ភ្នំពេញ៖ លោក ឌិន ពុទ្ឋី ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧នេះ។ ការដោះលែង ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងជាមន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានគេមើលឃើញថា ដោយសារ មួយផ្នែក បណ្តាលមកពីចលនាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងមួយផ្នែកពីការតវ៉ារបស់ពលរដ្ឋ ដែលបានរិះគន់ព្រមៗគ្នា ទៅលើចំណាត់របស់តុលាការ និងសមត្ថកិច្ចដែលបានចោទប្រកាន់ទៅជនត្រូវចោទរូបនេះ ដោយអំពើអយុត្តិធម៌។ កញ្ញា ឆេង ណាតាជូនសេចក្តីរាយការណ៍៖
នៅលើទំព័របណ្ដាញសង្គម បើអ្នករកមើលបន្តិចនឹងបានឃើញវិដេអូឃ្លឹបខ្លីៗ ដែលបង្ហោះព្រោងព្រាតធ្វើតម្រាប់តាមសកម្មភាពលោកស័ក្ត៤ឈានពិសិដ្ឋ ដេកដួលខាងមុខរថយន្តរបស់លោក ឌិន ពុទ្ធី ដោយដៃកាន់អាយកូម ក្ដាប់កូនសោហើយ ហាក់លើកដៃទាំង២រងមុខរបស់ខ្លួន។
អ្នកបង្ហោះឃ្លិបបានធ្វើតម្រាប់តាមដោយមានសំឡេងអ្នកសើចចំអកទៀតផង ជាមួយនឹងការ ពោលពាក្យរិះគន់ អាជ្ញាធរនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ថាជារឿងហួសចិត្តនិងអស់សំណើច។ ទន្ទឹមនឹងនេះអ្នកគាំទ្រ លោក ឌិន ពុទ្ធី បានឡើងទៅតវ៉ាដល់តុលាការខេត្តបន្ទាយមានជ័យឱ្យទម្លាក់ចោលបទចោទប្រឆាំង លើប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឋទៀត។
ទោះជាយ៉ាងនេះ តុលាការមិនបានដោះលែង ឬទម្លាក់បទចោទនោះចោលទេនៅពេលពលរដ្ឋឡើងតវ៉ា។ ករណីនេះនាំឱ្យពលរដ្ឋស្រឡាញ់យុត្តិធម៌បន្តបង្ហោះ រូបភាពនៃការធ្វើតម្រាប់កាន់តែច្រើនឡើងៗ ហើយសូម្បីកុមារតូចៗក៏ធ្វើតម្រាប់តាមរឿងនេះដែរ។ ក្រៅពីនេះ នៅតាមទីប្រជុំជននិងតាមហាងបាយ ហាងកាហ្វេក៏មានការនិយាយចំអកលេងសើចលើប្រព័ន្ធយុត្តិធម៌ផងដែរ។ បន្ទាប់ពី វីដេអូមួយទៀតបានបែកធ្លាយ ឃើញលោក ឈាន ពិសិដ្ឋ និងស្ត្រីម្នាក់នៅប្រទេសថៃ នាំឱ្យមានការរិះគន់ទៅលើបញ្ហានេះកាន់តែខ្លាំងថែមទៀត។
ក្រោយកើតហេតុការណ៍កាលពីថ្ងៃទី២២ធ្នូ លោក អេង ឆៃអ៊ាង តំណាងរាស្ត្របក្សប្រឆាំងបានយករឿងនេះ ទៅនិយាយនៅក្នុងសម័យប្រជុំសភា ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាជិកសភា សូម្បីនាយករដ្ឋមន្ត្រីក៏ឆ្លើយតបរឿងនេះដែរ។ លោក អេង ឆៃអ៊ាង ថាជាហេតុការណ៍មួយ ដោយអចេតនាដែលមិនត្រូវចាប់ខ្លួនលោក ឌិន ពុទ្ធី នោះទេ។ទំនងចង់ធ្វើឱ្យរឿងនេះស្ងប់ស្ងាត់ អភិបាលខេត្តបន្ទាយមានជ័យបានផ្ដល់ព័ត៌មានថាលោកស័ក្ត៤ ឈាន ពិសិដ្ឋ នឹងត្រូវផ្ទេរភារកិច្ចចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។តែទីបំផុតយុត្តិធម៌ហាក់មានឡើងសម្រាប់អ្នកតស៊ូមតិលើ បណ្ដាញសង្គម។
នៅថ្ងៃសុក្រនេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានសម្រេចឱ្យលោក ឌិន ពុទ្ធី បាននៅក្រៅឃុំបណ្តោះអាសន្ន តាមបណ្តឹងទាស់របស់មេធាវីការពារក្តី បន្ទាប់ពីស្តាប់សំអាងហេតុរបស់មេធាវីការពារក្តី។
