ភ្នំពេញ៖ គណបក្សនយោបាយថ្មីចំនួន២ទៀត នៅកម្ពុជា គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សយុត្តិធម៌ជាតិខ្មែរសង្ឃឹមថា នឹងមានសំឡេងរាប់នឹងគេក្នុងការបោះឆ្នោតខាងមុខ។ ការសង្ឃឹមនេះបានមកពីគោលនយោបាយ របស់បក្សទាំង២និយាយពីបញ្ហាជាតិនិងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៏នៅកម្ពុជា។
ការលើកទ្បើងដូចនេះធ្វើឡើងក្នុងពិធី«ចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ »ព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វេ។
ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ កាន់តែខិតជិតមកដល់គណបក្សនយោបាយ ដែលត្រៀមចូលរួមប្រកួតប្រជែង គឺគណបក្សខ្មែររួបរួមជាតិនិងគណបក្សយុត្តិធម៌ជាតិខ្មែរ បង្ហាញក្កីសង្ឃឹមថានឹងអាចទាញយកសន្លឹកឆ្នោតពី ប្រជាពលរដ្ឋបានច្រើនតាមរយៈការបង្កើតសម្ព័ន្ធភាពជាមួយគ្នា។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៏ថា ការចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ រវាងបក្សទាំង២ គឺដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាឈានទៅរកការរួមគ្នាតែមួយក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថាការបង្កើតឱ្យមានកិច្ចសហការគ្នានេះ ពុំស្ថិតក្រោមការបង្គាប់បញ្ជាពីបក្សនយោបាយណាមួយដើម្បីបំបែកសម្លេងសន្លឹកឆ្នោតបក្សណានោះទ្បើយ ផ្ទុយទៅវិញដោយសារតែលោកយល់ឃើញថា គោលនយោបាយបក្សទាំង២ ប្រហាក់ប្រហែលគ្នាក្នុងការស្វែងរក ការបម្រើផលប្រយោជន៏ជាតិជាធំ។ ករណីនេះលោកមានក្តីសង្ឃឹមថាលោកនឹងទទួលបានសន្លឹកឆ្នោតច្រើនពីប្រជាពលរដ្ឋ ។
លោក ញឹក ប៊ុនឆៃ ៖«បាទខ្ញុំសង្ឃឹមថាយើងខ្ញុំនឹងទទួលបានកៅអី អាសនៈទាំងក្រុមប្រឹក្សាឃុំ ទាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដោយហេតុថាយើងឃើញថាបរិយាកាសនយោបាយនៅកម្ពុជាយើង វាអំណោយផលឱ្យយើងខ្ញុំសំខាន់បំផុតគោលនយោបាយ អំពីគោលការណ៏ដឹកនាំជាក់ស្តែងពិតប្រាកដ មិនមែននៅលើតែបបូរមាត់ »។
ចំណែក លោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ សង្ឃឹមថាបក្សទាំង២ កាន់តែខ្លាំងក្នុងការស្វែងរកឯករាជ្យភាពពិតប្រាកដ ដោយមិនអាចឱ្យប្រទេសស្ថិតនៅក្រោមអាណានិគមប្រទេសណាមួយនោះទេ។ លោករំពឹងថាក្រោយពីចុះអនុស្សរណៈនេះរួចគណបក្សទាំងពីរនឹងអាចទទួលបានប្រជាប្រិយភាពច្រើនពីប្រជាពលរដ្ឋតាមរយៈការពង្រឹងគោលនយោបាយរបស់ខ្លួន ក្នុងការប្រឆាំងអំពើពុករលួយ និងដោះស្រាយបញ្ហាជនអន្តោប្រវេសន៏ផងដែរ។
លោក ហ៊ាង រិទ្ធី ៖«គណបក្សទាំង២ត្រូវតែរួមគ្នា ចាប់ដៃគ្នា ធ្វើកិច្ចការងារឆ្លើយតបទៅនឹងឆន្ទះរបស់ប្រជារាស្ត្រខ្មែរចង់បានឯករាជ្យភាពពិត មានបូរណភាពទឹកដីពិត ចង់មានអធិបតេយ្យពិតហើយជាពិសេសយើងនឹងរួមគ្នាខំធ្វើកិច្ចការងារជំរុញឱ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៏ និងច្បាប់សញ្ជាតូបនីយកម្មផងដែរដើម្បីឱ្យប្រជាជាតិយើងថ្ងៃមុខរុងរឿង មានឯករាជ្យភាពពិតប្រាកដ»។
ទាក់ទងនឹងការលើកទ្បើងនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៏សង្គម មានប្រសាសន៏ថា គណបក្សតូចៗដែលទើបង្កើតទ្បើងមកនេះ អាចពិបាកក្នុងការដណ្តើមយកកៅអីពីគណបក្សធំៗទាំង២។
លោក ផ្តល់ជាអនុសាសន៏ថាប្រសិនបើគណបក្សនយោបាយ ចង់បានសម្លេងឆ្នោតពីប្រជាពលរដ្ឋបានច្រើន គឺត្រូវគិតផលប្រយោជន៏ជាតិជាធំ។
លោក បណ្ឌិត មាស នី៖«ខ្ញុំចង់ឃើញអញ្ចេះបើសិនជាមានការរួបរួមគ្នារវាងគណបក្សតូចៗគេអាចចែកកន្លែងគ្នាធ្វើទៅដោយសារគណបក្សតូចៗ មិនសូវមានធនធានអីសម្បើមច្រើនដែរ កុំព្យាយាមពង្រីកវិសាលភាពនៅទូទាំងប្រទេសប៉ុន្តែត្រូវផ្តោតកន្លែងអាចយកសន្លឹកឆ្នោតបាន»។
សូមជំរាបថា កម្ពុជានឹងមានការបោះឆ្នោតសំខាន់ៗចំនួនពីរ គឺការបោះថ្នាក់ក្រោមជាតិឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។