en     km
en     km

​ក្រុមប្រឹក្សា​សង្កាត់​អូរ​ឫស្សី​ទី​១​ បើក​សវនាការ​ សុំ​លុបឈ្មោះ​ជនបរទេស​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត(មានសំឡេង)

Share

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​សង្កាត់​អូរ​ឫស្សី​ទី​១​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បើក​សវនាការ​ ករណី​បណ្ដឹង​របស់​ភ្នាក់ងារ​អង្កេត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ប្តឹង​សុំ​ ឲ្យ​លុបឈ្មោះ​ជនបរទេស​ចំនួន​៧១​នាក់​ ចេញពី​បញ្ជី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​។​ នៅ​ក្នុង​សវនាការ​នេះ​ ចៅសង្កាត់​បដិសេធ​មិន​លុបឈ្មោះ​ជនបរទេស​មួយ​ចំនួន​ដោយ​សំអាង​ថា​ ដើមបណ្ដឹង​ពុំ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

nec-cnrp-12
យ៉ាងតិច​ជនបរទេស​ចំនួន​ ៧១​នាក់​ ដែល​ភាគច្រើន​សង្ស័យ​ថា​ជា​ពលរដ្ឋ​វៀតណាម​ ត្រូវ​បាន​ភ្នាក់ងារ​អង្កេត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្ដឹង​ពួក​គាត់​ដោយសារ​ជនបរទេស​ទាំងនោះ​ មិន​មាន​លក្ខណៈសម្បត្តិ​គ្រាប់​គ្រាន់​ជា​ពលរដ្ឋ​ខ្មែរ​។​

​នៅ​ក្នុង​ខ្លឹមសារ​ពាក្យបណ្តឹង​បញ្ជាក់​ថា​ ជនបរទេស​ទាំងនោះ​ពុំ​មាន​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​។​ ករណី​នេះ​ ដើមបណ្ដឹង​ តំណាង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទាមទារ​ឲ្យ​សា​ម៉ី​ខ្លួន​មក​បង្ហាញខ្លួន​នៅ​ក្នុង​អង្គ​សវនាការ​ដើម្បី​ឱ្យ​ចុង​បណ្ដឹង​ឡើង​បំភ្លឺ​។​

​ក្នុង​សវនាការ​នេះ​ ចៅសង្កាត់​អូរ​ឫស្សី​ទី​១​ លោកស្រី​ ភួង​ ល​ក្ខិ​ណា​ បាន​កោះហៅ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​សង្ស័យ​ថា​ជា​ជនបរទេស​ មក​សាកសួរ​ដោយ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ជាដើម​។​

​លោកស្រី​ ល​ក្ខិ​ណា​ បញ្ជាក់​ថា​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​សាកសួរ​ គេ​អាច​រក្សា​ឈ្មោះ​របស់​ពួក​គេ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដដែល​ ព្រោះ​ពួក​គេ​ មាន​លិខិត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ដែល​ត្រូវ​ ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​។​

​អ្នកស្រី​ ភួង​ ល​ក្ខិ​ណា​៖«​សង្កាត់​ខ្ញុំ​គ្រាន់តែ​បំភ្លឺ​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​អ្វីខ្លះ​ ឯកសារ​ ភស្តុ​តាង​ អ្វីខ្លះ​ បើ​មាន​គ្រប់គ្រាន់​វា​ចប់​ ហើយ​បើ​លោក​ចង់​សួរ​ដេញដោល​ជន​និង​អន្តោប្រវេសន៍​ ឬ​ជនបរទេស​ បញ្ហា​និង​ពេល​ចប់​សវនាការ​គឺ​ លោក​អញ្ជើញ​ឡើង​ទៅ​លើ​ទៀត​ ព្រោះ​នេះ​ជា​ថ្នាក់លើ​ ហួស​ដែន​សម​ត្ថិ​កិច្ច​សង្កាត់​ហើយ​»​។​

