ភ្នំពេញ៖ កម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះ MUIFA ដែលអាចនាំឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដារាជធានី និងខេត្ត មួយចំនួន។នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយម។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលបានផ្សាយជូននៅថ្ងៃទី ៨មករា ដដែល បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបមួយដែលបានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីនកំពុងវិវត្តន៍ទៅជាសម្ពាធទាបសកម្ម។
សម្ពាធទាបសកម្មនេះនឹងបន្ដវិវត្តន៍ទៅជាវិសម្ពាធ ឬទៅជាព្យុះទី១ ប្រចាំឆ្នាំ២០១៧ ឈ្មោះ MUIFA ។
យោងតាមការព្យាករណ៍ស្ថានភាពអាកាសធាតុនេះគឺ ព្យុះនេះ នឹងថយឥទ្ធិពលជាលំដាប់នៅពេលចូលមកដល់សមុទ្រចិនខាងត្បូង ហើយនឹងអស់ឥទ្ធិពលទៅវិញនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ នៅពេលវាធ្វើដំណើរមកដល់ជិតឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម។
ឥទ្ធិពលរបស់ព្យុះ MUIFA អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមករា នៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងតំបន់មាត់សមុទ្រ៕