ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤ មករា ដល់ថ្ងៃទី១២ មករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទទួលបានពាក្យបណ្តឹងជាង៧០០ ទាក់ទងនឹងការខុសទិន្នន័យ ដូចជាការខុសអក្ខរាវិរុទ្ធ និងខុសខែឆ្នាំកំណើតជាដើម។ នេះបើតាមការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ។
លោកបានឱ្យវិទ្យុស្ត្រីដឹងថា បណ្តឹងទាំងនោះក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកទទួលពាក្យបណ្តឹង កំពុងបញ្ជូនមក គ.ជ.ប ដើម្បីដោះស្រាយ ដោយសារតែថ្នាក់ ឃុំ សង្កាត់ គ្មានលទ្ធភាពក្នុងការកែតម្រូវ។
លោក ហង្ស ពុទ្ធា៖«មានតែគ.ជ.ប ជាអ្នករៀបចំកែជូនបងប្អូនប្រជាពលរដ្ឋ អញ្ចឹងទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ ហើយបញ្ហាទាំងគ.ជ.ប នឹងដោះស្រាយទៅតាមបណ្តឹងរបស់ប្រជាពលរដ្ឋ»។
តែយ៉ាងណាមិញ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ករណីឈ្មោះស្ទួន និងបណ្តឹងឱ្យលុបឈ្មោះជនជាតិវៀតណាម មិនទាន់មានបណ្តឹងប្តឹងមក គ.ជ.ប នោះទេ។
គ.ជ.ប បានបិទផ្សាយបញ្ជីឈ្មោះដំបូង តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ដោយទុកលទ្ធភាពឱ្យប្រជាពលរដ្ឋធ្វើការប្តឹងតវ៉ាទៅក្រុមប្រឹក្សា ឃុំ សង្កាត់ ករណី រកឃើញភាពមិនប្រក្រីតី ជុំវិញទិន្នន័យរបស់ខ្លួន ឬប្តឹងឱ្យលុបឈ្មោះបុគ្គលណាម្នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោត រហូតដល់ថ្ងៃទី១៤ ខែមករា៕