ភ្នំពេញ ៖ លោក ឆាយ ធី មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តរតនគីរី ដែលធ្លាប់តែរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងក្លា នៅទី បំផុតបានសម្រេចចិត្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យសមាគមអាដហុកចាត់ទុកថា នេះជាការសម្រេចចិត្ដរបស់បុគ្គលិក។ រីឯមន្ត្រីសង្គមស៊ីវិលយល់ថា មិនមែនជាការទាស់ខុសអ្វីទេដែលមន្ដ្រីសិទ្ធិមនុស្សចូលរួមជាមួយគណបក្សកាន់អំណាច ប៉ុន្ដែគួរតែឈរលើឆន្ទៈឲ្យបានរឹងមាំ។
លោក ឆាយ ធី ។រូបភាពពីកោះសន្តិភាព[/caption]អ្នកបរិហារការរំលោភសិទ្ធិមនុស្សដ៏ក្លៀវក្លារបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី ថ្មីៗនេះបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនិងបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់សំរាប់ការបោះឆ្នោតនៅពាក់កណ្តាលឆ្នាំ ២០១៧ នេះទៀតផង។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក គឺជាបុគ្គលដែលរិះគន់មិនសំចៃមាត់លើការរំលោភសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមភាគតិច ក៏ដូចជាការរំលោភដីធ្លីក្នុងខេត្តរតនគីរីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាច្រើនឆ្នាំកន្លងមកនេះ លោកគឺជាអ្នកសហការផ្តល់ព័ត៌មានយ៉ាងសំខាន់ដល់បណ្តាញផ្សព្វ ផ្សាយព័ត៌មានដើម្បីឲ្យមានការផ្សព្វផ្សាយអំពីភាពអវិជ្ជមានខាងលើនេះ។
លោក ឆាយ ធី បានប្រាប់វិទ្យុស្ត្រីតាមទូរសព្ទ័នៅថ្ងៃចន្ទ័ ទី៩មករា នេះថា មូលហេតុដែលលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ពីព្រោះតែលោកមើលឃើញថា នៅរយៈពេលចុងក្រោយនេះគណបក្សប្រជាជនកម្ពុជា បានកែប្រែការដឹកនាំរបស់ខ្លួនជាច្រើនស្ដីពីការគោរពសិទ្ធិមនុស្ស។ ហើយមិនតែប៉ុណ្ណោះលោកថា គោលនយោបាយបក្សនេះក៏មានភាពរឹងមាំមិនងាយបែកបាក់គ្នាដូចគណបក្សផ្សេងៗ។
លើសពីនេះលោកថា លោកនឹងអាចជួយពលរដ្ឋដោយផ្ទាល់បានក្រោយពីលោកបានជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី០៤ នេះ។ លោក ឆាយ ធី៖ “ខ្ញុំផ្ទាល់ជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចតេជោដែលជាប្រធានគណបក្សប្រជាជនកម្ពុជាហើយមានការកែទម្រង់ច្រើនដែលរហូតទៅដល់បង្កើតការសហការ បង្កើតវប្បធម៌សហការជាមួយ NGO ហើយសន្ទនាជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដើម្បីរួមគ្នាកសាងប្រទេសជាតិនេះហើយចំណុចដែលខ្ញុំមើលឃើញ”។
តាមគម្រោងលោក ឆាយ ធី នឹងលាឈប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុកជាផ្លូវការនៅដំណាច់ខែមករានេះ។ពោលគឺប្រាំខែប៉ុណ្ណោះមុននឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្តើម។
លោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា ការសម្រេចចិត្ដរបស់លោក ឆាយ ធី គឺជាឆន្ទៈរបស់លោកផ្តាល់ ហើយសមាគមអាដហុកគោរពទៅតាមការសម្រេចចិត្ដនេះ ហើយក៏មានបុគ្គលិករបស់សមាគមការពារសិទ្ធិមនុស្សអាដហុកជាច្រើនក៏បានលាឈប់ទៅបំពេញការងារអ្វីផ្សេងដែលពួកគាត់ចង់ផងដែរ។ លោក សំ ច័ន្ទគា ៖ «បាទគឺដូចអត់មានមូលហេតុណាផ្សេងគ្រៅពី គេហៅថាទៅអភិវឌ្ឍនៅមូលដ្ឋានរបស់គាត់ផ្ទាល់ទេពីព្រោះយើងបានចុះទៅអង្កេតនៅមូលដ្ឋានផ្ទាល់ហើយវាអត់មានហេតុផលអីផ្សេងពីនេះ»។
