ភ្នំពេញ៖ លោក ម៊ុត ចន្ថា នាយកខុទុ្ទកាល័យ លោកកឹមសុខា ប្រធានសភាសំឡេងភាគតិចនៃគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា គណបក្សជំទាស់ មានអាសនៈក្នុងសភា បានប្រាប់សហគមន៍អន្តរជាតិថាចាប់ពីពេលនេះ ទៅត្រូវត្រៀមខ្លួនយ៉ាងសកម្មក្នុងការបោះឆ្នោតខាងមុខ ។
លោកបានអះអាងថាដូចនេះ ស្របពេល ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក កឹម សុខា នៅថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ ២០១៧នេះនៅវិមានរដ្ឋសភា។
លោក មុត ចន្ថា៖ «បន្ទាប់មកក៏មានការផ្លាស់ប្ដូរយោបល់គ្នារឿងស្ថានការនយោបាយទូទៅ និងកិច្ចការងារបោះឆ្នោតនៅប្រទេសកម្ពុជា ព្រោះឥលូវយើងឈានដល់រដូវបោះឆ្នោត ចឹងជជែកការងារបោះឆ្នោតផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ថាតើសហគមន៍អន្ដរជាតិធ្វើអ្វីខ្លះលើកិច្ចការងារនេះ ហើយយើងបង្ហាញពីការត្រៀមលក្ខណៈរបស់យើងក្នុងការចូលរួមការបោះឆ្នោតនេះ» ។
តាមហ្វេសប៊ុករបស់លោក កឹម សុខា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ប្រចាំនៅកម្ពុជា គឺ លោក Ingo Karsten ។ ប្រទេសកម្ពុជា នៅរយៈមិនដល់៥ខែទៀតនេះ នឹងមានការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ គឺនៅថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ និង ការបោះឆ្នោតសភា ឆ្នាំ២០១៨៕