en     km
en     km

មនុស្ស​​យន្តពិឃាដ​ អាច​នាំ​នូវ​សោកនាដកម្ម​ដល់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់

Share

មនុស្ស​យន្តពិឃាដ ​(Killer Robot) ជា​មនុស្ស​យន្តពិសេស​ម៉្យាងដែល​អាច​លេច​ជា​រូប​រាង​ក្រោម​ការ​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ពិសេស ​ពោលគឺ​បញ្ញា​សិប្ប​និម្មិត​ឬ​ខួរក្បាល​សិប្បនិម្មិត (Artificial Intelligence) និង​អាវុធក្នុ​ង​ការ​វាយ​ប្រហារ​គោល​ដៅ​ណា​មួយ ដោយ​ពុំ​បាច់​ត្រូវការ​បញ្ជា​ពី​មនុស្ស​ទៀត​ឡើយ​។

មនុស្ស​យន្ត​ពិឃាដ​ត្រូវ​ការ​រយៈ​ពេល​តិច​ជាង​មួយ​ទសវត្សរ៍​ទៅ​ទៀត​ក្នុង​ការ​ផលិត អាច​កើត​មាន​រូប​រាង​មួយ​យ៉ាង​ពិត​ប្រកដ​។ ​បញ្ញា​សិប្បនិម្មិត​នេះ​ អាចឲ្យមនុស្ស​យន្ត​ប្រភេទ​នេះ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ក្នុង​ការ​វាយ​លើ​គោល​ដៅ​ណា​មួយ ដែល​នេះ​ជា​លក្ខណៈ​ពិសេស​របស់​វា បើ​ធៀប​និង​យន្ត​ហោះ​ឌ្រូន (Drone) គ្មាន​មនុស្ស​បើក​ដែល​ត្រូវ​ការ​អ្នក​បញ្ជា​ពី​ចម្ងាយ​។

cdn.phys.org

ក៏ប៉ុន្តែ អ្វី​ដែល​ពិភព​លោក​ព្រួយ​បារម្ភ​ជាង​គេនោះ គឺថានៅពេលមានវត្តមានមនុស្ស​យន្ត​ប្រភេទ​នេះ​ហើយ ​ប្រទេស​មហា​អំណាច ​ពិសេស​ប្រទេស​ដែល​ផ្តាច់​ការ​និង​ពួក​ឧទ្ទាម អាចយក​វា​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​អាក្រក់​ដើម្បី​ការ​ប្រណាំង​ប្រជែង​ផ្នែក​អំណាច​និង​សព្វាវុធ ដែលជា​ហេតុ​នាំឲ្យ​មាន​សោកនាដកម្ម​ដល់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​។​ បើ​តាម​ក្រុម​អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មនុស្ស​យន្ត​ពិឃាដ​កើត​មាន​មែន នោះ​សង្គ្រាម​ក៏​នឹង​អាច​កើត​មាន​ដែរ​។

ក្នុង​ការ​ប្រឆាំង​មិន​ឲ្យ​មាន​មនុស្ស​យន្ត​ពិឃាដ​នេះ ទាំង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជាង​មួយ​ពាន់​នាក់ អ្នក​វិទ្យាសាស្ត្រ អ្នក​ជំនាញ និង​ក្រុម​ឥស្សរ​ជន​ល្បី​ៗ​ផ្សេង​ទៀត ដូច​ជា លោក ស្ទីហ្វីន ហ៊ុក្គីង (Stephen Hawking) ជា​តា​វិទូ លោក នូម ឆំស្គី (Noam Chomsky) ជា​ទស្សនៈ​វិទូ លោក អីឡុន មូសគ(Elon Musk) ប្រធាន​​ក្រុម​ហ៊ុន ស្ពេស​អិច (SpaceX)និង​សាធារណៈ​ជន​ល្បី​ៗ​បាន​ទទូច​សុំ​ឲ្យ​មាន​​បំរាម​នូវ​ការ​ផលិត​មនុស្ស​យន្ត​ពិឃាដ​នេះ មិន​ឲ្យ​មាន​រូប​រាង​លើ​ភព​ផែន​ដី ពោល​គឺ​មិន​គាំ​ទ្រ​ឲ្យ​មាន​​ការ​បង្កើត​នូវ​មនុស្ស​យន្ត​ពិឃាដ​នេះ​ឲ្យ​មាន​តែ​ម្តង​។

ដូច​គ្នា​នេះ​ដែរ ​សនិ្នសីទ​​ជា​ច្រើន​ដែល​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល និង​អង្គការ​សហ​ប្រជាជាតិ បាន​ប្រឆាំង​យ៉ាង​មុត​មាំ​មិន​ឲ្យ​មាន​ការ​ផលិត​នូវ​មនុស្ស​យន្ត​ពិឃាដ​នេះ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៣​មក​ដែល​បាន​ប្រព្រឹត្តិ​នៅ​ប្រទេស​អាហ្សង់​ទីន សហរដ្ឋ​អាមេរិច ​និង​ប្រទេស​ស្វីស​ជា​ដើម​។

unnamed (1)

ផ្ទុយ​ទៅ​វិញ អ្នក​នាំ​ពាក្យ​មន្ត្រី​ការ​បរទេស​នៃ​ចក្រភព​អង់​គ្លេស បាន​មាន​ប្រសាសន៍​ប្រាប់ The Guardian ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​មិន​ឃើញ​មាន​តំរូវ​ការ​នៃ​ការដាក់​បំរាម​លើ​ការ​ប្រើ​ប្រាស់ ដោយ​សារ​តែ ច្បាប់​មនុស្ស​ធម៌​អន្តរជា​តិ បាន​ផ្តល់​ឲ្យ​នូវ​ក្បូន​ច្បាប់​គ្រប់​គ្រាន់​ទៅ​ហើយ​សម្រាប់​តំបន់​នេះ​»​។

លើស​ពី​នេះ​ទៅ​ទៀត ដូច​ជា​ប្រទេស​ជប៉ុន​និ​ង​កូរ៉េ​ខាង​ត្បូង​ជា​ដើម សុទ្ធ​តែ​មាន​ឧស្សាហកម្មរោង​​ចក្រមនុស្ស​យន្ត​ធំ​ៗ​ស្រាប់​ហើយ​។ ម្យ៉ាង​ទៀត សហ​រដ្ឋ​អាមេរិច ចិន​និងបណ្តា​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត​អាច​នឹង​កំពុង​តែ​មាន​មនុស្ស​យន្ត​បែប​នេះ​ផង​ដែរ ស្រប​ពេល​ដែល​មិន​ទាន់​មាន​ច្បាប់​ត្រឹម​ត្រូវ​លើ​ការ​ផលិត​មនុស្ស​យន្ត​ពិឃាដ​នេះនៅ​ឡើយ​។​

បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌ ​CNN ផ្សាយ​ក្នុង​ខែ​មេសា​កន្លង​ទៅ​បាន​ប្រាប់​ថា ​មាន​តែ​ប្រាំ​ប្រទេស​ប៉ុណ្ណោះ ដែល​គាំ​ទ្រ​នូវ​ច្បាប់​មិន​ឲ្យ​មាន​ការ​ផលិត​មនុស្ស​ពិឃាដ​នេះ​ដែល​រួម​មាន ប្រទេស​គុយបា អេហ្សីប ប៉ាគី​ស្ថាន​ ​អេក្វាឌ័រ ​និង​ប្រទេស​វេ​ធី​សេន​។

Share

ព័ត៌មានទាក់ទង

Image