ.ជ.ប នឹងដោះស្រាយតាមរយៈសវនាការសាធារណៈ។
លោក មាន សទិ សមាជិក គ.ជ.ប បានពន្យលថា ហេតុផលដែល គ.ជ.ប សម្រេចផ្លាស់ប្តូរនីតិវិធីនេះ ដោយសារពេលវេលាខ្លី។ មួយវិញទៀតសាធារណជន និងដើមបណ្តឹង ឬតំណាងដើមបណ្តឹងដែលមកចូលរួមស្តាប់សវនាការ មានចំនួនតិច ហើយថ្ងៃខ្លះសឹងតែពុំមានទៀតផង។ លោក មាន សទិ៖«ដើម្បីប្តូរយន្តការហ្នឹង យើងបានពិនិត្យទៅលើបទបញ្ជា និងនីតិវិធីដែលយើងបានដាក់កន្លងមកជូនគ្រប់ភាគីពាក់ព័ន្ធ ហើយភាគីព័ន្ធគាត់បានយល់ព្រមទៅតាមនីតិវិធីដែលយើងបានដាក់ជូនគាត់។ អំពីរបៀបដោះស្រាយបណ្តឹង»។
ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដោះស្រាយពាក្យបណ្តឹង ចំនួន ៣៩ បណ្តឹង ក្នុងចំណោមបណ្តឹងសរុប ១៤៨ បណ្តឹង ដែលបានប្តឹងតវ៉ាមកកាន់ គ.ជ.ប។ ចំណែកនៅថ្ងៃទី ១៩ នេះ គ.ជ ប បន្តដោះស្រាយ ២៣ បណ្ដឹងទៀត ។ លោក មាន សទិ បញ្ជាក់ថា បន្ទាប់ពីធ្វើសវនការសង្ខេបរួច គ.ជ.បនឹងប្រគល់ជូនភាគីបណ្តឹងនូវសចក្តីសម្រេច ដែលក្នុងសេចក្តីសម្រេចនោះនឹងបញ្ជាក់ពីហេតុផលច្បាស់លាស់ ថាគួររក្សាទុក ឬលុបឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត។
ជុំវិញការប្តូរនិតិវិធីនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច មានប្រសាសន៍ថា លោកមិនយល់ស្របចំពោះការប្តូរនីតិរបស់ គ.ជ.ប នោះទេ។ លោកថា ការប្តូរនីតិវិធីរបស់ គ.ជ.ប នឹងអាចប៉ះពាល់ដល់តម្លាភាពនៃការដោះស្រាយ។ លោក សំ គន្ធាមី ៖«មិនគួរធ្វើអញ្ចឹងទេ មិនប្រកាសបង្វិលសវការសាធារណៈ ទៅសវនការបិទទ្វារទេ ហេតុថា ពេលវេលា ពេលវេលាខ្លី ស្អីៗហ្នឹង ខ្ញុំអត់អាចទទួលយកបាន ពេលវេលាទោះ ជាបើសាធារណៈវាអាស្រ័យទៅលើសមាជិកគ.ជ.ប ធ្វើការដោះស្រាយទេ វាអត់មានពាក់ព័ន្ធ ទោះបិទទ្វា ដោះស្រាយលឿន លឿនដូចគ្នា សាធារ ណៈលឿន លឿនដូចគ្នាទេ»។
គិតមកដល់ល្ងាចថ្ងៃទី ១៨ កមរា គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន ១២៨ បណ្តឹង ក្នុងនោះបណ្តឹងសុំឱ្យលុបឈ្មោះមាន ១២៥ បណ្តឹង ដែលគិតជាចំនួនមនុស្សមានចំនួន ១៩៩២ នាក់ បណ្តឹងសុំឱ្យរក្សឈ្មោះមាន ២ បណ្តឹងស្មើនឹង ២០ នាក់ និងប្តឹងឱ្យផ្តន្ទាទោស មាន ១ បណ្តឹង។
បណ្តឹងដែលសុំឱ្យលុបឈ្មោះជនដែលគេសង្ស័យថាជាជនជាតិវៀតណាម ដែលបានដោះស្រាយរួចគឺ គ.ជ.ប សម្រេចរក្សាទុកឈ្មោះទាំងអស់៕