ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា នេះសហគមន៍ជ្រោយចង្វារ បានធ្វើពិធីសែនព្រេនដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាដីទំនាស់របស់ពួកគេជាមួយសាលាក្រុងភ្នំពេញ និងក្រុម OCIC។ ពិធីសែនព្រេនធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យ៉ាងណាមិញពួកគេសង្ឃឹមថា បញ្ហាដីធ្លីរបស់ពួកគេនឹងអាចដោះស្រាយមុនការបោះឆ្នោតឆ្នាំ២០១៧ នេះ។
លោក ជា សុផាត តំណាងប្រជាពលរដ្ឋ ៧៨ គ្រួសារនៅភូមិដើមគរខាងត្បូង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC បានប្រាប់ឱ្យដឹងថា ពិធីសែនព្រេននៅព្រឹកថ្ងៃទី១៤ មករានេះ ធ្វើឡើងក្នុងគោលបំណង បដិសេធមិនទទួលសំណងរបស់សាលាក្រុងភ្នំពេញ ដែលបែងចែកដីតែ ១០ ភាគរយឱ្យសហគមន៍។ លោកថា ពលរដ្ឋមិនឯកភាពចំពោះអនុក្រិត្យលេខ ៤៥ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ ដែលសាលាក្រុងភ្នំពេញធ្វើអនុប្បយោគយកដីប្រជាពលរដ្ឋដាក់ជាសម្បត្តិខ្លួនឯង ហើយជួលបន្តទៅឱ្យក្រុមហ៊ុន OCIC នោះទេ។ ជាងនេះទៀត ពលរដ្ឋសុំឱ្យភាគីពាក់ព័ន្ធទាំងអស់យកបញ្ហាមកដាក់លើតុ ដើម្បីចរចាដោះស្រាយបញ្ចប់ទំនាស់ ។
លោកបន្តប្រាប់បន្តថា កន្លងមកសាលាក្រុងភ្នំពេញបានហៅប្រជាពលរដ្ឋទៅប្រជុំរកដោះស្រាយ ដោយសាលាក្រុងបានបែងចែក ១០% សម្រាប់ម្ចាស់ដី ៥០% ជារបស់សាលាក្រុងភ្នំពេញ និង៤០% សម្រាប់ក្រុមហ៊ុន OCIC ប៉ុន្តែពលរដ្ឋមិនយល់ស្របឡើយ។
លោកបន្ថែមថា ខណៈដែលការបោះឆ្នោតខិតជិតចូលមកដល់ក្នុងពេលខាងមុខនេះ លោកសង្ឃឹមថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ដែលអាចទទួលយកបានទាំងគ្រប់ភាគី ដោយតម្លា និងសមធម៌ ដោយរដ្ឋត្រូវផ្តល់ ៥០%សម្រាប់ប្រជាពលរដ្ឋ។ លោក ជា សុផាត៖«ខ្ញុំសុខចិត្តធ្វើពលិកម្មបានន័យថា យើងសុខចិត្តចំណាយពាក់កណ្តាលឱ្យរដ្ឋ៥០% ។ ៥០%សម្រាប់រដ្ឋនិងក្រុមហ៊ុន ហើយខ្ញុំម្ចាស់ដីនៀក យកតែ៥០ភាគរយទេ អញ្ចឹងបានន័យថា បើដីខ្ញុំ៤០០០ការ៉េ ខ្ញុំយកតែ២០០០ការ៉េទេ»។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានឱ្យដឹងថា ការផ្តល់១០%ភាគរយទៅឱ្យប្រជាពលរដ្ឋនេះ គឺសាលារាជធានីភ្នំពេញបានពិភាក្សា និងសិក្សាវាយតម្លៃយ៉ាងច្បាស់លាស់រួចហើយ ដោយមិនមានជម្រើសផ្សេងទៀតឡើយ។ លោក មាន ចាន់យ៉ាដា «ពីព្រោះថាដីនៅតំបន់នេះគាត់ក៏បានទទួលស្គាល់ខ្លួនដែរ សម្រាប់បងប្អូននៅតំបន់នេះគឺមានពីរប្រភេទ ទី១ គឺអ្នកក្នុងមូលដ្ឋានហ្នឹង ហើយទីពីរ គឺអ្នកក្រៅមូលដ្ឋាន ចំពោះអ្នកដែលនៅក្នុងមូលដ្ឋានភូមិចាស់ គឺយើងបានពីភាក្សាជាមួយប្រមុខរដ្ឋាភិបាលរួចហើយ ហើយចំពោះអ្នកទិញដីក្រៅតំបន់មូលដ្ឋានគឺជាអ្នកដែលទិញដីយកទុកចោលនៅក្នុងតំបន់នោះទេ មិនមែនជាអ្នករស់នៅក្នុងតំបន់មូលដ្ឋានហ្នឹងទេ ។ គោលការណ៍ដែលយើងផ្តល់ជាថវិកា ផ្តល់ជាអី គឺយើងបានសិក្សាគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ហើយ គឺមិនឱ្យគាត់ខាតបង់នៅពេលដែលគាត់ចំណាយថវិកាដំបូងនៅក្នុងការទិញដីនោះទេ»។
ទាក់ទិនបញ្ហានេះ លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានប្រាប់វិទ្យុស្ត្រីថា សំណងដែលរដ្ឋាបាលភិបាលបានផ្តល់ឱ្យពួកគាត់មិនទាន់សមរម្យទេ។ លោកបន្តថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការលោក តាមប្រវត្តិនៃការរស់នៅ និងផ្នែកច្បាប់ឃើញថា ប្រជាពល រដ្ឋរស់នៅតំបន់នេះ គឺពួកគាត់មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីទីនេះ ដោយមិនមានការរំលោភបំពាន ឬប្លន់ដីនោះទេ។ លោកថា អាជ្ញាធរក៏ដូចក្រុមហ៊ុន នៅពេលដែលធ្វើការអភិវឌ្ឍដំបន់នេះ គួរតែផ្តល់សំណង់ឱ្យបានសមរម្យដល់ពួកគាត់ ប្រសិនបើមិនចង់ឱ្យមានការតវ៉ានៅក្នុងរាជធានីភ្នំពេញ។ លោកសៀ ភារម្យ ៖«អញ្ចឹងគួរតែធ្វើការចរចាគ្នា ដើម្បីធ្វើយ៉ាងណាឱ្យភាគីទាំងសងខាង ឬភាគីដែលពាក់ព័ន្ធហ្នឹងពេញចិត្តនូវការអភិវឌ្ឍនេះ ទើបគេហៅថាការអភិវឌ្ឍមួយដែលមាននិរន្តភាព»។
យោងតាមញតិ្តរបស់ប្រជាពលរដ្ឋដែលបានដាក់ទៅលោ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កន្លងមកបានឱ្យដឹងថា ក្រុមហ៊ុន អូស៊ីអាយស៊ី និងសាលារាជធានីភ្នំពេញ បានចុះកិច្ចព្រមព្រៀងជួលដីតំបន់ជ្រោយចង្វារទំហំ ៣៨៧ ហិកតា ក្នុងរយៈពេល ៩៩ ឆ្នាំក្នុងតម្លៃ ០,៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ។ ទំហំដីដែលជួលនេះ បានប៉ះពាល់ទៅលើដីប្រជាពលរដ្ឋដែលរស់នៅសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលាប៕