ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅទស្សនៈកិច្ចទៅប្រទេសវៀតណាមរយៈចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃ ទី ០៩ ខែ មករា រហូតដល់ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
តាមការចុះផ្សាយនេះ ការធ្វើទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដំណើរបំពេញទស្សនៈកិច្ចរបស់សម្ដេច ស ខេង ឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ទៅវៀតណាម នៅ ថ្ងៃទី៩មករានេះ គឺមិនដល់មួយខែទេ បន្ទាប់ពីការត្រឡប់មកវិញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅវៀតណាមកាលពីថ្ងៃទី២១ ធ្នូឆ្នាំ២០១៦។
តែជាមួយគ្នានេះ ទស្សនកិច្ចរបស់សម្ដេច ស ខេង គឺកើតឡើង ស្របពេលគណបក្សប្រជាជនកម្ពុជាសន្យាថា នឹងជួបចរចរាជាមួយគណបក្សសង្គ្រោះជាតិរឿងបញ្ហានយោបាយនៅក្រោយថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧។ ប៉ុន្តែការជួបគ្នារវាងគណបក្សមានអាសនៈក្នុងរដ្ឋសភាទាំងពីរ មិនបានបង្ហាញពីរបៀបវារៈអ្វីច្បាស់លាស់ឡើយ៕