en     km
en     km

វិភាគ​ ៖​ តើ​អ្វី​នៅ​ពីក្រោយ​ដែល​នាំ​ឱ្យ​បក្ស​កាន់​អំណាច​ ចង់​លុប​ចោល​សំឡេង​ភាគតិច​នៅ​សភា​?

Share

​ភ្នំពេញ​ ៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទម្លាយ​ឱ្យ​ដឹង​តាម​រយៈ​ភ្នាក់ងារ​ព័ត៌មាន​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា​ លោក​អាច​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ ត្រង់​ប្រការ​ ៤៨​ថ្មី​ (៣)​ ដើម្បី​ពិនិត្យ​មើល​តួនាទី​របស់​បក្ស​ប្រឆាំង​ឡើង​វិញ​។​

​ប្រ​សិន​បំណង​នេះ​អាច​ប្រព្រឹត្តិ​ទៅ​បាន​មែន​នោះ​ នោះ​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ និង​ជា​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ កឹ​ម​ សុខា​ ដែល​ទើបនឹង​ទទួល​បាន​កាលពី​ថ្ងៃ​ទី ​០៧​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នឹង​ត្រូវ​បាត់បង់​វិញ​ជាក់​ជា​មិន​ខាន​។​ អ្វី​ដែល​សំខាន់​មួយទៀត​នោះ​ ប្រសិនបើ​លោក​ កឹ​ម​ សុខា​ ត្រូវ​ខ្ទាត​ចេញពី​តួនាទី​នេះ​មែន​ នោះ​ដំណើរការ​ចរចា​រវាង​ក្រុម​មតិ​ភាគច្រើន​ និង​ក្រុម​មតិ​ភាគតិច​របស់​គណបក្ស​ទាំង​ពីរ​ អាច​ត្រូវ​លុប​ចោល​វិញ​ ដែល​ធ្វើ​ឱ្យ​ដំណើរការ​ដោះស្រាយ​ឈាន​ទៅ​ការ​ដោះ​លែង​អ្នកទោស​មនសិការ​ក៏​ត្រូវ​បរាជ័យ​ផង​ដែរ​។​

​តើ​អ្វី​នៅ​ពីក្រោយ​ គណបក្សកាន់អំណាច​ដែល​ចង់​លុប​ចោល​សំឡេង​ភាគតិច​នៅ​សភា​?

​តទៅ​នេះ​សូម​ស្តាប់​សម្រង់​ទស្សនៈ​របស់​អ្នកវិភាគ​ដែល​រៀបរៀង​ដោយ​លោក​ កែវ​ សុខា​ ដូច​ទៅ​!

 

លោក​ កឹម សុខា (ឆ្វេង) សម្តេច ហ៊ុន សែន(ស្តាំ)។រូបភាពពីWMC
លោក​ កឹម សុខា (ឆ្វេង) សម្តេច ហ៊ុន សែន(ស្តាំ)។រូបភាពពីWMC
​ខណៈ​កាលបរិច្ឆេទ​ និង​របៀបវារៈ​នៃ​ជំនួប​ចរចា​រវាង​គណបក្ស​ធំ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រ​ពេ​ច​ ស្រពិល​ និង​បញ្ច្រាសទិស​គ្នា​នៅឡើយ​នោះ​ ស្រាប់តែ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហាញ​នូវ​ចំហរ​នយោបាយ​មួយ​តាម​រយៈ​សារព័ត៌មាន​ក្នុងស្រុក​ ដោយ​សម្តេច​ចង់​ស្នើ​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​(៣)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

