ល្បែងនយោបាយឆ្មាចាប់កណ្ដុរដែលសម្ដែងដោយជនផ្ដាច់ការ Yahya Jammeh កាន់តែជក់ចិត្ដដិតអារម្មណ៍ដោយសារតែតួអង្គ Jammeh មិនព្រមចាកចេញពីវិមានប្រធានាធិបតីទៅតាមការដាក់កំណត់ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះទេ។
រឿងរ៉ាវនេះបាននាំឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង ពីការផ្ទុះសង្គ្រាមព្រោះតែកងទ័ពសហភាពអាហ្វ្រិកដឹកនាំដោយប្រទេស ហ្សេណេហ្គាល់ បានដាក់ឱសានវាទ ចូលលុកលុយប្រទេសGambia នៅម៉ោង ១២យប់ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់លោក Jammeh ចេញពីវិមានប្រធានាធិបតី ហើយប្រគល់អំណាចទៅឲ្យបេក្ខជនឈ្នះឆ្នោតប្រធានាធិបតីគឺលោក Adama Barrow។
ល្បែងនយោបាយ ឆ្មាចាប់កណ្ដុរភាគទី៦ដែលលោកJammeh ជាតួឯកនេះ កាន់តែបង្ហាញពី ភាពងាយគ្រោះថ្នាក់របស់ជនផ្ដាច់ការនេះកាន់តែជិតចូលមកដល់។ សូមស្ដាប់ លោក នួនបូរិន ជូនសេចក្តីរាយការណ៌៖
សកម្មភាពកងទ័ពសហភាពអាហ្វ្រិកដាក់ពង្រាយតាមព្រំដែន Gambia
រដ្ឋាភិបាលហ្សេណេហ្គាល់ បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ព្រំដែនជាប់ប្រទេស Gambia រួចហើយ ដែលជាការបង្ខំឱ្យប្រធានាធិបតីចាញ់ឆ្នោតលោក Yahya Jammeh យល់ព្រមចុះចេញពីមុខតំណែងដោយខ្លួនឯង។ កងទ័ពនេះដឹកនាំដោយប្រទេសហ្សេណេហ្គាល់ ដោយមានការគាំទ្រពី ប្រទេសនីហ្សេរីយ៉ា និងបណ្ដារដ្ឋដ៏ទៃទៀតនៅក្នុងតំបន់។
អ្នកនាំពាក្យកងទ័ពហ្សេណេហ្គាល់ លោក Abdou Ndiaye និយាយថាប្រធានាធិបតីGambia លោក Jammeh ត្រូវចុះចេញពីដំណែង ហើយត្រូវប្រគល់ទៅឱ្យលោក Adama Barrow ដែលជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត កាលពីខែធ្នូ ឆ្នាំ២០១៦។
ចំណែកអ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ា បានបញ្ជាក់ថា លោក Adama Barrow បានត្រៀមខ្លួនរួចហើយ ដើម្បីចូលស្បថកាន់តំណែង ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត នៅថ្ងៃព្រហស្បតិ៍នេះ។អ្នកនាំពាក្យកងទ័ពហ្សេណេហ្គាល់ លោក Abdou Ndiaye និយាយថានៅម៉ោង១២យប់នេះ គឺជាពេលផុតឱសានវាទ កងទ័ពនឹងចូលលុកលុយប្រទេស Gambia ចាប់ខ្លួនលោក Jammeh ចេញពីវិមានប្រធានាធិបតី។
លោក Abdou Ndiaye៖«យើងបានត្រៀមរួចជាស្រេច ព្រោះដំណោះស្រាយ នយោបាយការទួត បានបរាជ័យហើយដែរ។ យើងនឹងឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដី Gambia នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍នេះ។
តាមសេចក្ដីរាយការណ៍ កងទ័ពជើងអាកាសរបស់ប្រទេស នីហ្សេរីយ៉ា បានដាក់ពង្រាយ យន្តហោះ និង ឧទ្ធម្ភាកចក្រ ជាច្រើនខណៈ កងទ័ពហ្សេណេហ្គាល់និងកងទ័ពប្រទេសអាហ្វ្រិក ដទៃទៀតក៏បានទៅដល់ព្រំដែនប្រទេស Gambia ដែរ។
មេបញ្ជាការកងទ័ព Gambia បញ្ជាឱ្យកងទ័ពកុំចេញពីបន្ទាយ
មេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ Ousman Badjie នៃប្រទេស Gambia បាបបញ្ជាឲ្យកងទ័ពស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ហើយស្ថិតក្នុងបន្ទាយរបស់កងទ័ពទាំងអស់ ដែលលោកថា លោកមិនឲ្យពាក់ព័ន្ធនឹងរឿងនេះទេ។ លោកឧត្ដមសេនីយ៍ Ousman Badjie បានបញ្ជាក់ថា លោកមិនចង់បង្ហូរឈាមកងទ័ពរបស់លោកនោះទេ ហើយរឿងនេះគួរតែដោះស្រាយដោយសន្ដិវិធី។ យ៉ាងណាក៏ដោយមេបញ្ជាការកងទ័ពរូបនេះ មិនបានថ្កោលទោសឬគាំទ្រចលនាទ័ពរបស់សហភាពអាហ្វ្រិកនោះទេ។
ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បើកភ្លើងខៀវឱ្យចាប់ខ្លួនលោក Jammeh
ក្នុងកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញដំណោះស្រាយមួយ ដោយបញ្ចប់វិបត្តិនយោបាយនៅប្រទេស Gambia ហើយបង្ខំអោយលោក Jammeh ចាកចេញពីតំណែង។
តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានស្រង់មកចុះផ្សាយដោយព័ត៌មានបរទេស បានឱ្យដឹងថា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានគាំទ្រឲ្យកងទ័ពសហភាពអាហ្វ្រិក ចូលអន្ដរាគមន៍ដើម្បីបញ្ចប់អំណាចរបស់លោក Jammeh ។
ប្រទេសហ្សេនេហ្គាល់ បើកជំរុំសម្រាប់ជនភៀសសឹក
ស្របពេលកងទ័ព សហភាពអាហ្វ្រិកត្រៀមបើកក្បួនសឹកចូលប្រទេស Gambia ប្រទេសហ្សេនេហ្គាល់ បានបើកជំរុំសម្រាប់ជនភៀសខ្លួនមកពីប្រទេស Gambia ដែលតាមសេចក្ដីរាយការណ៍ ប្រជាជន ៥ពាន់នាក់ បានទៅដល់ជំរុំនោះហើយ។ នៅពេលជាមួយគ្នានេះ ជនបរទេសទាំងអស់ក៏បានរត់ចេញពីប្រទេសនេះដែរ។ បើព្រឹត្តិការណ៍នេះ ពិតជាកើតមែននោះ គឺ សង្គ្រាមបង្ហូរឈាមក៏នឹងកើតឡើងដែរ ប៉ុន្ដែអ្នកសង្កេតការណ៍គិតថា អ្នកផ្ដើមឲ្យមានសង្គ្រាម មានតែម្នាក់គត់ គឺ ជនផ្ដាច់ការ Jammeh។
លោក Yahya Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតី Gambia ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤ មក។ ការគ្រប់គ្រងរបស់លោកពោរពេញដោយ ការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ៕