ភ្នំពេញ៖ អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត នៅកម្ពុជាបានលើកឡើងថា ការដោះស្រាយ បណ្តឹងទាក់ទងនឹងការលុបជនដែលគេសង្ស័យថាជា ជនជាតិវៀតណាម ចេញពីបញ្ជីបោះឆ្នោត មិនមានតម្លាភាព នាំឱ្យអាចប៉ះពាល់ដល់សុច្ចរិតភាពនៃបញ្ជីឈ្មោះបោះឆ្នោត។
របាយការណ៍សង្កេតការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ របស់អង្គការខមហ្វ្រែល ដែលបានបង្ហាញនៅថ្ងៃទៅ១៧ មករានេះ បានឱ្យដឹងថា ដំណើរការនៃការដោះស្រាយបណ្តឹងជំទាស់ជនបរទេសបានចុះឈ្មោះបោះឆ្នោត មិនមានសញ្ជាតិខ្មែរ ក្រុមប្រឹក្សាឃុំ សង្កាត់ភាគច្រើនមិនបានកោះហៅគូភាគី ពិសេសចុងចម្លើយមកសួរដេញដោលក្នុងការប្រជុំសម្រេចទេ។
របាយការណ៍នេះថា ក្រុមប្រឹក្សាឃុំ សង្កាត់ ភាគច្រើន មិនបានសួរដេញដោលចុងចម្លើយអំពីឯកសាផ្លូវច្បាប់នៃការទទួលបានសញ្ជាតិខ្មែរ ក្រៅតែពីការបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ចុងចម្លើយ ដែលភាគីដើមបណ្តឹងមានការសង្ស័យអំពីភាពត្រឹមត្រូវនៃការទទួលបានឯកសារនេះ។
របាយការណ៍ដដែលបន្តថា លទ្ធផលនៃការដោះស្រាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ភាគច្រើន មិនយល់ព្រមតាមពាក្យបណ្តឹង ដែលប្តឹង ឱ្យលុបឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត សង្ស័យថា មិនមានសញ្ជាតិខ្មែរ។
របាយការណ៍នេះបន្ថែមថា យ៉ាងតិចមាន២ករណីក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ចុងចម្លើយបានប្តឹងភាគីដើមបណ្តឹងទៅតុលាការវិញ ពីបទបរិហាកេរ្តិ៍។
លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច បានថ្លែងនៅក្នុងសន្និកាសែតនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា បើទោះបីជាបណ្តឹងនោះបានឡើងមកដល់គ.ជ.ប ធ្វើការដោះស្រាយហើយក៏ដោយ ក៏គ.ជ.ប មិនបានធ្វើការសួរដេញដោលឱ្យបានស៊ីជម្រៅដែរ គឺត្រឹមតែអោយចម្លើយបង្ហាញឯកសារដែលយកទៅចុះឈ្មោះបោះឆ្នោតប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ គ.ជ.ប មិនបានសួរពីសាវតានៃជនដែលត្រូវបានប្ដឹងឱ្យលុបឈ្មោះពីបញ្ជីបោះឆ្នោតនោះទេ ជាពិសេសឯកសារច្បាប់ ទទួលបានសញ្ជាតិ។
លោកថា គួរតែហៅឈ្មោះអ្នកត្រូវប្តឹងទាំងនោះ ម្តងម្នាក់ៗមកឆ្លើយបំភ្លឺ ថាគាត់ពិតជាមានសញ្ជាតិខ្មែរមែន ឬយ៉ាងណា។
លោក សម គន្ធាមី ៖«យើងចង់ឱ្យគ.ជ.ប ហ្នឹងធ្វើការដេញដោលឱ្យបានលម្អិត មុននឹងធ្វើការសម្រេចទៅលើការលុបឈ្មោះឬរក្សាឈ្មោះទុកនៅក្នុងបញ្ជីដើម្បី ឱ្យភាគីទាំងអស់ ដើមបណ្តឹងក៏ដោយឱ្យអស់ចិត្តផង ធ្វើមិចឱ្យអ្វីដែលគេសង្ស័យហើយរកឱ្យឃើញច្បាស់ហើយសម្រេចទៅ ដើម្បីឱ្យគេអស់ចិត្តជៀសវាងកុំឱ្យមានបញ្ហាថ្ងៃក្រោយ ប៉ះពាល់គុណភាពបញ្ជីឈ្មោះបោះឆ្នោត»។
ម្យ៉ាងវិញទៀត លោកលើកឡើង ក្នុងបណ្តឹងនីមួយៗ ធ្វើការដោះស្រាយត្រឹមតែពី១០ទៅ២០នាទីប៉ុណ្ណោះ ដែលក្នុងរយៈពេលដ៏ខ្លីនេះ មិនអាចធ្វើឱ្យការដោះស្រាយ មានតម្លាភាពនោះទេ។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃនេះ។
បើតាមលោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោត បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា កន្លងមកគណបក្សសង្គ្រោះជាតិបានរកឃើញឈ្មោះជនជាតិវៀតណាម ទៅចុះឈ្មោះបោះឆ្នោតប្រមាណ៥០០០នាក់។ តែលោកស្រីថា បណ្តឹងត្រូវបានបដិសេធ ដែលរហូតមកដល់ពេលនេះគ្មានបុគ្គលណាម្នាក់ត្រូវបានគ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងនោះទេ៕