សម្តេច​លើក​ឡើង​ថា​៖«​បើ​យន្តការ​ដែល​ទើប​បង្កើត​ឡើង​តាម​រយៈ​ប្រការ​ ៤៨​ថ្មី​ ពិបាក​ធ្វើការ​ ដោយ​រួម​ទាំង​ការ​ប៉ុនប៉ង​ប្រើប្រាស់​វា​ ដើម្បី​ចរចា​ដោះ​លែង​អ្នកទោស​ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ​ យើង​ត្រូវ​តែ​ធ្វើ​វិ​សោទ​ន​កម្ម​ប្រការ​ ៤៨​ថ្មី​ (​បី​)​ ហើយ​វិល​ទៅ​ប្រើ​ប្រការ​ ៤៨​ (​ពីរ​)​ នៃ​បទ បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ​។​ ដោយសារ​ប្រការ​ ៤៨​ថ្មី​ (​បី​)​ ជា​គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ​ ទើប​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ធ្វើការ​កែប្រែ​តាម​រយៈ​ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ពន្យល់​អ្វី​ថែម​ទៀត​នោះ​ទេ​ ដោយ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖«​ការ​ធ្វើ​ដូចនេះ​ឆាប់​ចប់​រឿង​ ព្រោះ​មិនបាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការ​ប្រជុំ​ ព្រោះ​យន្តការ​នោះ​នឹង​រលាយ​បាត់​តាម​រយៈ​វិសោធនកម្ម​ដែល​នឹង​ត្រូវធ្វើ​រួច​ទៅ​ហើយ​»​។​

​សារ​គំរាម​របស់​ នាយក​រដ្ឋមន្ត្រី​នេះ​ ទំនង​អាច​មក​ពី​បរាជ័យ​ក្នុង​ការ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​សម្រេច​។​

 លោក ស ខេង និងលោក កឹម សុខា ជួបគ្នានៅមន្ទីររដ្ឋសភាពកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦។
លោក ស ខេង និងលោក កឹម សុខា ជួបគ្នានៅមន្ទីររដ្ឋសភាពកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦។
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ និយាយ​ថា​ នាយក​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​គណបក្សកាន់អំណាច​បាន​បរាជ័យ​ក្នុង​ការ​ប្រើ​ល្បិច​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ការ​ប្រើ​វប្បធម៌​សន្ទនា​ដោយ​ផ្តល់​តួនាទី​ឱ្យ​លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ជំនួយ​លោក​ សម​ រ​ង្ស៊ី​ ហើយ​បំភ្លៃ​ថា​លោក​ កឹ​ម​ សុខា​ ដណ្តើម​តំណាង​ពី​លោក​ សម​ រ​ង្ស៊ី​ ដែល​នេះ​ជា​ល្បិច​បំបាក់​ជើង​ក្រោម​។​ប៉ុន្តែ​ល្បិច​នេះ​ ដើរ​ចំណុច​បរា ជ័យ​។​

​មួយទៀត​លោក​ គឹ​ម​ សុខ​ ថា​ ដោយសារ​តែ​លោក​ សម​ រ​ង្ស៊ី​ បាន​ទម្លាយ​រឿង​សម្ងាត់​របស់​សម្តេច​ ហ៊ុន​ សែន​ ដែល​រៀបចំ​ឯកសារ​ឱ្យ​លោក​ កឹ​ម​ សុខា​ ធ្វើការ​ថ្កោលទោស​លោក​ សម​ រ​ង្ស៊ី​ ដើម្បី​បំបែក​បក្ស​នេះ​ តែ​ត្រូវ​លោក​ សម​ រ​ង្ស៊ី​ ចាប់​បាន​ហើយ​ បកអាក្រាត​ជា​សាធារណៈ​តាម​បណ្តាញ សារព័ត៌មាន​។​ ​លោក​ គឹ​ម​ សុខ​៖«​គាត់​ចេញពី​របៀបរបប​ និង​ល្បិច​ជា​ឯកសារ​មួយ​ចំនួន​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រៀង​ឱ្យ​លោក​ កឹ​ម​ សុខា​ សម្រាប់​ធ្វើការ​ថ្កោលទោស​លោក​ សម​ រ​ង្ស៊ី​ ហើយ​លោក​ សម​ រ​ង្ស៊ី​ មើលទៅ​ទំនងជា​មិន​អាច​ទ្រាំ​បាន​គេ​ហៅ​ថា​ ល្បិច​កល​ទុច្ចរិត​នយោ បាយ​ហ្នឹង​ ក៏​គាត់​បញ្ចេញ​ដើម្បី​ទប់​ជើង​ក្រោម​របស់​គាត់​ និង​ទប់​ការ​រួបរួម​ជាមួយ​លោក​ កឹ​ម​ សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីមយយនៅវិទ្យុស្រ្តី។រូបភាពពី WMC
​លោក​ សម​ រ​ង្ស៊ី​ បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​ចំនួន​មាន​ដូច​ជា​ ថាស​ម្ដេច​ហ៊ុន​សែន​ ធ្វើ​លិខិត​ណាមួយ​ គឺ​តំណាង​បក្ស​ដោយ​មិន​មានឈ្មោះ​លោក​ សម​ រ​ង្ស៊ី​ ហើយ​ក្រោយមក​ឱ្យ​លោក​ កឹ​ម​ សុខា​ ចេញ​លិខិត​ក្នុង​នាម​បក្ស​សង្គ្រោះ​ជាតិ​ ថ្កោលទោស​ប្រធាន​បក្ស​ខ្លួនឯង​ ករណី​វាយប្រហារ​គ្រួសារ​របស់​ប្រមុខ​រដ្ឋាភិបាល​។​ ករណី​នេះ​ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ល្បិច​ចរចា​ដើម្បី​បំបែកបំបាក់​បរាជ័យ​ដែរ​។​

