នៅថ្ងៃអង្គារទី១០មករានេះ សហចៅក្រមស៊ើបអង្កេតអន្ដរជាតិ បានជូនដំណឹងទៅភាគីទាំងអស់នៃសំណុំរឿង ០០៣ ថា កិច្ចស៊ើបសួររបស់តុលាការនៅក្នុងសំណុំរឿង ០០៣នេះ ករណី លោកមាសមុតអតីតកម្មាភិបាលខ្មែរក្រហមបានបិទបញ្ចប់ហើយ។
តាមសេចក្ដីប្រកាសព័ត៌មាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬគេហៅថា សាលាក្ដីខ្មែរក្រហម ចុះផ្សាយនៅអង្គារ៍ នេះ ថាគឺ ភាគីពាក់ព័ន្ធនានាមានរយៈពេល ៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបសួរបន្ថែមទៀត។
ការបិទបញ្ចប់កិច្ចស៊ើបសួរលើសំណុំរឿងរបស់ លោក មាស មុត នៅពេលនេះ បន្ទាប់ពីការស៊ើបសួរ ធ្វើឡើងអស់រយៈពេលជាង ៨ឆ្នាំ ។
លោក មាស មុត ត្រូវបានចោទប្រកាន់ថាបានទាក់ទងនឹងឧក្រិដ្ឋកម្ម ប្រព្រឹត្ត ឡើងរវាងថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ ១៩៧៩។
សូមជាម្រាបដែរថា លោក មាស មុត អាយុ៧៧ ឆ្នាំ ធ្លាប់ជាអតីតមេបញ្ជាការកងពល១៦៤ទទួលបន្ទុកទាហាន ជើងទឹកនៅខេត្តព្រះសីហនុ និងខេត្តកំពតនៅក្នុងទសវត្សរ៍១៩៧០។
កន្លងមកសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ លើរូបលោក មាស មុតថា មានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាការធ្វើមនុស្សឃាត កម្ចាត់ជនសង្ស័យដែលក្បត់បក្សឬអង្គការ ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនា ជាតិសាសន៍ នយោបាយ បញ្ជូនឲ្យគុក ស២១ សម្លាប់ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជាជនសង្ស័យម្នាក់ទៀត គឺ លោក ស៊ូ ម៉េត អតីតមេបញ្ជាការកងពល៥០២ ដែលតុលាការបានចោទប្រកាន់ដូចគ្នាទៅនឹង លោកមាស មុតដែរ។ ដីកាសន្និដ្ឋានដដែលបាន និយាយថាមានមនុស្សជាច្រើនពាន់នាក់ដែលស្លាប់ក្រោមការកាន់កាប់របស់លោក មាស មុត។
ទាក់ទងនឹងសំណុំរឿង លោក មាស មុត ដែលត្រូវបានបិទបញ្ចប់នេះដែរ កិច្ចស៊ើបសួរប្រឆាំងនឹងអតីតសហជនសង្ស័យមួយរូបទៀត គឺ លោក ស៊ូ ម៉េត ក៏ត្រូវបានបិទបញ្ចប់សំណុំរឿងផងដែរ បន្ទាប់ពីគាត់បានស្លាប់នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងមក៕