ភ្នំពេញ ៖ ក្រុមស្ត្រីបឹងកក់នៅថ្ងៃទី ០៩ ខែមករា នេះបានបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ ដោយអន្ទងឱ្យគណបក្សធំៗទាំងពីរឆាប់បើកជំនួបចចារគ្នាវិញ ដើម្បីពន្លឿនកិច្ចអន្តរាគមន៍ដោះលែងសកម្មជនសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី ពីពន្ធនាគារ។ យ៉ាងណាក៏ដោយមន្ត្រីនៃគណបក្សធំៗទាំងពីរមិនទាន់អាចបញ្ជាក់ពីការសន្យាលើការទាមទារខាងលើនេះនៅឡើយ។
បន្ទាប់ពីខកខាតធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅអស់រយៈពេលពីរសប្តាហ៍ នៅថ្ងៃច័ន្ទទី០៩ មករានេះ ក្រុមស្ត្រីបឹងកក់ចាប់ផ្តើមយុទ្ធនាការនេះជាថ្មី ដោយទទូចស្នើឲ្យអ្នកនយោបាយនៃគណបក្សដែលមានអាសន្នក្នុងរដ្ឋសភា ឆាប់ជួបចចារគ្នា ដើម្បីឈានទៅដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំឃាំង។
ស្ត្រីសហគមន៍បឹងកក់ប្រមាណ ៤០ នាក់ និងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតបានប្រមូលផ្តុំគ្នាក្នុងសហគមហ៍បឹងកក់ដោយបានលើករូបថតសក ម្មជនដីធ្លីអ្នកស្រី ទេព វន្នី និងមន្ត្រីសមាគមអាដហុកទាំងបួនម្នាក់ ព្រមទាំងអគ្គលេខាធិការរងគជប លោកនី ចរិយា។ ក្រុមសកម្មជនទាំងនេះស្រែកអំពាវនាវឱ្យមានការដោះលែងអ្នកទាំងអស់នោះ។
ក្រុមអ្នកតវ៉ាបានផ្អាកចលនាថ្ងៃចន្ទ័ពណ៌ខ្មៅកាលពីចុងខែធ្នូដោយសារពួកគេទន្ទឹងរង់ចាំការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដោយរំពឹងថាជំនួបនេះអាចនឹងជួយដោះលែងជនសង្ស័យដែលកំពុងតែជាប់ឃុំឃាំងបាន។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមចរចាខាងគណបក្សប្រជាជនធ្លាប់បានអះអាងថាបក្សទាំងពីរអាចនឹងជួបគ្នាស្វែងរកដំណោះស្រាយនយោបាយនៅដំណាច់ឆ្នាំ ២០១៦ ដើម្បីពិភាក្សាដោះលែងសកម្មជនសិទ្ធិមនុស្សទាំងបួននាក់និង មន្ត្រីគ.ជ.ប មួយរូប។ ប៉ុន្តែ ជំនួបត្រូវគ្រោងធ្វើនៅក្រោយថ្ងៃទី១១ខែមករានេះ នៅតែមិនទាន់បានកំណត់ពីកាលបរិច្ឆេទជំនួបពិតប្រាកដនៅឡើយ។
សកម្មជនដីធ្លីតំបន់បឹងកក់មួយរូប កញ្ញា សុង ស្រីលាប បានសំដែងការសោកស្តាយចំពោះការពន្យាពេលជំនួបនេះ។ កញ្ញាបន្តថា សមាគមបឹងកក់ដែលបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅថ្ងៃនេះដើម្បីទទូចសុំឱ្យបក្សទាំងពីរឆាប់ជួបចចារគ្នាឡើងវិញ។កញ្ញា សុង ស្រីលាប៖ «ប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ យើងសង្ឃឹមថាឧបនាយករដ្ឋមន្ត្រី ស ខេង គាត់ហ្នឹងធ្វើការរួបរួមដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ ជាពិសេសគណបក្សទាំងពីរ ចូលរួមកសាងជាតិ កសាងប្រទេសដើម្បីប្រជាពលរដ្ឋ និងដើម្បីឱ្យមានតុលាការមួយឯករាជ្យ សម្រាប់ឱ្យមានាករដោះលែងអ្នកស្រី ទេព វន្នី រួមទាំងមន្ត្រីអង្គាការសង្គមស៊ីវិល និងលោក នី ចរិយា»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ប្រាប់វិទ្យុស្ត្រីថា ជំនួបរវាងគណបក្សទាំងពីរនឹងអាចកើតមានឡើងនៅក្រោយថ្ងៃទី១១ ខែមករានេះ ប៉ុន្តែលោកមិនទាន់អាចបង្ហើបពី របៀបវារៈនៃកិច្ចប្រជុំនិងមិនទាន់អាចកំណត់ថ្ងៃណាពិតប្រាកដនៅឡើយ។
លោក សុខ ឥសាន្ត លើកឡើងថាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅវិញ មិនមានទម្ងន់អ្វីសម្រាប់ដាក់សម្ពាធឱ្យមានការដោះលែងក្រុមមន្ត្រីដែលកំពុងជាប់ពន្ធនាគារនោះទេ។ លោក សុខ ឥសាន្ត៖«គាត់ធ្វើម៉េចធ្វើទៅ ចង់ឱ្យដោះលែងសង្កមស៊ីវិល បី បួន នាក់ហ្នឹងខ្ញុំយល់ថា កាលដែលចូលពន្ធ នាគារឃុំខ្លួននោះ គឺវាមានដីការបស់តុលាការ អញ្ចឹងបើចង់ឱ្យចេញវិញលុះត្រាតែទៅយកដីកាតុលាការមកទើបអាចចេញ មិនមែនធ្វើបាតុកម្មចេញកើតនោះទេ»។
ចំណែកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆៃ បញ្ជាក់ថាជំនួបនៃគណបក្សទាំងពីរក្នុងពេលខាងមុខគឺដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយ ប៉ុន្តែលោកមិនអាចបញ្ជាក់ពីរករណីពិភាក្សាពីសំណុំរឿងក្រុមមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគជបនិងសកម្មជនដីធ្លីនោះទេ។
ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលគួរតែដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពឡើងវិញពីព្រោះការចាប់ឃុំខ្លួនពួកគេបានបង្កឲ្យមានប្រតិកម្ម និងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរខ្លួនឯងផងដែរ។ លោក ស៊ុន ឆៃ៖«យើងឃើញហើយថាមានការរិះគន់ធ្ងន់ធ្ងរណាស់ពីសំណាក់សហគមន៍អន្តរជាតិលើការដាក់ទោសមន្ត្រីអាដហុក ហើយនិងអគ្គលេខាធិការរង គ.ជ.ប ហ្នឹងគឺជាការធ្វើដោយមិនត្រឹមត្រូវ ហើយរឿងនេះមិនគួរដាក់ជាបន្ទុកមកដល់គណបក្សសង្គ្រោះជាតិនោះទេ»។
ការចាប់ផ្តើមយុទ្ធនាការថ្ងៃចន្ទ័ពណ៌ខ្មៅនៅថ្ងៃនេះ គឺជាយុទ្ធនាការសប្តាហ៍ទី ៣៦ហើយ។ក្រុមអ្នកតវ៉ានៃសហគមន៍បឹងកក់គ្រោងនឹងដាក់ញត្តិជូនក្រសួងមហាផ្ទៃ និងរដ្ឋសភា នៅថ្ងៃទី១០ មករា ស្អែកនេះ ដើម្បីឱ្យស្ថាប័នទាំងពីរជួយរកយុត្តិធម៌ជូនអ្នកស្រី ទេព វន្នី៕