ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញនឹងដាក់ឲ្រប្រើប្រាស់ភ្លើងស្តុបថ្មីបណ្តោះអាសន្នប្រមាណ ១០០ ទីតាំង នៅរាជធានីភ្នំពេញ នៅចុងខែ មករា ឆ្នាំ ២០១៧ នេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ មករាថា ការតភ្ជាប់បណ្តាញភ្លើងស្តុបទាំងអស់ជាប្រព័ន្ធ មកជាបន្ទប់បញ្ជាត្រួតពិនិត្យ រួមទាំងភ្លើងស្តុបដំឡើងថ្មី នឹងដាក់អោយដំណើរការជាបណ្តោះអាសន្ននៅខែ មករា ឆ្នាំ ២០១៧ នេះ។
លោក ប៉ា សុជាតិវង្ស៖«នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រជុំបច្ចេកទេសលើកទី ៣២ នៃគម្រោងតម្លើងភ្លើងស្តុបចំនួន ១០០ទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងពេលរង់ចាំបព្ចាប់ការភ្ជាប់បណ្តាញភ្លើងស្តុបទាំងអស់ជាប្រព័ន្ឋមកបន្ទប់បញ្ជាត្រួតពិនិត្យរួម ភ្លើងស្តុបថ្មីនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ននៅចុងខែមករាឆ្នាំ២០១៧នេះ»។
នាពេលកន្លងមកសាលារាជធានីភ្នំពេញ បានកែប្រែរង្វង់មូលចំនួន ៣ កន្លែង រួមមាន រង្វង់មូលទួលគោក រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី ដោយតម្លើងភ្លើងស្តុបជំនួសមកវិញ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លើសពីនេះ សាលាក្រុងបានដាក់ចេញផែនការ ៤ ចំណុច សំខាន់ៗដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ រួមមាន ទី១ ការដំឡើងភ្លើងស្តុបថ្មីប្រមាណ ១០០ ទីតាំងបន្ថែមទៀតនៅក្នុងទីក្រុង។ ទី២ ដាក់កម្លាំងនៅតាមគោលដៅកកស្ទះ។ ទី៣ កំណត់ពេលវេលា និងយន្តការផ្តល់សេវាសាធារណៈ និងទី៤ ការជួសជុល និងថែទាំផ្លូវថ្នល់ជាដើម។
បើតាមអ្នកជំនាញ់ជប៉ុនថា បញ្ហាកកស្ទះចរាចរណ៍បាននាំឱ្យកម្ពុជាខាត់បង់ថវិការជាង ៦ លានដុល្លារអាមេរិក ដោយមិនទាន់គិតអំពីការខាតបង់ពេលវេលា និងគ្រោះថ្នាក់ចរាចរណ៍នៅឡើយ៕