ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានសម្រេចបដិសេដបណ្តឹងជំទាស់របស់ដើមបណ្តឹងគណបប្សសង្គ្រោះជាតិដែលស្នើឱ្យគ.ជ.ប លុបឈ្មោះជនជាតិវៀតណាម ១៨១នាក់ចេញពីបញ្ចីបោះឆ្នោត ដោយសំអាងថាអ្នកទាំងនោះមានឯកសារត្រឹមត្រូវស្របតាមផ្លូវច្បាប់។ តែនៅថ្ងៃអង្គារនេះ គ.ជ.ប នៅបន្តបើកសវនាការ សំណុំរឿងនេះ ដដែល តែករណីផ្សេងពីថ្ងៃម្សិលមិញ។
ជនបរទេសដែលនិយាយភាសាខ្មែរមិនចំតួអក្សរ ហើយសំឡេងនិយាយដូចភាសាវៀតណាម នៅទីបំផុតពួកគាត់ បានរួចទោស ហើយមានសិទ្ធិបោះឆ្នោតទៀតផង។ អ្វីដែលនាំឱ្យជន បរទេសមានព្រំដែនជាប់កម្ពុជា មកបោះឆ្នោតនៅកម្ពុជាខាងមុខនេះគឺជារឿងតវ៉ា គ្នាយ៉ាងតឹងតែងនៅក្នុងសវនាការ កាលពីថ្ងៃចន្ទទី១៦មករា (ថ្ងៃម្សិលមិញ) ដោយ គ.ជ.បប្រើពេលវេលា១២ ម៉ោង ទើបចប់ ហើយលទ្ធផល ធ្វើឱ្យដើមបណ្ដឹងត្រឡប់ទៅវិញ ដោយ បរាជ័យ។
ឆ្លងកាត់ការពិភាក្សាដេញដោលទៅលើដើមបណ្តឹង ចុងចម្លើយ និងសាក្សី អស់រយៈពេលជាង១០ម៉ោងនេះ ក្រុមប្រឹក្សាជំនុំជម្រះចំនួន ៩រូប ដឹកនាំដោយលោក ស៊ិក ប៊ុនហ៊ុក ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់ គ.ជ.ប បានឱ្យដឹងថា ក្រុមប្រឹក្សា សម្រេចមិនលុបឈ្មោះពលរដ្ឋ(ជនបរទេស) ដែលបានចុះឈ្មោះបោះឆ្នោតតាមការស្នើសុំរបស់ដើមបណ្តឹងគណបក្សសង្គ្រោះជាតិនោះទេ។
លោក ស៊ិក ប៊ុនហ៊ុក បានពន្យល់ថា ដោយសារមិនលុបឈ្មោះ ព្រោះពួកគាត់ មានឯកសារសម្រាប់ចុះឈ្មោះបោះឆ្នោត ត្រឹមត្រូវតាមការតម្រូវរបស់គ.ជ.ប។
ពាក់ព័ន្ធការស្នើសុំលុបឈ្មោះជនបរទេស ដែលគេសង្ស័យថាមានជនជាតិវៀតណាម ៣៥ រូបចុះឈ្មោះបោះឆ្នោតនៅខេត្តប៉ៃលិន លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថាក្រុមប្រឹក្សាជំនុំជម្រះមិនអាចយកមកពិចារណាបានទ្បើយ ព្រោះពុំមានមូលដ្ឋានគតិយុត្តដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះជឿបានទេ។
«ការលើកទ្បើងរបស់លោក សំ សុគង់ តំណាងឱ្យដើមបណ្តឹងដោយអះអាងថាអ្នកទាំង៣៥នាក់ មានការកត់សម្គាល់ជាបរទេសជនជាតិវៀតណាម មិនច្បាស់ខ្មែរហើយការដោះស្រាយរបស់ក្រុមប្រឹក្សា សង្កាត់ប៉ៃលិនមិនមានភាពត្រឹមត្រូវយុត្តិធម៌មិនប្រក្រតី ការលើកទ្បើងបែបនេះមិនមានមូលដ្ឋានគតិយុត្ត ដែលអាចធ្វើឱ្យក្រុមប្រឹក្សាជំនុំជម្រះជឿបានទ្បើយដោយហេតុថាសញ្ជាតិរបស់បុគ្គលម្នាក់ៗគេអាចសម្គាល់បានតាមរយៈលិខិត យថាភូតផ្លូវការចេញដោយអាជ្ញាធរមានសមត្ថកិច្ច»។
បណ្តឹង ដែល គ.ជ.ប ធ្វើការដោះស្រាយតាមការស្នើសុំពីដើមបណ្តឹងបក្សប្រឆាំង កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ មាន ចំនួន ៧បណ្តឹង ដែលបណ្តឹងទាំងនោះ មាននៅក្នុងរាជធានីភ្នំពេញ ខេត្តបៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
រឿងនេះលោក ស៊ិក ប៊ុនហុក ប្រាប់ថាបើដើមបណ្ដឹងមិនទទួលយក សេចក្តីសម្រេចនេះ គឺមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ។
សូមជម្រាបថាចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ គ.ជ.ប ទទួលបានបណ្តឹងចំនួន១៤១២បណ្តឹង បណ្តឹងតវ៉ាមានចំនួន ៦៥១ និងបណ្តឹងជំទាស់ស្នើសុំឱ្យលុបឈ្មោះជនបរទេសមានចំនួន ៧៦១ បណ្តឹង ហើយបណ្តឹងទាំងនេះភាគច្រើនគឺជាបណ្តឹងចេញមកពីគណបក្សសង្គ្រោះជាតិ៕