ភ្នំពេញ៖រយៈពេលចុងក្រោយនេះគេសង្កេតឃើញអំពើអយុត្តិធម៌ក្នុងសង្គមកម្ពុជានៅតែបន្តកើតឡើងដដែលៗ។ ករណីប៉ូលិសស័ក្ត៤នៅប៉ោយប៉ែត អាចជារឿងអយុត្តិធម៌ថ្មីទៀត បន្ទាប់ពីរឿង ឃាតកម្មលើលោក បណ្ឌិត កែម ឡី និង រឿងរ៉ាវរបស់មន្ត្រីសិទ្ធិមនុស្ស រួមទាំងករណីឧកញ៉ាខ្លះ ត្រូវបានចោទករណីបំពាន រំលោភយកដី កសិករហើយនិងករណីការកេងប្រវ័ញ្ចចំណូលធនធានធម្មជាតិ។ទាំងនេះ គឺជា ទង្វើមួយកើតឡើងដដែលក្នុងសង្គមកម្ពុជាអាចធ្វើឱ្យពលរដ្ឋជិនណាយ និងអាចជះឥទ្ធិពលដល់ការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃខាង មុខនេះ ។
បើនិយាយទៅអំពើអយុត្តិធម៌ទាំងនេះ គឺជាបច្ច័យអាក្រក់មួយសម្រាប់បក្សកាន់អំណាច ដែលនាំឱ្យមានការបាត់បង់ការទុកចិត្តពីពលរដ្ឋ។នេះគេមិននិយាយទៅដល់បញ្ហាច្រើនទៀត ដែលបន្តកើតមានដែរ ដូចជា ករណីពុករលួយ ករណីបក្សពួកនិយមក្នុងជួរការងាររដ្ឋករណីព្រំដែនជាដើម។
អ្នកវិភាគថា បើបក្សកាន់អំណាច មិនអាចជម្រះរឿងអយុត្តិធម៌ទាំងនេះបានទេ គឺ ពិតជាលំបាកខ្លាំងណាស់ដើម្បីការពារអំណាចរបស់ខ្លួនបន្ត។សូមអញ្ជើញស្ដាប់ការយល់ឃើញរបស់អ្នកវិភាគដែលកញ្ញា ជុំ ជោគជាតា រៀបរៀងដូចតទៅ៖
តាមគោលការណ៍ប្រជាធិបតេយ្យនិងតាមរដ្ឋធម្មនុញ្ញ ពលរដ្ឋគឺជាម្ចាស់អំណាចផង និងជាម្ចាស់ប្រទេសផង។ រឿងរ៉ាវណាដែលកើតក្នុងសង្គមហើយជារឿងអយុត្តិធម៌ទៀតនោះគឺចំណោទមួយធ្វើឱ្យពលរដ្ឋពិចារណាត្រិះរិះថាតើរឿងនេះមិនសមកើតឡើងទេ បែបជាកើតឡើងបានទៅវិញ។
តើជនណាក្រុមណានៅពីក្រោយរឿងនេះ ហើយប្រព័ន្ធតុលាការដែលចូលពាក់ព័ន្ធរឿងនេះបែរជាកាន់តែធ្វើឱ្យរងនូវអំពើអយុត្តិធម៌ធ្ងន់ធ្ងរថែមទៀត?ទាំងនេះ ពិតជាមិនអាចគេចចេញពីភ្នែកម្នាស់របស់ពលរដ្ឋបានឡើយ។ បើពលរដ្ឋចង្អុលថារឿងនេះខុសហើយ គឺត្រូវតែកែទម្រង់ជាបន្ទាន់ ទើបស្រង់ដើមបានខ្លះ បើពុំនោះទេកាន់តែបាត់បង់ការគាំទ្រថែមទៀត។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនា គឺ ការស្ទាបស្ទង់មតិពលរដ្ឋសម្រាប់ការបោះឆ្នោតសភាឆ្នាំ២០១៨ បើបក្សកាន់អំណាចរបូតអាសនៈមេឃុំ ឬចៅសង្កាត់ទៅបក្សប្រឆាំង អាចមកពីកត្តាអយុត្តិធម៌សង្គមសង្គមមួយផ្នែកដែរ ។
តាមការវិភាគ បើបក្សប្រឆាំងដណើ្ដមអាសនៈបានច្រើនជាងកាលពីឆ្នាំ២០១២ ថែមមួយចំនួនទៀត អាចមកបានមកដោយសារធ្លាក់ការគាំទ្រ ពីពលរដ្ឋទៅលើគណបក្សកាន់អំណាច។បើបក្សនេះរបូតអាសនៈច្រើននៅក្នុងបោះឆ្នោតមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ គឺជា ការបាត់បង់ថែមទៀតនៃអាសនៈរដ្ឋសភានៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។
