ភ្នំពេញ៖ ក្រោយពីរបាយការណ៍ស្រាវជ្រាវជាសកលមួយរបស់អង្គការអាមេរិក Nasa ដោយបានរកឃើញថា ប្រទេសកម្ពុជា មានអត្រាលឿនបំផុតនៃការបាត់បង់ព្រៃឈើ ក្នុងចំណោមប្រទេសដែលបាត់បង់ព្រៃឈើនៅលើពិភពលោក ករណីនេះសកម្មជនព្រៃឈើ ថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីការពិតករណីមហន្តរាយព្រៃឈើនៅកម្ពុជា។ ប៉ុន្ដែរដ្ឋាភិបាលថារបាយការណ៍នេះក្រសួងកំពុងផ្ទៀងផ្ទាត់។
សកម្មជនព្រៃឈើនៅកម្ពុជាបានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំង នៅពេលដែល របាយការណ៍របស់អង្គការអាមេរិក Nasa បង្ហាញពីការកាប់បំផ្លាញព្រៃឈើ នៅកម្ពុជាកាន់តែធ្ងន់ធ្ងរ ហើយហិចហោចជាងប្រទេសដទៃលើពិភពលោក។ ពួកគាត់ ចាត់ទុករបាយការណ៍នេះថា ត្រឹមត្រូវបើពិនិត្យលើស្ថានភាពជាក់ស្ដែង។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យនិងជាសកម្មជនព្រៃឈើមានថេរដីកាថា រដ្ឋាភិបាលកន្លងមក គឺបានត្រឹមតែនិយាយឲ្យលឺតែប៉ុណ្ណោះ ស្ដីពីការការពារព្រៃឈើនៅកម្ពុជា តែធ្វើមិនបានដូចអ្វីដែលខ្លួនបានអះអាងនោះទេ។ ព្រះអង្គបន្តថា ព្រៃឈើនៅកម្ពុជាសព្វថ្ងៃនេះកំពុងតែត្រូវបានក្រុមហ៊ុនអ្នកមានអំណាចមួយចំនួនកាប់បំផ្លាញយ៉ាងចខ្លាំង។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ៖«រដ្ឋាភិបាលអាចនិយាយបានថា ពូកែបង្កើតច្បាប់ និងពូកែសន្យា ប៉ុន្ដែការអនុវត្ដន៍ច្បាប់គឺបានតិចតូចណាស់ មិនធ្វើអ្វីបានគួរឲ្យកត់សំគាល់ទេ។ ហេតុដូច្នេះហើយបានអាត្មាលើ កពីខាងដើមថា រដ្ឋាភិបាលបច្ចុប្បន្ននេះនឹងត្រូវបណ្ដាសាធនធានធម្មជាតិហើយ»។
លើសពីនេះព្រះតេជគុណ ប៊ុត ប៊ុនទិញ មានថេរដីកាថា បញ្ហាហិនហោចព្រៃឈើនេះ កំពុងតែជំរុញប្រជាពលរដ្ឋឲ្យកាន់តែអស់ជំនឿនិងលែងគាំទ្រការដឹកនាំ។
របាយការណ៍របស់អង្គការ Nasa បង្ហាញថា រវាងឆ្នាំ2001 ដល់ឆ្នាំ2014 អត្រានៃការបាត់បង់ព្រៃឈើប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ 14,4ភាគរយ។ បើគិតជាតួលេខ កម្ពុជាបានបាត់ បង់ព្រៃឈើសរុបចំនួន 1,44 លានហិចតា ឬ 5560 ម៉ែត្រការ៉េ ដែលជាតួលេខមួយ ខ្ពស់ជាងគេក្នុងចំ ណោមប្រទេសផ្សេងៗទៀត។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងបរិស្ថាន ហាក់ស្ទាក់ស្ទើរ ចំពោះការបង្ហាញរបស់អង្គការ Nasa។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា លោកមិនទាន់អាចឆ្លើយតបថាយ៉ាងណាបាននោះទេ នាពេលនេះ ព្រោះករណីនេះក្រសួងកំពុងតែបន្ដសិក្សាលម្អិតថា វាជារបាយ ការណ៍ដែលទើបចេញផ្សាយថ្មីឬក៏ជារបាយការណ៍ចាស់យកមកផ្សព្វផ្សាយឡើងវិញ។
តែយ៉ាងណាលោកថា ក្នុងរយៈពេលកន្លងមករដ្ឋាភិបាលព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ ការកាប់បំ ផ្លាញព្រៃឈើនៅកម្ពុជា។ លើសពីនេះលោកថា ចំពោះអ្នកដែលប្រព្រឹត្ដល្មើសនិងបទបញ្ជាដែលចេញដោយរដ្ឋាភិបាលមិនថាមន្ដ្រីថ្នាក់ណាគឺត្រូវតែប្រឈមមុខចំពោះច្បាប់។
លោក សៅ សុភាព៖«យើងកំពុងតែរឹតបន្ដឹងចំពោះការអនុវត្ដន៍វិធានការច្បាប់ ដូច្នេះរាល់ការលើកឡើងគឺត្រូវតែមានភស្ដុតាងឲ្យបានច្បាស់លាស់ ហើយក្នុងខណៈដែលយើងកំពុងរឹតបន្ដឹងវិធនាការច្បាប់នេះអ្នកណាដែលប្រព្រឹត្ដល្មើសច្បាប់គឺត្រូវតែទទួលទោសចំពោះមុខច្បាប់»។
សកម្មជនការព្រៃឡង់មួយរូបដែលស្ថិតក្នុងខេត្ដព្រះវិហារ គឺលោក ទិត ពិជ័យ មានប្រសាសន៍ថា លោកទទួលស្គាល់ថា កន្លងមករដ្ឋាភិបាលពិតជាបានចូលរួមការទប់ស្កាត់ការបំផ្លាញព្រៃឈើពិតមែន ប៉ុន្ដែលោកថា បទបញ្ជទាំងនោះហាក់ដូចមិនមានប្រសិទ្ធិភាពអ្វីនោះទេ ព្រោះការកាប់ឈើដោយខុសច្បាប់នៅតែមានដដែល។ ករណីនេះលោកសុំឱ្យ រាជរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយពីបទបញ្ជាស្ដីពីការការពារព្រៃឈើនេះឲ្យបានដល់មន្ដ្រីថ្នាក់ក្រោមព្រោះពួកគាត់នៅមិនយល់ពីតម្លៃនៃបទបញ្ជានេះទេ។
លោក ទិត ពិជ័យ៖«បើនិយាយពីការបាត់បង់ព្រៃឈើគឺវាអត់មានអីស្រកស្រុតទេ វានៅតែកើតមានបន្ដិចៗ ស្ថិតក្នុងរូបភាពអាថ៌កំបាំង ដែលជារួមមានន័យថា បទល្មើសព្រៃឈើហ្នឹងវាអត់អាចស្រុតចុះទេវានៅតែមាន»។
បើតាមអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGO Forum ដែលស្រង់របាយការណ៍របស់ អង្គការបរិ ស្ថានអន្តរជាតិបង្ហាថា គម្របព្រៃឈើនៅកម្ពុជាសព្វថ្ងៃនៅមិនដល់៣០ភាគរយនោះទេ ដែលអំឡុងកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលមានជាង ៧៥ភាគរយ។ តែបែបនេះក្ដី រដ្ឋាភិបាលអះអាងថាគម្របព្រៃឈើនៅកម្ពុជាសព្វថ្ងៃមានជាង៦០ភាគរយ៕