ភ្នំពេញ៖ កាលណាគេនិយាយពីគុណធម៌ គឺគេនឹងគិតទៅដល់ការសណ្ដោសប្រណី ការធ្វើនូវអំពើល្អដល់គ្នាទៅវិញទៅមកហើយបើគេនិយាយពីការអត់ឱនគឺគេសម្ដៅដល់ការយោគយល់ ការអធ្យាស្រ័យគ្នា ការមិនតាមចងអាឃាតគ្នា។ បើយើងក្រឡេកមើលទៅអ្នកនយោបាយស្រុកខ្មែរ តើពាក្យទាំងពីរនេះបានស្ថិតក្នុងបេះដូងអ្នកទាំងនោះដែរឬទេ?
ប្រហែលជាមិនមាននោះទេ បើមានក៏ជាគុណធម៌ និងការអត់ឱនក្លែងក្លាយដែរ។ អ្នកនយោបាយទាំងនេះ ច្រើនគិតពីប្រយោជន៍បក្សពួករបស់ខ្លួន ច្រើនជាងប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ បើអ្នកនយោបាយយល់ថា ប្រើរូបភាពគុណធម៌ និងការអត់ឱនមានប្រយោជន៍ដល់បក្សពួកខ្លួន នោះគេនឹងធ្វើភ្លាម គេនឹងលើកលែងទោស គេនឹងចាប់ដៃគ្នា គេនឹងហូបបាយជុំគ្នា បង្កើតវប្បធម៌សន្ទនាគ្នាជាដើម។
គុណធម៌ និងការអត់ឱនក្លែងក្លាយ មិនមានពិតក្នុងបេះដូង មិនអាចស្ថិតស្ថេរបានយូរអង្វែងនោះទេ នឹងរសាត់បាត់ស្រមោល នៅពេលគេប្រើប្រាស់គ្មានប្រសិទ្ធភាពដើម្បីទាញយកប្រយោជន៍ឲ្យបក្សពួកខ្លួន។ មានទឡ្ហីករណ៍មួយចំនួនដែលអាចទាញយកមកពិចារណាធ្វើជាហេតុផល៖
១. បើយើងក្រឡេកមើលប្រវត្តិសាស្ត្រ ក្រោយសម័យអង្គរបានបញ្ចប់ទៅ អាណាចក្រខ្មែរបានថយចុះឥទ្ធិពលជាបន្តបន្ទាប់ ព្រោះអ្នកដឹកនាំ អ្នកនយោបាយខ្មែរភាគច្រើន តែងតែប្រកាប់ប្រចាក់គ្នាឯង។ ទន្ទឹមនឹងនេះ គឺរត់ទៅជ្រកកោននឹងបរទេស ហើយឲ្យមកជួយច្បាំងដណ្ដើមអំណាច ឬសងសឹក ហើយក៏តាំងកាត់ទឹកកាត់ដីឲ្យបរទេស ដើម្បីជាការតបស្នង។ រហូតមកដល់សម័យទំនើបនេះហើយក្ដី ក៏អ្នកនយោបាយ នៅតែបន្តដំឡើងសាច់ដុំដាក់គ្នាក្រៅសង្វៀន ដែលគ្មានអាជ្ញាកណ្ដាលឯករាជ្យ ដោយទាត់ចោលច្បាប់ល្អៗរបស់ប្រទេស និងជួនកាលបង្កើតច្បាប់ថ្មីដើម្បីដាក់គំនៀបភាគីម្ខាងទៀតឱ្យចុះខ្សោយឥទ្ធិពលហើយជាន់ងើបខ្លួនឯង។
២.មហិច្ឆតាក្នុងការកាន់កាប់អំណាច ភាពអត្តាធិបតេយ្យ គឺនៅពេញបេះដូងអ្នកនយោបាយខ្មែរភាគច្រើនតែម្ដង។ នរណាៗក៏មានមហិច្ឆតាដែរ តែសំខាន់ដើម្បីសម្រេចមហិច្ឆតា ថាតើអ្នកនយោបាយខ្មែរគួរប្រើវិធីណា។ មើលទៅ! គេមិនខ្វល់ទេ គេប្រើវិធីក្ដៅផង ត្រជាក់ផង បោកផង បន្លំផង ដើម្បីអំណាច និងឥទ្ធិពលនយោបាយរបស់បក្សខ្លួន។
៣.អំពើខ្វះគុណធម៌ អំពើខ្វះការអត់ឱនគ្នានេះ ក៏អាចដោយសារឥទ្ធិពលមនោគមន៍បរទេសដែរ។ ទោះបី កម្ពុជាជាប្រទេសឯករាជ្យ ប៉ុន្តែមនោគមន៍បរទេសកំពុងជ្រួតជ្រាបក្នុងចំណោមអ្នកនយោបាយខ្មែរមួយចំនួន។ ឥទ្ធិពលមនោគមន៍បរទេស យើងឃើញមានខ្លាំងតាំងពីមុនសម័យខ្មែរក្រហម ។ សម័យនោះ អ្នកនយោបាយចាប់អ្នកនយោបាយដូចគ្នាដាក់គុក ខ្មែរសម្លាប់គ្នា សម្លាប់ប្រជាជនខ្លួនឯង ដើម្បីតែអំណាច និងប្រើប្រាស់អំណាចដើម្បីតែផលប្រយោជន៍បក្សពួកខ្លួនឯងតែប៉ុណ្ណោះ។
សរុបមក បើសិនជាអ្នកនយោបាយគ្មានគុណធម៌ ការអត់ឱនឲ្យគ្នាទេ នោះប្រទេសមួយនេះនឹងជួបតែការបែកបាក់ រាស្ត្ររស់រងទុក្ខ ភ័យខ្លាចជានិច្ច។ ដើម្បីមើលឃើញកម្ពុជាមានពន្លឺអភិវឌ្ឍ និងសន្តិភាពពិតប្រាដក អ្នកនយោបាយគួរបើកចិត្តឲ្យទូលាយហ៊ានចរចា ដោយស្មោះត្រង់នឹងគ្នា គិតអំពីគុណធម៌ និងយកការអត់ឱនមកដាក់ពីមុខ សាមគ្គីភាពមិនឲ្យឥទ្ធិពលមនោគមន៍អាក្រក់ៗរបស់បរទេសចូលជ្រាតជ្រែកបាន៕