ភ្នំពេញ៖ រយៈពេល ១២ ខែនៃ ឆ្នាំ២០១៦ កម្ពុជាបានលក់ប័ណ្ណ ចូលទស្សនាក្នុងតំបន់អង្គរ ដល់ភ្ញៀវទេសចរបរទេសជាង ២លាននាក់ ហើយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនបាន ៤.៦៣%ដោយរកប្រាក់ចំណូលបានជាង ៦២លានដុល្លារអាមេរិក កើនឡើង៤.២១% បើធៀបនឹងឆ្នាំ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនាពេលថ្មីៗនេះ។ លោក ជួន សារ៉េត រាយការណ៍៖
រយៈពេល១ឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរ បរទេស ដែលបានចូលមកទស្សនារមណីយដ្ឋាន តំបន់អង្គរមកពី ១៨៨ ប្រទេស ដែលមាន២លាននាក់។ បញ្ហានេះសង្គមស៊ីវិលគាំទ្រតែថារដ្ឋាភិបាលត្រូវប្រើថវិកានោះឱ្យចំគោលដៅទើបមានប្រយោជន៍ដល់ជាតិ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ សាទរ កំណើនភ្ញៀវទេសចរបរទេសនេះ ។ តែលោកថាការកើនទ្បើងនៃប្រាក់ចំណូលនេះមិនប្រាកដថា ការគ្រប់គ្រងមានប្រសិទ្ធភាពនោះទេ។ប្រការនេះ មានន័យថាទាល់តែរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាប្រើប្រាស់ថវិកានោះឱ្យមានតម្លាភាព។
អ្នកតាមដានពីបញ្ហសង្គមរូបនេះផ្តល់ជាអនុសាសន៍ថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកតំបន់អង្គរកាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលត្រូវអនុវត្តតួនាទីរបស់ខ្លួនដូចជា៖
លោក សន ជ័យ ៖«ការរៀបចំពង្រឹងនូវយន្តការផ្សព្វផ្សាយធ្វើម៉េចទាក់ទាញភ្ញៀវទេសចរឱ្យគេស្គាល់អង្គរវត្តកាន់តែច្រើនហើយនឹងសារៈសំខាន់នៃដំណើរទេសចរនេះ រួមទាំងការគិតគូរទៅលើការគ្រប់គ្រងឬរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឬសេវាពាក់ព័ន្ធដូចជាការធ្វើដំណើរ។ ត្រូវមានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនឬក៏ការចែកចាយគ្រឿងញៀននៅខេត្តល្បីមួយនេះមិនត្រូវមើលរំលងនោះទេ»។
តែបែបនេះក្ដីវិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរទេសចរណ៍ ប្រចាំខេត្តសៀមរាបបានទេ នៅថ្ងៃនេះដោយទូរស័ព្ទចូលប៉ុន្តែពុំមានអ្នកទទួល។
សូមជំរាបថានៅក្នុងចំណោម ១៨៨ ប្រទេសនៅលើពិភពលោកដែលបានចូលមកទស្សនាក្នុងតំបន់អង្គរគឺប្រទេសដែលមានប្រជាជនមកទស្សនាច្រើនជាងគេគឺប្រទេសចិន មានជាង៦៥ម៉ឺននាក់ ប្រទេស កូរ៉េខាងត្បូងជាង ២០ម៉ឺននាក់ និងសហរដ្ឋអាមេរិកជាង ១៥ម៉ឺននាក់។
កាលពីមុនប្រាក់ចំណូល គឺជាការគ្រប់គ្រង របស់ក្រុមហ៊ុនមួយរបស់លោកឧកញ្ញ៉ា សុខ គង់ ហើយដើមឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេច យកមកគ្រប់គ្រងខ្លួនគេវិញ។
យ៉ាងនេះក្ដីបក្សប្រឆាំង ថាចំណូលបានមកពីភ្ញៀវបរទេសចូលទស្សនា អង្គរគឺមានច្រើនជាងនេះ ច្រើន សិបលានដុលា្លរទៀត៕