ភ្នំពេញ៖ ការជួបគ្នារវាង គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលកំណត់ថ្ងៃទី២៥ ខែមករា ដើម្បីជួបចរចាគ្នា ត្រូវពន្យាពេល ដោយមិនកំណត់ពេលជាក់លាក់ឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។
លោក ខៀវ សុភ័គ បានឱ្យដឹងពីមូលហេតុនៃការពន្យាពេលចរចានេះថាដោយសារគណបក្សប្រជាជនកម្ពុជា រងចាំសភាពេញអង្គ ធ្វើវិសោធនកម្មបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាជាមុនសិន។
លោកបញ្ជាក់ថា៖«រងចាំសភាប្រជុំពេញអង្គសិន វិសោធនកម្មច្បាប់បទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា។ ប្រហែលជា បើសភាធ្វើវិសោធនកម្មហើយ វាចប់ហើយ មានអីធំជាងអង្គសភាអ្នកសម្រេច»។
លិខិតរបស់ខុទ្ទកាល័យសម្ដេច ស ខេង ផ្ញើរជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង ជាប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចនៃរដ្ឋសភា កាលពីថ្ងៃទី១៦ មករា ម្សិលមិញ បានឱ្យដឹងថា ក្រុមមតិភាគច្រើន និងក្រុមភាគតិចនៃគណបក្សទាំងពីរ បានកំណត់ថ្ងៃជួបគ្នា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
លិខិតដដែលបានបញ្ជាក់ថា សម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ឯកភាពទទួលជួបជាមួយឯកឧត្តម កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នៅវិមានរដ្ឋសភា។ សមាសភាពចូលរួមនៅក្នុងជំនួបពិភាក្សានោះ រួមមាន សម្តេច ស ខេង លោក សក់ សេដ្ឋា លោក កើត រិទ្ធ និងមន្ត្រីជំនួយការ២រូបទៀត។
តែយ៉ាងណាមិញ ជំនួបនេះត្រូវបានពន្យា បន្ទាប់ពីខុទ្ទកាល័យសម្តេច ស ខេង បានដាក់លិខិតទៅរដ្ឋសភាឱ្យពន្យាពេលវិញ។
ការស្នើពន្យាពេលនេះ បន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់គេហទំព័រក្នុងស្រុកមួយថា សភាបក្សកាន់អំណាច នឹង រុះរើ តួនាទីរបស់ប្រធានសភាភាគតិច ត្រង់មាត្រាចែងពីឋានៈស្មើនាយករដ្ឋមន្ត្រី៕