ភ្នំពេញ ៖ សកម្មជនគណបក្សប្រឆាំង ៥ រូប ដែលត្រូវបាននាំខ្លួនមកជំនុំជម្រះនៅតុលាការកំពូលលើបណ្តឹងសារទុក្ខប្រឆាំងនឹងសាលក្រមតុលាការរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា នេះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនមានសង្ឃឹមថា នឹងមានសេរីភាពនោះទេ ព្រោះការចរចារវាងគណបក្សទាំងពីរកំពុងជាប់គាំង។ រឿងនេះបក្សកាន់អំណាចថា ជនជាប់ចោទទាំងនេះគឺជាកិច្ចការរបស់តុលាការ។
ក្នុងសម្លៀកបំពាក់អ្នកទោលពណ៌ស្លាទុំ ហើយដៃទាំង ២ ជាប់ខ្នោះផងនោះ លោក មាឃ សុវណ្ណារ៉ា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានខណៈសមត្ថកិច្ចបណ្តើរចេញពីបន្ទប់សវនាការថា លោកមិនមានជំនឿថា គេផ្ដល់សេរីភាពនោះទេ ព្រោះអ្នកនយោបាយបក្សកាន់អំណាចនៅតែក្រឡេចក្រឡុចក្នុងការចរចាជាមួយបក្សសង្គ្រោះជាតិ។
លោក មាឃ សុវណ្ណារ៉ា បន្តថា ទោសទណ្ឌដែលលោក និង សកម្មជនបក្សប្រឆាំងកំពុងទទួលរងនេះ គឺកើតចេញពីមូលហេតុរឿងនយោបាយ ដែលថា អាចចេញពីពន្ធនាគារវិញ លុះត្រាតែមានការដោះដូរ នយោបាយ។ លោក មាឃ សុវណ្ណារ៉ា៖«ខ្ញុំដូចជាគ្មានជំនឿនោះទេ ច្បាស់ណាស់ហើយរឿងនយោបាយវាត្រូវដោះដោយនយោបាយ ឥឡូវវាឈ្លោះគ្នាទៀតសូម្បីតែលោក ស ខេង និង ហ៊ុន សែន មិនទុកចិត្តគ្នាគាត់ផងហ្នឹង»។
ជំនួបចរចារវាងលោក ស ខេង និងលោក កឹម សុខា ត្រូវបានផ្លាស់ប្ដូរភ្លាមៗដោយមិនកំណត់ថ្ងៃជាក់លាក់។ ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្ដេច ស ខេង បានផ្ញើលិខិតទៅលោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សន្យាជួបគ្នាថ្ងៃទី ២៥ ខែមករា ប៉ុន្តែ សម្ដេច ស ខេង ផ្ញើលិខិតមួយច្បាប់ផ្សេងទៀតជូនដំណឹងសុំលើកពេលចរចាវិញ ដោយមិនបញ្ជាក់ពេលជួបនៅថ្ងៃណានៅឡើយទេ។
ការលើកពេលភ្លាមៗនេះ អ្នកវិភាគសន្និដ្ឋានថាអាចពីសាររបស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពីការរុះរើ តំណែងប្រធានសភាសំឡេងភាគតិចរបស់បក្សប្រឆាំង។
អ្នកវិភាគថា ប្រសិនបើបំណងធ្វើវិសោធនកម្មនេះអាចប្រព្រឹត្តទៅបានមែននោះ ច្បាស់ណាស់គឺលោក កឹម សុខា នឹងត្រូវខ្ទាតចេញពីតួនាទីជា ប្រធានក្រុមមតិភាគតិច ។ ការជាប់គាំងនេះអ្នកវិភាគយល់ថា អនាគតរបស់សកម្មជនសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងសកម្មជនគណបក្សប្រឆាំង អាចមិនមានសេរីភាពឡើងវិញនោះទេ។
មេធាវីការពារក្តីសកម្មជនទាំង ៥ រូប គឺលោក ជូង ជួងី លើកឡើងក្រោយបញ្ចប់សវនាការនៅតុលាការកំពូលថា កូនក្តីរបស់លោកទទួលរងនូវភាពយុត្តិធម៌ណាស់ទៅហើយ។ លោកថា ការកាត់សេចក្តីក្នុងបទឧក្រិដ្ឋលើកូនក្តីរបស់លោក គឺជាគំរូអាក្រក់មួយដែលនឹងអាចជះឥទ្ធិពលដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ លោក ជូង ជួងី៖« គឺបំពានច្បាប់ទាំងស្រុង ហើយធ្ងន់ធ្ងរទៀត បើអំពើខុសច្បាប់ប្រព្រឹត្តដោយរាស្ត្រសាមញ្ញា វាផ្តល់គ្រោះថ្នាក់តិចទេដល់សង្កមជាតិ ប៉ុន្តែកំហុសប្រព្រឹត្តដោយអ្នកដែលមានអំណាច តុលាការនេះ អាហ្នឹងវាធ្វើឱ្យព្យសនកម្មជះធ្ងន់ណាស់ដល់សង្គមជាតិ ហើយដែលខ្ញុំបានលើកនៅក្នុងក្រុមប្រឹក្សាហើយ ថាតើតុលាការកំពូលគិតយ៉ាងម៉េចនៅពេលដែលក្រុមប្រឹក្សាសាលាដំបូងកាត់ក្តីចេញសាលក្រមរឿងឧក្រិដ្ឋអត់មានមេធាវីបែបនេះ»។
រឿងរ៉ាវរបស់សកម្មជនប្រឆាំងប្រឆាំងអាចមិនខុសពីរឿងក្ដីអ្នកស្រី ទេព វន្នី នោះទេ ។ នៅថ្ងៃទី ១៨ មករានេះដែរ តុលាការកំពូលក៏បានបើកសវ នាការជំនុំជំរះលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ផងដែរ។ អ្នក ទេព វន្នី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងបន្ទប់រងចាំថា អ្នកស្រីគ្មានសង្ឃឹមបាននៅក្រៅឃុំនោះទេ ព្រោះស្ថានភាពនយោបាយបានឡើងកម្តៅវិញ ហើយអ្នកនយោបាយកំពុងរកច្រកចរចាមិនឃើញ។ ចំណេកនៅមាត់ច្រកចូលតុលាការកំពូលនៅព្រឹកមិញនេះដែរ ស្ត្រីបឹងកក់បានប្រមូលផ្តុំគ្នាស្រែកទាមទារឱ្យមានការដោះលែងអ្នកស្រី ទេព វន្នី ផងដែរ។
សំនុំរឿងសកម្មជនបក្សប្រឆាំងទាំងនោះរូបរួមមាន លោក មាជ សុវណ្ណរ៉ា លោក សាន សីហៈ លោក អាន បឋម លោក ឯក ណារិន លោក អ៊ុក ពេជ្រសំណាង ព្រមទាំងសំនុំរឿងសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី នឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី ២៥ មករា ឆ្នាំ២០១៧ ដូចគ្នា៕