ភ្នំពេញ៖ ប្រធាន គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបញ្ចេញសារនយោបាយ របស់លោក ជាថ្មីទៀតនៅថ្ងៃនេះ ដោយអះអាងថាឧត្តមគតិរបស់លោកប្រឆាំងអំណាចផ្តាច់ការជិតបានជោគជ័យហើយ។ អ្នកវិភាគថា លោក សម រង្ស៊ី ប្រើយុទ្ធសាស្ត្រនេះមានផលចំណេញ ច្រើនក្នុងកាលៈទេសៈដែលបក្សទាំង២ត្រៀមបើកការចរចា។ តែមន្ត្រីនាំពាក្យបក្សកាន់អំណាចមិនយល់ស្របឡើយ។ កញ្ញា ជុំ ជោគតា រាយការណ៍៖
នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញលោក សម រង្ស៊ី ដែលរដ្ឋាភិបាល ឃាឃាំងមិនអោយចូលប្រទេស បានបញ្ចេញសារ កាន់តែច្រើន លើទំព័រហ្វេសប៊ុករបស់លោក ដោយវាយប្រហារ លើមេដឹកនាំបក្សកាន់អំណាច។
សាររបស់លោកថ្មីទៀតនេះ ហាក់មាន អត្ថន័យចំនួន ២ គឺទីមួយ លោកវាយប្រហារ ទៅលើ បក្សកាន់អំណាចនិងទីពីរ លោកចង់ប្រាប់ទៅថ្នាក់ដឹកនាំគណបក្សរបស់លោក ឱ្យគិតពីតម្លៃនៃការតស៊ូ របស់លោក ដែលលោកថាជិតដល់ការទទួលជោគជ័យហើយ។
សាររបស់ លោក សម រង្ស៊ី ៖«ជារៀងរាល់ថ្ងៃ ខ្ញុំដណ្តើមយកជ័យជំនះលើអំណាចផ្តាច់ការ ទោះជាមានការគាបសង្កត់យ៉ាងណា។ ខ្ញុំនៅតែរក្សាឧត្តមគតិរបស់ខ្ញុំជានិច្ច ហើយខ្ញុំបង្ហាញពីកម្លាំងចិត្តរបស់ខ្ញុំ ដែលគ្មាននរណាអាចបង្ក្រាបបាន។ ខ្ញុំនៅតែមានជីវិត មានសេរីភាព មានសុខភាព មានទឹកចិត្ត និងមានមធ្យោបាយ ដើម្បីបន្តការតស៊ូទាមទារសេរីភាព។ ខ្ញុំនៅតែបង្កើនចំនួនមនុស្ស ដែលចែករំលែកឧត្តមគតិរបស់ខ្ញុំ ហើយមករួមកម្លាំងតស៊ូជាមួយខ្ញុំ ធ្វើឲ្យជ័យជំនះនៃបុព្វហេតុរបស់យើង កាន់តែឈានជិតមកដល់»។
សាររបស់លោក សម រង្ស៊ី ដែលនៅតែបន្ដវាយប្រហារលើដៃគូរបស់ខ្លួននៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញពីចំនុចខ្លាំងមួយចំនួនដែលមេបក្សប្រឆាំងរូបនេះ ប្រើយុទ្ធសាស្ដ្រនៅកាលៈទេសៈដែល ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងបើកការចរចាជាមួយគ្នាឡើងវិញឆាប់នេះ សំដៅដោះលែងមន្ដ្រីការពារសិទ្ធិមនុស្ស និងមន្ដ្រីគ.ជ.ប។
អ្នកវិភាគ គឺ លោក ឯម សុវណ្ណារ៉ា ដែលជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ ផងដែរនោះ យល់ឃើញថា លោក សម រង្ស៊ី បានបញ្ចេញសារបែបអប់រំសហការីរបស់ខ្លួនច្រើនជាងលោកវាយប្រហារគូប្រកួត(បក្សប្រជាជនកម្ពុជា)។
លោក ឯម សុវណ្ណារ៉ា ៖ «អំពាវនាគាំទ្រនូវឧត្ដមគតិរបស់គាត់ គឺដើម្បីពង្រឹងនៅពេលដែលគាត់នៅក្រៅឆ្ងាយពីឆាកនយោបាយ ចឹងគាត់ត្រូវតែមានសារ ដើម្បីរម្លឹក ឬក៏ដាស់តឿន អ្នកដែលស្រឡាញ់ អ្នកដែលធ្លាប់គាំទ្រកុំអោយងាកអារម្មណ៍ ឬក៏ចាកចេញពីគាត់ ទីមួយ។ ចំនុចមួយទៀត គាត់ចង់បង្ហាញពីអ្នកនៅក្នុងបក្សរបស់គាត់ឲ្យមានភាពសាមគ្គីគ្នា រឹងមាំ។ ហើយចង់ឲ្យគូ បដិបក្សរបស់គាត់ដែលព្យាយាមបំបែកបំបាក់នោះឲ្យបន្ថយឥទ្ធិពល»។
ចំណែកឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបានយល់ស្រប ដូចការយល់ឃើញរបស់លោក សម រង្ស៊ី នោះទេ។ លោកថា កម្ពុជាមានសេរីភាពហើយ មិនត្រូវការលោក សម រង្ស៊ី ដែលជាទណ្ឌិតនោះទេ។
លោក សួស យ៉ារ៉ា ៖ «បាទ៎ ចំនុចធំ គឺ ទីមួយ លោក សម រង្ស៊ី គាត់ជាទណ្ឌិត ហើយដូច្នេះ អ្វីដែលគាត់លើកឡើង អ្វីដែលគាត់បរិយាយឡើង គឺ ដើម្បីតែការរួចខ្លួនរបស់គាត់ពីច្បាប់តែប៉ុណ្ណឹងទេ ទីមួយ។ ទីពីរ គឺ ឧត្ដមគតិរបស់គាត់នឹងត្រូវបានយកមកសាកល្បង ៥ ,៦អាណត្តិជាប់គ្នាហើយ ចឹងដូច្នេះ គឺ មិនជាដែលគួរឲ្យមានសារៈសំខាន់សម្រាប់ការរិះរក អំពីការស្វែងរកសេរីភាពរបស់ប្រជាជនទៀតទេ។ សេរីភាពនៅកម្ពុជាមិនត្រូវការគាត់ទៀតទេ»។
គួររម្លឹកថា នៅពេលដែលលោក កឹម សុខា ត្រូវបានឡើងតំណែងជំនួសលោក ឋានៈជាប្រធានសមាជិកសភាសម្លេងភាគតិច លោក សម រង្ស៊ី ក៏បានបញ្ចេញសារបែបផ្ដល់ដំបូន្មាន ដល់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរបស់លោកដែរ។ មេបក្សប្រឆាំងនេះថា តំណែងអ្វីក៏មិនស្មើនឹងភាពស្មោះត្រង់និងឧត្ដមគតិស្នេហាជាតិរបស់លោកនោះទេ៕