អ្នកនាំពាក្យកាន់អំណាចលោក សុខ ឥសាន្ដ មានប្រសាសន៍ថា មិនមែនមានតែលោក ឆាយ ធី ម្នាក់ទេដែលគណបក្សប្រជាជនកម្ពុជាទទួលយកជាសមាជិកនោះ។ពោលគឺគណបក្សកាន់អំណាច ស្វាគមន៍គ្រប់គ្នាទាំងអស់ឲ្យតែពួកគេបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌរបស់គណបក្ស។
លោក សុខ ឥសាន្ដ ៖ «អ្នកចូលយើងស្វាគមន៍តែទាំងអស់ហ្នឹងមិនថាលោក ឆាយ ធី ទេ សូម្បី សម រង្ស៊ី សុំចូលក៏យើងឲ្យចូលដែរ ឲ្យតែគាត់បំពេញបានត្រឹមត្រូវតាមបែបបទ ហើយគោរពតាមលក្ខន្ដិករបស់គណបក្ស ហ្នឹងគឺអត់មានយល់ទាស់អីទេ»។
ជាមួយគ្នានេះសង្គមស៊ីវិលបង្ហាញជាទស្សនថា ជាធម្មតាបុគ្គលិកអង្គការមួយចំនួនគឺមានសិទ្ធិផ្លាស់ប្ដូរការងារទៅតាមការចង់បានរបស់ពួកគេ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន មានប្រសាសន៍ថា មិនមានអ្វីប្លែកទេសម្រាប់បុគ្គលអង្គការ ក្រៅរដ្ឋាភិបាលដែលសម្រេចចិត្ដផ្លាស់ប្ដូរការងារនោះ។ លោក សៀ ភារម្យ យល់ថា ជាឆន្ទៈរបស់លោក ឆាយ ធី ដែលទំនងមិនអាចមានការទិញទឹកចិត្ដ ឬគម្រាមពីគណបក្សប្រជាជននោះទេ។ លោក សៀ ភារម្យ ៖ “ខ្ញុំគិតថា សម័យនេះទៅហើយខ្ញុំគិតថាមិនអាចមានការគម្រាមកំហែងអីទេ បក្សកាន់អំណាចគាត់មិនទៅអញ្ចឹងទេ នេះគឺជាការសម្រេចចិត្ដរបស់គាត់ បើតាមខ្ញុំគិតពីព្រោះតាមស្ដាប់បទសម្ភាសន៍គាត់គឺគ្មានអីដែលគួឲ្យកត់សំគាល់ទេ”។
ដូចគ្នាដែរលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍ថា លោកអបអរសារទរដែលមានធនធានមនុស្សចូលទៅក្នុងគណបក្សនយោបាយដើម្បីធ្វើការងារ ពិសេសបុគ្គលដែលធ្លាប់ធ្វើការខាងសិទ្ធិមនុស្សថែមទៀត។ ប៉ុន្ដែលោកសង្កត់ធ្ងន់ផងដែរថា បើអ្នកធ្វើការសិទ្ធិមនុស្សចូលក្នុងគណបក្សប្រកបដោយឆន្ទៈដើម្បីពលរដ្ឋពិតប្រាកគឺជារឿងដែលមិនគួបារម្ភទេ។ តែបើអ្នកសិទ្ធិមនុស្សចូលគណបក្សនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទើបជាប្រការដែលគួរព្រួយបារម្ភ។ លោក មាស នី ៖ “ មនុស្សយើងធ្វើការដោយគុណតម្លៃ ប្រសិនបើយើងកំពុងធ្វើការផ្នែកសិទ្ធិមនុស្សដើម្បីបានប្រាក់ខែគឺជារឿងមួយផ្សេង ប៉ុន្ដែបើជាយើងជាធ្វើការសិទ្ធមនុស្សក្នុងគុណតម្លៃមួយយើងគោរពសិទ្ធិមនុស្សនោះ ខ្ញុំជឿថាទៅដល់ទីណាក៏មានគោលការណ៍នេះទៅជាមួយដែរ”។
លោក មាស នី បន្ថែមទៀតថា គេគួររង់ចាំមើលសកម្មភាពរបស់លោកឆាយ ធី ក្នុងការបំពេញការងារនយោបាយរបស់លោកជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ឆាយ ធី បានចូលបំរើការងារនៅសមាគមអាដហុកជិត១០ឆ្នាំមកហើយ ។ លោក បានសម្រេច ចិត្តទៅបំរើការងារជាមួយគណបក្សប្រជាជនកម្ពុជា ដោយឈរឈ្មោះ ជាបេក្ខជន មេឃុំ ប៉ាតេ ក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនគិរី សម្រាប់ការបោះឆ្នោតថ្ងៃទី៤ មិថុនា។ ឃុំនេះ ត្រូវបានគណបក្សប្រឆាំងឈ្នះជាមេឃុំចំនួនពីរអាណត្តិមកហើយ។ លោក ឆាយ ធី ចូលបំរើបក្សកាន់អំណាចនេះ ធ្វើភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមជ្ឈដ្ឋាន សង្គមស៊ីវិល ដែលធ្លាប់ចាត់ទុកលោកជា សកម្មជនសិទ្ធិមនុស្សដ៏ខ្លាំងក្លា។ យ៉ាងណាសកម្មជនរូបក៏ធ្លាប់ការគំរាមកំហែង អាយុជីវិតផងដែរ៕