​លោក​ ជី​ សុខ​ល​ ភ្នាក់ងារ​អង្កេត​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែង​ការ​ខកចិត្ត​ដោយសារ​តែ​ចៅសង្កាត់​បដិសេធ​មិន​លុបឈ្មោះ​បរទេស​ទាំងនោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​។​លោក​បញ្ជាក់​ថា​ លោក​នឹង​ប្តឹង​ករណី​នេះ​ទៅ​ថ្នាក់លើ​ទៀត​(​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ​។​

​លោក​ ជី​ សុខ​ល​៖«​ការ​បដិសេធ​ទាំង​គេ​មិន​ឯកភាព​លើ​សំណើរ​របស់​យើង​ទេ​។​ គេ​ផ្អែក​លើ​ច្បាប់​គ​.​ជ​.​ប​ ប៉ុន្តែ​យើង​និយាយ​អំពី​ច្បាប់​សញ្ជាតិ​ដែល​យើង​ដឹង​ច្បាស់​ពី​មុន​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៧៩​ ដល់​បច្ចុប្បន្ន​។​យើង​ដឹង​ទាំងអស់​ ប៉ុន្តែ​គេ​មិន​ទទួលយក​ទេ​។​ គេ​ថា​ រឿង​នេះ​ហួស​ដែន​សម​ត្ថិ​កិច្ច​របស់​ក្រុមប្រឹក្សា​សង្កាត់​អូរ​ឫស្សី​ទី​១​។​ ខ្ញុំ​នឹង​ប្តឹង​បន្ត​ទៀត​ ព្រោះ​ខ្ញុំ​រក្សា​ពាក្យបណ្ដឹង​របស់ខ្ញុំ​ដដែល​ ឱ្យ​លុបឈ្មោះ​ដដែល​»​។​

​ទោះបី​យ៉ាងនេះ​ក្តី​ លោក​ សុខ​ល​ បាន​ស្នើ​សុំ​ទៅ​ចៅសង្កាត់​អូរ​ឫស្សី​ទី​១​ ដក​ពាក្យបណ្តឹង​ មួយ​ចំនួន​នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ជនបរទេស​ ទាំងនោះ​ ព្រោះ​ពួក​គាត់​មាន​កាត​ខ្មៅ​ធ្វើ​នៅ​ជំនាន់​សម័យ​ សង្គមរាស្ត្រនិយម​ បញ្ជាក់​ថា​ មាន​សញ្ជាត្តិ​ខ្មែរ​ និង​ មួយ​ចំនួន​ទៀត​គឺជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​៤​ មក​រា​ ដល់​ថ្ងៃ​ទី​១២​ មក​រា​ ឆ្នាំ​២០១៧​ នេះ​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ជាង​៧០០​ ទាក់ទង​នឹង​ការ​ខុស​ទិន្នន័យ​ ដូច​ជា​ការ​ខុស​អក្ខរាវិរុទ្ធ​ និង​ខុស​ខែ​ឆ្នាំ​កំណើត​ជាដើម​។​

​ទាក់ទង​ករណី​ជនបរទេស​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ ករណី​ឈ្មោះ​ស្ទួន​ និង​បណ្តឹង​ឱ្យ​លុបឈ្មោះ​ជនជាតិ​វៀតណាម​ មិន​ទាន់​មាន​បណ្តឹង​ប្តឹង​មក​ គ​.​ជ​.​ប​ នោះ​ទេ​។​

​គ​.​ជ​.​ប​ បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង​ តាំងពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៧​ ដោយ​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្តឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ករណី​ រក​ឃើញ​ភាព​មិន​ប្រ​ក្រី​តី​ ជុំវិញ​ទិន្នន័យ​របស់​ខ្លួន​ ឬ​ប្តឹង​ឱ្យ​លុបឈ្មោះ​បុគ្គល​ណា​ម្នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែមករា​៕

Share

ព័ត៌មានទាក់ទង

Image