លោក សុំ ច័ន្ទគា អ្នកសម្របសម្រួលសមាគម អាដហុកប្រចាំខេត្តបន្ទាយមានជ័យដែលតាមដានរឿង យល់ថា ការដោះលែង លោក ឌិន ពុទ្ធី នៅថ្ងៃនេះ ដោយសារបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំង។
លោក សុំ ច័ន្ទគា ថាជារឿងអយុត្តិធម៌ធ្ងន់ធ្ងរមួយនៃសង្គមកម្ពុជា ដែលលោកថា កើតឡើងដដែលៗដូចករណីលោក ឌិន ពុទ្ធី ជាដើម។
លោក សុំ ច័ន្ទគា ៖«ចំពោះខ្ញុំពាក្យថា យុត្តិធម៌ សូម្បីតែយើងសំលឹងមើលបន្តិចក៏គ្មានដែរ មូលហេតុថាបើសិនសច្ចៈភាព និងឆន្ទៈច្បាប់ លោក ពុទ្ធី អត់ត្រូវបានធ្វើការចោទប្រកាន់អ្វីទេ ព្រោះសាក្សីអ្នកថតវីដេអូឃ្លីប អ្នកឃើញហេតុការណ៍អី ឈរឃើញទាំងអស់ហើយបែរទៅជាខាងព្រះរាជអាជ្ញា និងចៅក្រមបានយកតែខាងកំណត់ហេតុរបស់ប៉ូលីស»។
រឿងក្ដីលោក ឌិន ពុទី្ធបានធ្វើឱ្យអ្នកវិភាគគិតថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាន់តែអាក្រក់ថែមទៀតដែលធ្វើអ្នកស្រឡាញ់ យុត្តិធម៌ ចេះតស៊ូមតិតាមរយៈប្រព័ន្ធហ្វេសប៊ុក។
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថាឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកពិតជាមានឥទ្ធិពល ដែលធ្វើឱ្យសង្គមមួយពោរពេញដោយអយុត្តិធម៌ប្រែប្រួលឡើងវិញ។
លោក គឹម សុខ ៖«បញ្ហាដែលសំខាន់កាលណារឿងប្រឌិតបែបហ្នឹង ហើយគេដឹងគ្រប់គ្នា ហើយយើងនាំគ្នាជួយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ហើយមែនទែនទៅខ្ញុំឃើញគេជជែកគ្រប់ទីកន្លែង លឺគេជជែកគ្នាគ្រប់ទីកន្លែងបែបហ្នឹង ដូច្នេះរដ្ឋាភិបាល ចង់មិនចង់រឿងហ្នឹងដូចជាមិនធំប៉ុន្មានផង ហើយវាមិនបង្កើនសំពាធនយោបាយអីធំទៅដល់អ្នកប្រឆាំងផង ម្លោះហើយរដ្ឋាភិបាលត្រូវតែបន្ធូហើយ បើមិនបន្ធូគឺកាន់តែបាក់មុខកាន់តែខ្លាំងទៀតហើយ»។
លោកបន្ថែមថា ដើម្បីគាបសង្កត់អ្នកដឹកនាំរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានឱ្យគិតអំពីតម្លៃយុត្តិធម៌ គឺពលរដ្ឋត្រូវយកការតស៊ូ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មកលាតត្រដាងអ្វីដែលជាអំពើអាក្រក់។
លោក គឹម សុខ៖«ស្ថានភាពសង្គមសព្វថ្ងៃ ដូច្នេះមានតែហ្វេសប៊ុកហ្នឹងហើយដែលជាប្រព័ន្ធមួយ ដែលប្រជារាស្ត្រអាចឆ្លើយឆ្លងគ្នា អាចប្រមូលកម្លាំងគ្នាផ្សព្វផ្សាយ រួមចិត្តគ្នាតវ៉ា រួមសំលេងគ្នាបន្លឺកុំឱ្យស្ងាត់នូវរឿងទាំងឡាយណា ដែលយើងមើលឃើញថាវាអយុត្តិធម៌ អយុត្តិធម៌ជ្រុលពេកចំពោះពលរដ្ឋទូទៅ»។
យ៉ាងនេះក្ដី វិទ្យុស្រី្តមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានទេដោយសារមិនមានអ្នកលើកទូរស័ព្ទ។ តែបែបនេះក្ដី អ្នកនាំពាក្យ បក្សកាន់អំណាច លោក សុខឥសាន្ត ប្រាប់វិទ្យុស្រី្តកាលពីថ្មីៗនេះថា បក្សកាន់អំណាចមិនបានសាបព្រោះអំពើយុត្តិធម៌នោះទេ។ លោកថាអ្នកសាប ព្រោះរឿងនេះ មានមនុស្សមួយក្ដាប់តូច ហើយភាគច្រើនពួកគេមកពីគណបក្សប្រឆាំងដែលធ្វើសកម្មភាពរំលោភច្បាប់៕