សៀមរាប ៖ រថយន្តក្រុង ២៤ កៅអីរបស់ក្រុមហ៊ុនថោងស៊ិងមួយគ្រឿងដែលដឹកភ្ញៀវទេសចរបរទេស ក្នុងទិសដៅពីខេត្តសៀមរាបទៅប៉ោយប៉ែត បានទូស្សេឆេះទាំងស្រុង បណ្តាលឱ្យភ្ញៀវទេសចរ១៤នាក់ ជិះក្នុងរថយន្តភ័យស្លន់ស្លោ តែយ៉ាងណាមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ ។
យោងតាម គេហទំព័រអគ្គស្នងការនគរបាលជាតិ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតខាងកើតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ស្ថិតក្នុងភូមិសាស្រ្ដ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ្ឌ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានដឹងថា នៅពេលដែលអគ្គិភ័យឆាបឆេះរថយន្តគឺ អ្នកបើកបរបញ្ជាក់ថា មានហុយផ្សែងចេញពីក្បែរចង្កូតហុយៗ ពេលនោះបានអោយភ្ញៀវទេសចរបរទេសចុះហើយពេលនោះអណ្តាតភ្លើងឡើងសន្ធោសន្ធៅឆាបឆេះពេញរថយន្ត ។
បើតាមលោក ឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា គ្មានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ទេ ព្រោះបានចុះពីរថយន្តទាន់ មុនពេលភ្លើងឆេះខ្លាំង។លោកបន្តថា នៅពេលអគ្គិភ័យឆាបឆេះភ្លាមៗ រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្ត២គ្រឿង បានមកអន្តរាគមន៍ ត្រូវរថយន្តរងគ្រោះ ឆាបឆេះអស់ស្ទើរទាំងស្រុងទៅហើយ ។
អគ្គិភ័យដែលឆាបឆេះរថយន្តដឹកភ្ញៀវ គឺ ឆេះកណ្តាលផ្លូវបណ្តាលឲ្យភ្ញៀវបរទេសភ័យខ្លាច និងស្ទះចរាចរណ៍អស់ជិត១ ម៉ោង ។ ចំណែកភ្ញៀវទេសចរចំនួន១៤នាក់ត្រូវបានរថយន្ត ក្រុមហ៊ុនថោងស៊ិងមកដឹកសាងបន្តទៅក្រុងប៉ោយប៉ែតដល់គោលដៅ ៕