វ៉ាស៊ិនតោន៖ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានតែងតាំងកូនប្រសាប្រុសរបស់លោកម្នាក់ គឺលោក Jared Kushner ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំសេតវិមាន ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រជាធិបតេយ្យ។
លោក Jared Kushner អាយុ៣៥ឆ្នាំ គឺជាអ្នកគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ ដ៏មានប្រសិទ្ធភាព។ លោក Jared Kushner បានរៀបការជាមួយនាង Ivanka Trump ហើយលោកគឺជាអ្នករៀបចំផែនការជាច្រើនក្នុងមុខជំនួញរបស់ឪពុកក្មេក។
ទាក់ទងរឿងនេះ ក្រុមគណបក្សប្រជាធិបតេយ្យបានអំពាវនាវឲ្យលោក ត្រាំ លុបចោលការតែងតាំងនេះវិញជាបន្ទាន់ព្រោះជាហេតុផលមួយប៉ះទង្គិចយ៉ាងខ្លាំងដល់ច្បាប់របស់សេតវិមាន។ ជាមួយគ្នានេះក្រុមចៅក្រមនៃក្រសួងយុត្ដិធម៌ក៏បានទាមទារឲ្យពិនិត្យមើលក្រមសីលធម៌របស់មន្ដ្រីទាំងឡាយដែលត្រូវចូលធ្វើការនៅសេតវិមានផងដែរ។
លោក ត្រាំ នឹងចូលកាន់តំណែងនៅសេតវិមានក្នុងឋានៈជាប្រធានាធិបតី នៅថ្ងៃទី២០ មករា ជំនួសលោក អូបាម៉ា ដែលត្រូវចាកចេញពីតំណែងនៅថ្ងៃជាមួយគ្នានោះដែរ។ លោក ត្រាំ គឺជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ប៉ុន្ដែលោកប្រហែលជាមេដឹកនាំអាមេរិកដំបូងដែលបានឡើងកាន់តំណែងនៅសេតវិមានដោយមានឈ្មោះជាមហាសេដ្ឋីដែលមានប្រាក់ស្ដុកស្ដម្ភ៕