ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញារិទ្ធិ បានបង្ហើបក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃទី ១០ មករា នេះថា របៀបវារៈមួយក្នុងរបៀបវារៈផ្សេងទៀតដែលគណបក្សសង្គ្រោះជាតិនឹងលើកយកទៅពិភាក្សាជាមួយគណបក្សកាន់អំណាចនៅក្រោយថ្ងៃទី១១ មករា នឹងមានជជែកគ្នារឿងដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប។
លោក សុខ ឥសាន្ត ដែលមានវត្តមានក្នុងវេទិកានោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ និងរបៀបវារៈជាក់លាក់នៃជំនួបរវាងគណបក្សទាំងពីរបាននោះទេ។ តែយ៉ាងអ្នកនាំពាក្យរូបនេះថា គណបក្សប្រជាជនកម្ពុជាមិនដែលបិទផ្លូវចរចានោះទេ តែលោកសូមឱ្យតំណាងអ្នកចរចាត្រូវមានភាពស្មោះត្រង់។
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ លោក ស ខេង តំណាងមតិភាគច្រើនក្នុងរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្រោយជួបពិភាក្សាសម្ងាត់ជាមួយលោក កឹម សុខា ថា គណបក្សទាំងពីរនឹងមានកិច្ចចរចាគ្នាពីការដោះលែងមន្ត្រីសិទិ្ធមនុស្ស និងមន្ត្រី គ.ជ.ប នៅចុងឆ្នាំ២០១៦។ ប៉ុន្តែយ៉ាងណា ជំនួបនេះបានខកខានទៅវិញ បន្ទាប់ពីមានការលិចលឺថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ពោលគឺបំបែកលោក កឹម សុខា ពីលោក សម រង្ស៊ី៕