បន្ទាយមានជ័យ ៖ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងជាមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅថ្ងៃសៅរ៍ទី១៤ មករានេះ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចដោះលែងបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី ១៣ ខែមករា ម្សិលមិញ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ប្រចាំក្រុងប៉ោយប៉ែត លោក ពុទ្ធី បានរងការចោទថា បានបើករថយន្តបុកលោកវរៈសេនីយ៍ត្រី ឈាន ពិដ្ឋសិ នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី ២២ ធ្នូ២០១៦។ ករណីនេះនាំឲ្យ លោក ពុទ្ធី ជាប់ឃុំនៅក្នុងពន្ធនាគារ ខេត្តបន្ទាយមានអស់ជាច្រើនថ្ងៃ។
អ្នកអង្កេតការណ៍មួយចំនួនយល់ថា ការដោះលែងលោក ពុទ្ធី ឲ្យមានសេរីភាព អាចបណ្តាលមកពីចលនាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមួយផ្នែកពីការតវ៉ារបស់ពលរដ្ឋ ដែលបានរិះគន់ព្រមៗគ្នា ទៅលើចំណាត់របស់តុលាការ និងសមត្ថកិច្ចដែលបានចោទប្រកាន់ទៅជនត្រូវចោទរូបនេះដោយអំពើអយុត្តិធម៌។
ចាប់តាំងពីលោក ឌិន ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះឃ្លីបវីដេអូហេតុការណ៍នោះ យ៉ាងភ្លូកទឹកភ្លូកដី ដោយបានបង្ហាញយោបល់ថា ក្នុងឧបទ្ទវហេតុនេះគឺមន្ត្រីច្រកទ្វារព្រំដែនស័ក្កបួន ឈាន ពិសិដ្ឋ បានធ្វើពុតជាត្រូវឡានដុកឱ្យរងរបួស ដើម្បីយកលេសចាប់មន្ត្រីសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋដែលចេះតែ ការពារផលប្រយោជន៍កម្មករតំបន់នោះ។
យ៉ាងណាថ្មីៗនេះមានព័ត៌មានលេចលឺថា អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា លោកវរៈសេនីយ៍ត្រី ឈាន ពិដ្ឋសិ នាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាចនឹងត្រូវផ្ទេរចេញពីតួនាទីនៅទីនោះ ដើម្បីស្អំចិត្តប្រជាពលរដ្ឋអ្នកតវ៉ា ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ អ្នកវិភាគមើលឃើញថា ការដោះលែង លោក ឌិន ពុទ្ធី វិញនេះ គឺដើម្បីទាញប្រជាប្រិយភាពបក្សកាន់អំណាចមកវិញ ខណៈការបោះឆ្នោតថ្នាក់ឃុំសង្កាត់កាន់តែឃាតជិតចូលមកដល់។
ប្រភពវីដេអូ៖ ពីហ្វេសប៊ុក ព្រះតេជគុណ លួន សាវ៉ាត