ជាកត្តាសត្យានុម័តបើបក្សកាន់អំណាច បាត់បង់ការគាំទ្រពីពលរដ្ឋ បក្សប្រឆាំងកាន់តែទទួលបានការទុកចិត្តពីពលរដ្ឋ។ អ្នកវិភាគថាការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨ គឺជា គន្លឹះស្លាប់រស់របស់គណបក្សប្រជាជនកម្ពុជាថាតើអាចបន្តកាន់អំណាចបាន ឬមិនបាន ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញអំពើអយុត្តិធម៌ក្នុងសង្គមកម្ពុជានៅតែបន្តកើតឡើងដដែលៗ ។ អំពើអយុត្តិធម៌ទាំងនេះផ្ដើមឱ្យមានការចោទសួរពីការដឹកនាំប្រទេសរបស់បក្សកាន់អំណាច និងប្រព័ន្ធយុត្តិធម៌នៃសង្គម។
ករណីលោកស័ក្ត៤នៅប៉ោយប៉ែតគឺជាដើមហេតុមួយដែរ ហើយជាការបូកបញ្ចូលបន្ថែមទៀតករណីឃាតកម្មលើលោកបណ្ឌិតកែមឡី ។ បណ្ដាញសង្គមបានបង្ហោះព្រោងព្រាត ពាសពេញប្រទេស ដែលនរណាក៏ថាជារឿងមិនគួរកើតឡើងដែរ។
អ្នកស្រាយបញ្ហាសង្គម មានការយល់ឃើញដូចគ្នាថា កត្តាអយុត្តិធម៌សង្គមក្ដី ឬ អំពើអសន្តិសុខនៅមូលដ្ឋាន និងការគំរាមកំហែងពីមន្ត្រីមូលដ្ឋាន លើសិទិ្ធសេរីភាពរបស់ពលរដ្ឋ និងការជម្រិតយកប្រាក់ សូម្បីរឿងតិចតួចក៏ជាដើមចមធ្វើឱ្យមានការខកចិត្តហើយពិតជាចំណុចនៃការទាញឱ្យធ្លាក់ការគាំទ្ររបស់បក្សកាន់អំណាចដែរ។
លោក កឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ ពិនិត្យឃើញថា កត្តាយុត្តិធម៌សង្គមក្ដី កត្តាសន្តិសុខសុវត្ថិភាពពលរដ្ឋ ឬសិទ្ធិសេរីភាព និងការប្រព្រឹត្តអំពើពុករលួយតាមមូលដ្ឋានក្ដី គឺជា ចំណុចគុណវិបត្តិមួយនាំអោយបក្សកាន់អំណាចអាចជួបហានិភ័យនៃការបាត់បង់ការគាំទ្រពីពលរដ្ឋ។
លោក កឹម សុខ៖ « បញ្ហាអយុត្ដិធម៌សង្គមអស់នេះវាមិនមែនតែត្រឹមថ្នាក់លើ ថ្នាក់មូលដ្ឋាននៃគណបក្សប្រជាជនក៏ចឹង ជាអ្នកដែលបានអនុវត្តនយោ បាយថ្នាក់លើដែលមានការគាបសង្កត់។ អ្នកមូលដ្ឋានក៏ចង់ប្ដូរ គាត់ចង់ប្ដូរតាំងពីមូលដ្ឋានមក ហើយបញ្ហាអស់នេះវាកើតនៅគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា មិនមែនតែមួយកន្លែងទេ។ដូច្នេះជាមូលហេតុដែលធ្វើអោយជ្រុះបាត់នៃការគាំទ្រគណបក្សប្រជាជនធំ ហើយគេងាកទៅរកគណបក្សនយោបាយផ្សេង»។
រឿងអំពើអយុត្តិធម៌ក្នុងសង្គម គឺ មិនថាឡើយអ្នកវិភាគយល់ឃើញដូចនេះទេ គឺ សូម្បីពលរដ្ឋធម្មតាក៏អាចយល់ឃើញដែរ។ ករណីប៉ូលិសស័ក្ត៤ នៅប៉ោយប៉ែត ករណីលោកបណ្ឌិតកែមឡី ករណីសន្តិសុខខណ្ឌវាយបាតុករ ឬការបង្ក្រាបបាតុកម្ម និងការបិទសេរីភាព គឺ សុទ្ធតែបញ្ហាទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គម ក៏យល់ស្របនឹងលោក កឹម សុខ ផងដែរ ។ លោកថាប្រទេសណាក៏មានរឿងដូចនេះដែរ ប៉ុន្តែខុសគ្នាត្រង់ប្រទេសគេគេទប់ស្កាត់បាន ចំណែកកម្ពុជាកើតមានជាដដែលៗ គឺ ច្រើនឆ្នាំមកហើយ។ លោកមើលឃើ់ញថា ជាជ្រុងមួយនៃយុត្តិធម៌សង្គម ដែលនាំឱ្យបក្សកាន់អំណាចអាចប្រឈមនឹងការបាត់បង់បន្តទៀតអ្នកគាំទ្រ ។
