ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានស្រែកប្រាប់អ្នកសារព័ត៌មានថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាអ្នកនយោបាយក្រឡេចក្រឡុចមិនស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាជាតិ។
មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានរិះគន់នាយករដ្ឋមន្ដ្រីដូចនេះ ខណៈលោកត្រូវបានសមត្ថកិច្ចនាំខ្លួនចូលសវនាការនៅតុលាការកំពូលនៅព្រឹកថ្ងៃពុធ ទី១៨ មករា នេះ។ ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកទោសនិងដៃជាប់ខ្នោះទៀតនោះ លោក មាជ សុវណ្ណារ៉ា បានស្រែកខ្លាំងៗថា សម្ដេចនាយករដ្ឋមន្ដ្រីគ្មានភាពស្មោះត្រង់ក្នុងការចរចារឿងនយោបាយនោះទេដោយចាត់ទុកប្រមុខរដ្ឋាភិបាលជាអ្នកនយោបាយមិនអាចទុកចិត្ដបានឡើយ។ លោកថា ពីមុនគាំទ្រវប្បធម៌សន្ទនា គាំទ្រសម្លេងភាគតិចនៅរដ្ឋសភាតែឥឡូវនេះបែរជានិយាយក្រឡាស់សម្ដីទៅរួច។ ជាមួយគ្នានេះលោក មាជ សុវណ្ណារ៉ា ក៏បានប្រាប់អ្នកសាព័ត៌មានទៀតថា រឿងនយោបាយត្រូវដោះស្រាយតាមរយៈនយោបាយ។
ទោះជាមានការរិះគន់ ដូចនេះក្ដី កន្លងមកអ្នកនាំពាក្យ បក្សកាន់អំណាច មិនបានទទួលស្គាល់នោះទេ ដោយចាត់ទុក រឿងរ៉ាវរបស់បក្សប្រឆាំងថាជាកិច្ចការរបស់តុលាការ។
លោក មាជ សុវណ្ណារ៉ា ត្រូវបាននាំខ្លួនមកជំនុំជម្រះក្ដីពេលនេះគឺក្នុងសំណុំរឿងលោកប្ដឹងសារទុក្ខប្រឆាំងនឹងសាលក្រមតុលាការរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យលោកមានទោស ២០ឆ្នាំពីបទបង្កហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១១។ សំណុំរឿងនេះមិនមែនមានតែលោក មាជ សុវណ្ណារ៉ា នោះទេដែលទទួលការផ្តន្ទាទោស ពោលគឺនៅមានសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០នាក់ទៀត ក៏ត្រូវបានផ្តន្ទាទោសនិងឃុំខ្លួននៅពន្ទនាគារព្រៃស ករណីដូចគ្នានេះដែរ៕