កាលពី​ពេល​ថ្មីៗ​នេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម្ដេច​ ស​ ខេ​ង​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ ដែល​នាំ​ឱ្យ​អ្នកវិភាគ​ទាញ​ការ​សន្និដ្ឋាន​ថា​ ការ​ច្រានចោល​តួនាទី​របស់​លោក​ កឹ​ម​ សុខា​ ក្នុង​នាម​តំណាង​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​ អាច​ទទួល​ឱវាទ​ពី​វៀត ណាម​ផង​ដែរ​។​

ត្រង់​ចំណុច​នេះ​  លោក​ គឹ​ម​ សុខ​ យល់​ថា​មាគ៌ា​នយោបាយ​ដឹង​នាំ​ប្រទេស​មួយ​ចំនួន​របស់​កម្ពុជា​ គឺ​មេដឹកនាំ​តែងតែ​ទទួល​ការ​ណែនាំ​ពី​វៀតណាម​។​​លោក​ថា​ ចាប់តាំងពី​បញ្ហា​ចរចា​សន្ធិសញ្ញា​ទី​ក្រុងប៉ារីស​ រឿង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ១៩៨៥​ ស្តី​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ និង​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ គឺ​សុទ្ធតែ​ទទួល​បានការ​ណែនាំ​ពី​វៀតណាម​។​

ចំណែក​បំណង​នៃ​ការ​លុប​ចោល​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​មតិ​ភាគតិច​ ក៏​ទំនងជា​មានការ​ផ្តល់​យោបល់​ពី​ទីក្រុង​ហាណូយ​។​ លោក​ គឹ​ម​ សុខ​៖«​ទីប្រឹក្សា​ធំ​របស់​គាត់​[​ហ៊ុន​ សែន​]​គឺ​វៀតណាម​ហ្នឹងហើយ​ វា​គ្មាន​អ្វី​ក្រៅពី​ហ្នឹង​ទេ​ ដូចដែល​ខ្ញុំ​ធ្លាប់​ដឹង​រឿង​កិច្ច​មួយ​ចំនួន​គឺថា​ អ្វីៗ​ដែល​ជា​រឿង​ធំ​ជា​រឿង​នយោបាយ​ គាត់​ទៅ​ជជែក​ហើយ​ គាត់​ជជែក​ជា​និច្ច​ជា​កាល​មក​ ដូច្នេះ​គ្មាន​ការ​សង្ស័យ​ទេ​។​ គេ​ថា​ប្រសិនបើ​វៀតណាម​ចង់បាន​ប្រយោ ជន៍​ធំ​លើក​ការ​គ្រប់គ្រង​កម្ពុជា​ទល់​តែ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​នៅ​បន្ត​កាន់​អំណាច​ អាហ្នឹង​វា​ជា​គោល ដៅ​ធំ​របស់​គេ​ហើយ​»​។​

តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច​ និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​កិច្ចចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណ បក្សកាន់អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​ ២២​ ខែកក្កដា​ ឆ្នាំ​ ២០១៤​ ដោយ​ដៃគូ​សន្ទនា​នៅ​ពេល​នោះ​ គឺ​រវាង​សម្ដេច​ ហ៊ុន​ សែន​ និង​លោក​ សម​ រ​ង្ស៊ី​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​ ៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ សភា​បាន​បោះ​ឆ្នោត​អនុម័ត​ប្ដូរ​តួនាទី​នេះ​ ទៅ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ ធ្វើ​ដៃគូ​សន្ទនា​ជាមួយនឹង​សម្ដេច​ ហ៊ុន​ សែន​ ខណៈ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ប្រទេស​វិញ​នោះ​។​អ្នកវិភាគ​យល់​ថា​ជា​ល្បិច​មួយ​របស់​បក្ស​កាន់​អំណាច​  លេង​ក្នុង​រដ្ឋសភា​។​

លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា​ សំឡេង​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​ប្រហែលជា​មិន​ត្រូវ​បាន​លុប​ចោល​នោះ​ទេ​ តែ​អាច​ទាត់​ចោល​តួនាទី​លោក​ កឹ​ម​ សុខា​ ពី​ប្រធាន​ក្រុម​មតិ​ភាគតិច​។​ ​លោក​ថា​ ការ​ដក​លោក​ កឹ​ម​ សុខា​ ចេញពី​តួនាទី​ គឺជា​យុទ្ធសាស្ត្រ​ទាញ​យក​ប្រៀប​ពី​ដៃគូ​ម្ខាង​ទៀត​ ដោយ​គណបក្ស​ប្រជាជន​ តម្រូវ​ឱ្យ​បក្ស​ប្រឆាំង​ជ្រើសរើស​យក​បុគ្គល​មួយ​រូប​ទៀត​ទៅ​ជំនួស​តំណែង​ ហើយ​បង្ក​ឱ្យ​បែក បាក់​សាមគ្គី​ផ្ទៃក្នុង​បក្ស​ប្រឆាំង​។​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​អ្នកនយោបាយ​ ឬ​បក្ស​កាន់​អំណាច​គេ​មាន​យន្តការ​ច្រើន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​បក្ស​ប្រឆាំង​បាន​ គេ​អាច​ធ្វើការ​លុប​ចោល​តួនាទី​ ឬ​ក៏​យន្តការ​ផ្លូវច្បាប់​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ឬ​បក្ស​ក្រៅ​រដ្ឋាភិ បាល​ហ្នឹង​ប្រជែង​គ្នា​»​។​

យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ លោក ​សុខ ​ឥ​សាន្ត​ ធ្លាប់​បាន​អះអាង​ថា​ បក្ស​ប្រជាជន​កម្ពុជា​ មិន​ លេងល្បែង​នេះ​ទេ​។​ ​លោក​ សុខ​ ឥ​សាន្ត​ បញ្ជាក់​ថា​ ការ​ធ្វើ​នយោបាយ​តែង​មាន​ល្បិច​ដាក់​គ្នា​ តែ​មិន​ផ្ដួល​គ្នា​ទេ​ មិន​អោយ​ភាគី​មួយទៀត​ គ្រោះថ្នាក់​ដល់​ស្លាប់​ទេ​ ។​ ចំពោះ​ការ​ចោទ​ថា​រដ្ឋាភិបាល​ក្រោម​ឥទ្ធិពល​វៀតណាម​ គឺ​មិន​អាច​ទៅ​រួច​ឡើយ​ ព្រោះ​សម័យនេះ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ និង​អធិបតេយ្យ​ពេញលេញ​។​

​តែ​បែប​នេះ​ក្ដី​អ្នកវិភាគ​ យល់​ថា​ ល្បិច​អ្នកនយោបាយ​ខ្មែរ​ដែល​មិន​ចេះ​ចប់​នេះ​ មិន​ធ្វើ​ឱ្យ​ជាតិខ្មែរ​បាន​ចំណេញ​អ្វី​ទេ​ ក្រៅ​តែ​ពី​ចុះ​ទន់ខ្សោយ​ ទាំង​ស្មារតី​ជាតិ​ និង​ ការ​រួបរួម​ជាតិ​៕​

 

Share

ព័ត៌មានទាក់ទង

Image