ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ពាក់ព័ន្ធករណីជះទឹកអាស៊ីតលើស្ត្រី រោងចក្រកាត់ដេរម្នាក់កាលពីសប្តាហ៍មុន។ តែសមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់នៅឡើយទេ រហូតដល់ព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧នេះ។ លោក ធូ វិរៈ រាយាករណ៍៖
នាយកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោក សម សាក់ បានឲ្យដឹងថា តុលាការខេត្តកំពង់ស្ពឺបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងគ្រួសារតែមួយ រួមមានប្អូនប្រុស ប្អូនស្រី និងម្តាយ ដោយនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត។
លោក សម សាក់៖«យើងចាប់បានបីនាក់ បានបញ្ជូនទៅតុលាការហើយចេញដីការឃុំខ្លួនក្នុងពន្ធនាគារ។ជនល្មើសមិនទាន់មានតម្រុយនៅឡើយទេ។ បងបង្កើតជនល្មើស ប្អូនបង្កើត ប៉ុន្តែបងបង្កើតស្រីចូលរួមជាមួយគ្នា គាត់អ្នកយកទឹកអាស៊ីតឲ្យទាំងអស់»។
លោក បន្តថា បើតាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការណ៍ជះទឹកអាស៊ីតផ្តើមឡើងដោយរឿងស្នេហា ព្រោះស្ត្រីជនរងគ្រោះ និងស្វាមី ជនល្មើស មានទំនាក់ទំនងស្នេហានឹងគ្នា។ លោកថា ករណីនេះសមត្ថកិច្ចធ្លាប់បានឲ្យអ្នកស្រឡាញ់លួចលាក់ធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ទំនាក់ទំនងគ្នា ប៉ុន្តែពួកគេនៅតែទាក់ទងគ្នាដដែល។
លោក សាក់ បន្តថា រហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងតែស៊ើបអង្កេតស្វែងរកជន ល្មើស មកផ្តន្ទាទោសទៅតាមច្បាប់។ លោកបន្ថែមថា លទ្ធផលបឋមពិសោធន៍ទឹកអាស៊ីតដែលបានជះមកលើជនរងគ្រោះឈ្មោះ ផេង ស្រីឡា ឲ្យរងរបួសលើផ្ទៃមុខ និងដងខ្លួន គ្រូពេទ្យបញ្ជាក់ថា មានកម្រិតអាស៊ីតខ្សោយ។
យោងតាមរបាយការណ៍របស់អង្គការលីការដូ ការប្រើអំពើហិង្សាដោយទឹកអាស៊ីតផ្តើមឡើងដោយការប្រច័ណ្ឌ ការចងកំហឹង និងការសងសឹក ជាដើម។ របាយការណ៍ដដែលបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ មានការវាយប្រហារដោយទឹកអាស៊ីត ៦ករណី តែចំនួននេះមានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ ២០១០ ដែលមាន៣៦ ករណី៕