លោក មាស នី៖ «ការបណ្ដែតបណ្ដោយរបស់រដ្ឋាភិបាលអោយអំពើអយុត្ដិធម៌វាចេះតែកើតឡើងវាច្បាស់ៗពេក ធ្វើអោយពេលខ្លះរឿងមិនសមនឹងធ្វើក៏ត្រូវធ្វើដែរ ឱ្យពលរដ្ឋឃើញ ឱ្យពលរដ្ឋយល់ដ៏ចឹងទៅវាប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលធ្ងន់ ហើយហាក់ដូចជាមើលទៅឃើញថា ប្រជាប្រិយរបស់រដ្ឋាភិបាលនិងធ្លាក់ចុះធ្ងន់ថែមទៀត នៅក្នុងអាណត្តិបោះឆ្នោតខាងមុខបើសិនជាមិនមានវិធានការអ្វីឲ្យបានទាន់ពេល»។
គណបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងប្រទេសជិត ៤០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៧៩ ។ ប៉ុន្ដែ គណបក្សអតីតកុម្មុយនីសមួយនេះបានប្រែខ្លួនជាបក្សមួយប្រកាន់គោលការណ៍សេរីពហុបក្សក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ១៩៩១។
នៅក្នុងការបោះឆ្នោតអាណត្តិដំបូង បក្សនេះបានចាញ់ឆ្នោត គឺ ចាញ់គណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្ដែសំណាងល្អបក្សនេះបានតវ៉ារហូតបានកាន់អំណាចឡើងវិញ មានជាហូរហែររហូតមកដល់ពេលនេះ គឺ ៥អាណតិ្តមកហើយ ។បក្សនេះ បានបាត់សម្លេងឆ្នោត២២អាសន: នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដោយបាត់សម្លេងឆ្នោត ២២អាសនៈ ទៅលើគណបក្សប្រឆាំង ។
តើបើអំពើអយុត្ដិធម៌សង្គមនៅតែបន្ដកើតមានទៀតបក្សនេះអាចទប់អាសនៈរបស់ខ្លួនបានដែរឬទេ?
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះការអះអាងរបស់អ្នកវិភាគដែលថាបក្សកាន់អំណាចនេះអាចនឹងចាញ់ឆ្នោត។ លោកចាត់ទុកទស្សនៈរបស់អ្នកវិភាគ មិនមានមូលដ្ឋានរឹងមាំឡើយ។ តែលោកហាក់ដូចជាទទួលស្គាល់ថា អំពើអយុត្ដិធម៌កើតមានប៉ុន្ដែមិនមែនបក្សប្រជាជនកម្ពុជាជាអ្នកបង្កើតឡើងនោះទេ គឺ ជាទង្វើរបស់ក្រុមមនុស្សមួយក្ដាប់តូចតែប៉ុណ្ណោះ។
លោក សុខ ឥសាន្ដ៖ «ត្រង់ហ្នឹងវាអញ្ចឹងត្រូវវិភាគឲ្យបានដិតដល់ដូច្នេះគាត់ថា ហ្នឹងវាមិនច្បាស់ទេប្រជាជនភាគច្រើនគេយល់អំពីសាច់រឿងច្បាស់មិនចេះតែជឿគាត់ទេ ដូច្នេះការវាយតម្លៃតាមការប៉ាន់ប្រមាណថាបក្សប្រជាជននឹងបាត់បង់ប្រជាជាប្រិយភាពរឿងទាំងអស់មិនមែនគណបក្សប្រជាជនបង្កើតរឿងឲ្យគាត់ទេ គាត់បង្កើតរឿងខ្លួនឯង ប្រព្រឹត្ដល្មើសច្បាប់ខ្លួនឯងអញ្ចឹងគាត់ត្រូវទទួលខុសត្រូវ» ។
រហូតមកដល់ពេលនេះមិនទាន់មានស្ថាប័នណាព្យាករណ៍ ឬបង្ហាញការស្ទាបស្ទង់មតិណាមួយថា គណបក្សប្រជាជនកម្ពុជាបាត់បង់ប្រជាប្រិយភាពកម្រិតណានោះទេ។ តែទាំងលោក កឹម សុខ និង លោកបណ្ឌិត មាស នី អះអាងថា បើតាមការ ស្រាយជ្រាវ ដែលពួកគាត់ ចុះតាមមូលដ្ឋានតាមខេត្តគឺពលរដ្ឋភាគច្រើនហាក់មានការធុនថប់នឹងអំពើអយុត្តិធម៌សង្គមកើតឡើងដដែលៗនេះ។ពួកគាត់ថា យុត្តិធម៌កើតមានបាន គឺ អាស្រ័យលើតុលា ការ បើតុលាការកាត់ក្ដីដោយលម្អៀង ឬក្រោមឥទ្ធិពលរបស់អ្នកមានអំណាច គឺ មានតែប្រជាជនទេជាអ្នកផ្ដល់យុត្តិធម៌សង្គមតាមរយៈឆន្ទៈរបស់ពួកគេនៅពេលបោះឆ្នោតចូលមកដល់៕