ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានចេញសេចក្តីបំភ្លឺ ឆ្លើយតបទៅនឹងគេហៈទំព័រសារព័ត៌មានក្នុងស្រុកមួយ ដែលបានដកស្រង់សំដីសកម្មជនដីធ្លីនៅពេលតវ៉ាមួយ ដែលបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប តាមការសន្យា។
នៅក្នុងសេចក្តីបំភ្លឺ បានបញ្ជាក់ថា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំធ្លាប់បានសន្យាថា នឹងដោះលែងអតីតការពារសិទ្ធិមនុស្ស ៥ រូប ដែលពាក់ព័ន្ធករណីបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលសង្ស័យថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា នោះទេ។
សេចក្តីបំភ្លឺរបស់សម្តេច ស ខេង៖«បើតាមខ្ញុំដឹង ពុំមែនមានន័យថាជាការសន្យាទេ ម្យ៉ាងវិញទៀតនីតិវិធីតុលាការពុំទាន់ចប់ ដូចនេះពុំដឹងថា អ្នកទាំងអស់នោះមានទោស ឬអត់»។
ទោះបីជាយ៉ាងនេះក្តី គេសង្កេតឃើញថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង លោកមេឃុំ ស៊ាង ចេត មកពីគណបក្សប្រឆាំងគឺជាករណីដូចគ្នា ទៅនិងករណីអ្នកការពារសិទ្ធិមនុស្សដែរ ហើយពួកគាត់ត្រូវបានដោះលែងតាមសំណើររបស់នាយករដ្ឋមន្ត្រី ថ្វាយលិខិតព្រះមហាក្សត្រ សុំលើកលែងទោស កាលពីថ្ងៃទី៨ធ្នូឆ្នាំ២០១៦៕