ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយជំរុញទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ត្រូវរៀបចំគេហទំព័រ និងហ្វេសប៊ុកក្រសួងឱ្យមានជាប្រចាំ ដើម្បីឲ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានច្បាស់លាស់។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូចនេះ ធ្វើទ្បើងនៅក្នុងវេទិកាជួបជុំជាមួយអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃសៅ ទី១៤ មករា ឆ្នាំ២០១៧ នៅសណ្ឋាគ្នាសុខា ក្នុងរាជធានីភ្នំពេញ។
សម្តេច ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវមានគេហទំព័រ និងត្រូវបញ្ចេញរាល់ព័ត៌មានទាំងអស់ កុំលាក់បាំងព័ត៌មានពីអ្នកសារព័ត៌មាន។
ទាក់ទងនឹងការជំរុញឱ្យដំណើរការ គេហទំព័រព័ត៌មាននេះ សម្តេច ហ៊ុន សែន មានប្រសាសន៍បន្តថា រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវសហការជាមួយអភិបាលខេត្តនានា ដោយចាត់ឲ្យអភិបាលរងម្នាក់ ជាអ្នកទទួលបន្ទុកមើលការខុសត្រូវ ព្រមទាំងរៀបចំឲ្យមានគេហទំព័រព័ត៌មានផងដែរ។
ក្នុងឪកាសនោះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ណែនាំឱ្យអ្នកសារព័ត៌មានត្រូវកាន់វិជ្ជាជីវៈរបស់ខ្លួន ដោយកុំលក់វិជ្ជាជីវៈ ជាមួយនឹងការបញ្ចប់រឿងរបស់ខ្លួនដែលកំពុងបំពេញ ហើយត្រូវហ៊ានកែតម្រូវបើមានកំហុសណាមួយនោះ៕