ភ្នំពេញ ៖ រដ្ឋាភិបាលនឹងមិនយកថ្លៃសេវាសម្រាប់ការងាររដ្ឋបាលមួយចំនួនពីពលរដ្ឋដូចជា ការចេញសៀវភៅគ្រួសារ លិខិតស្នាក់នៅ និងសំបុត្រកំណើតជាដើម។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្ត និងការសម្រេចចិត្តនេះ ជាប់ពាក់ពន្ធ័នឹងការទាក់ទាញសម្លេងឆ្នោត ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ចាប់ពីថ្ងៃទី១ ខែមករា តទៅ រាល់សេវាកម្មរបស់អជ្ញាធរមូលដ្ឋានដែលទាក់ទងនឹងការធ្វើសំបុត្រអាពាហ៍ ពិពាហ៍រវាងជនបរទេស និងប្រជាពលរដ្ឋខ្មែរ ការផ្តល់សៀវភៅស្នាក់នៅ ការផ្តល់ទុតិយតាសៀវភៅស្នាក់នៅ ឬការផ្តល់សៀវភៅស្នាក់នៅឡើងវិញ ការស្នើសុំបន្ថែម ឬបន្ថយសមាជិកក្នុងសៀវភៅស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារក្នុងសៀវភៅគ្រួសារ ការផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ (សេវាកម្មលើតម្រូវការទាំងនេះ) នឹងមិនតម្រូវឲ្យបង់ប្រាក់នោះទេ។
នេះបើយោងតាមសេចក្តីប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៦ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃពុធទី១១ មករា នេះ។
ការផ្តល់សេវាកម្មទាំងប៉ុន្មានខាងលើតម្រូវឲ្យបង់ប្រាក់ដល់អាជ្ញាធរឃុំសង្កាត់ ឬអជ្ញាធរប៉ូលីសមូលដ្ឋានចាប់ពី៣០០០រៀល ដល់ ១០ ០០០រៀល នៅមុនពេលសេចក្តីប្រកាសនេះត្រូវដាក់ឲ្យអនុវត្តន៍។
លោក សុខ សម្បត្តិ ចៅសង្កាត់គីឡូម៉ែត្រលេខ ៦ បានឲ្យដឹងថា លោកបានទទួលសេចក្តីប្រកាសនេះរួចហើយ។ បន្ថែមពីនោះលោកក៏បានចាប់ផ្តើមអនុវត្តន៍ភ្លាមៗកាលពីដើមខែនេះផងដែរ។ លោក សុខ សម្បត្តិ៖«ការផ្តល់សេវានៅមូលដ្ឋានយើងខ្ញុំ មិនដែលយកលុយពីប្រជាពលរដ្ឋ ហើយក៏មិនដែលឱ្យប្រជាពលរដ្ឋចាំយូរនោះទេ។ មិនត្រឹមតែប៉ុណ្ណោះភូមិឃុំតែងតែជួយប្រជាពលរដ្ឋទៀតផង ដូចជាជួយមេក្រូពេលអ្នកភូមិរវល់ទៀតផង»។
ដោយឡែកលោក វ៉ិត គង់ ចៅសង្កាត់វាលរេញ ខេត្តព្រះសីហនុក៏បានបញ្ជាក់ដូចគ្នានោះដែរ។ លោក វ៉ិត គង់ ៖«ខ្ញុំជឿជាក់ថា ការផ្តល់សេវាជូនប្រជាពលរដ្ឋសម្រាប់ឃុំវាលរេញ អត់មានប្រជាជនណាអង្គុយរាប់ម៉ោងរង់ចាំនោះទេ មកដល់ចារជួបគាត់ វាយត្រាជូនគាត់ គាត់យកទៅប្រើប្រាស់បាន មិនចាំយូរនោះទេ»។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា និយាយថា យន្តការនេះគឺការបោះជំហានមួយយ៉ាងល្អនិងជាវិធានការណ៍មួយសម្រាប់ព្រមានដល់មន្ត្រីខិលខូចមួយចំនួន ដែលចេះតែរកលេសទារប្រាក់ពីពលរដ្ឋលើសតារាងតំលៃកំណត់។ លោក ព្រាប កុល៖«ប្រព័ន្ធ១២៩២ របស់យើងអាចផ្តល់ព័ត៌មាន យើងអាចឱ្យប្រជាពលរដ្ឋគាត់ដឹងអំពីថ្លៃសេវា ហើយប្រសិនជាមានគេបង្ខំឱ្យគាត់សូកលុយ ឬយ៉ាងម៉េចហ្នឹងយើងអាចអន្តរាគមន៍ទៅតាមសមត្ថកិច្ចពាក់ព័ន្ធ ឬក៏កត់ករណីនូវករណីគាត់ហ្នឹង ដើម្បីយើងអាចប្តឹងនៅពេលក្រោយទៀត»។
ដោយឡែកលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការប្រកាសមិនយកថ្លៃសេវាលើលិខិតស្នាមមួយចំនួននៅមូលដ្ឋាននេះ ទំនងមិនអាចមានប្រសិទ្ធិភាពនោះទេដោយសារក្រុមមន្ត្រីមូលដ្ឋានទទួលបានប្រាក់ខែតិចតួច និងទម្លាប់ពុករលួយយូរមកហើយ។
អ្នកឃ្លាំមើលសង្គមរូបនេះបន្តថា យន្តការនេះធ្វើឡើងគឺដើម្បីតែសំឡេងឆ្នោតតែប៉ុណ្ណោះ ស្របពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជិតមកដល់។ លោក សន ជ័យ៖ «តាមពិតទៅអាហ្នឹងគ្រាន់តែជារបៀបរំដោះខ្លួនពីការរិះគន់ អំពីការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋមកលើអ្នកផ្តល់សេវាហ្នឹងទេ ព្រោះអីកន្លងមកមានព័ត៌មានពីការទារលុយលើស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារអីហ្នឹងសុទ្ធតែជាមុខសញ្ញានៃការទារលុយលើស អញ្ចឹងក្រសួងមហាផ្ទៃចង់ដោះខ្លួនពីការរិះគន់ហ្នឹង ខណៈការបោះឆ្នោតឃុំសង្កាត់នេះជិតចូលមិនដល់»។
ទោះជាយ៉ាងណានៅក្នុងសេចក្តីប្រកាសរបស់ខ្លួនក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួននឹងទទួលយកពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងករណីមានការអនុវត្តខុសពីការចែងក្នុងសេចក្តីប្រកាសខាងលើដូចជាមានការយកកម្រៃសេវាលើសការកំណត់ ឬ មានការយឺតយ៉ាវហួសរយៈពេលអតិបរមាជាដើម៕