ភ្នំពេញ៖ ជាកូនកសិករលក់ដីស្រែដើម្បីបន្តការសិក្សារហូតដល់បានសញ្ញាបត្រដោយ ព្យាយាមធ្វើឲ្យសម្រេចបំណងខ្លួន ក្លាយជាប្រធានអង្គការតម្លៃស្ត្រី គឺ លោក ស្រី សេង សុលីដា។លោកស្រីបាននិយាយថា អ្វីដែលនាំឱ្យលោកស្រីជោគជ័យគឺ ការប្ដេជ្ញាចិត្ត និងឧស្សាហ៍ព្យាយាម។
ដើម្បីជ្រាប កាន់តែច្បាស់សូមស្ដាប់ជីវព័ត៌មានដែលរៀបចំដោយ កញ្ញាស្រីអូន ដូចតទៅ៖
«ស្ត្រី មុជមិនជ្រៅទៅមិនឆ្ងាយ» គឺ មួយឃ្លានេះ នៅតែជាឆ្អឹងទទឹងក ដែលមិនអាចឲ្យស្ត្រី បញ្ចេញសមត្ថភាពរបស់ខ្លួនបានឡើយ។ ប្រការនេះនាំ ឲ្យអ្នកខ្លះ ចាត់ទុក ស្ត្រី វិល ចង្ក្រានមិនជុំដែលមិនអាចក្លាយជា ស្ត្រីឆ្នើម នៃសង្គមបានឡើយ។
ផ្ទុយពី ទស្សនៈ ខាងលើសម្រាប់លោកស្រី សេង សុលីដា បានក្លាយជាប្រធាន អង្គការអង្គការតម្លៃស្ត្រី។ លោកស្រីបានលើកឡើងថាស្ត្រីទាំងអស់សុទ្ធតែមានតម្លៃ និង មានសមត្ថភាពមិនចាញ់មនុស្សប្រុសនោះទេអោយតែស្ត្រីនោះ មានការព្យាយាមនិងអត់ធ្មត់នឹងការងាររបស់ខ្លួន។
ជាកូនអ្នក ចម្ការ ក្នុងភូមិទទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។លោកស្រីមានបងប្អូន ៥នាក់។ ចំណែកលោកស្រីជាកូនទី៤ក្នុងគ្រួសារ។ លោកស្រីថា ឪពុកម្តាយលោកស្រីគឺជា អ្នកស្រលាញ់ការសិក្សា ទើបឲ្យកូន បន្តការសិក្សាមករាជធានីភ្នំពេញក្រោយពីលោកស្រីបញ្ចប់ ការសិក្សាថ្នាក់ មធ្យមសិក្សាទុតិយភូមិ។
តាម ការឲ្យដឹងរបស់លោកស្រី សុលីដា អង្គការតម្លៃស្ត្រី បានជួយស្ត្រីឲ្យយល់ដឹងពីច្បាប់ និងសិទ្ធិ ការពារខ្លួន ព្រមទាំង ផ្តល់ជំនាញដល់ស្ត្រីគឺតាំងពីឆ្នាំ ២០០៦ មក បានប្រមាណ ជាង ១៥០០នាក់ហើយ៕