en     km
en     km

ខុមហ្វ្រែល​ចង់​ឲ្យ​ គ​.​ជ​.​ប​ កែ​លម្អ​បទបញ្ជា​ និង​នីតិវិធី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​ស្នើ​ដោយ​លើក​ជា​អនុសាសន៍​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ កែ​លម្អ​បទបញ្ជា​ និង​នីតិវិធី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ដោយ​ផ្តោត​ទៅ​លើ​ការ​ឃោសនា​ ការ​បិទ​ការិយាល័យ​ក្នុង​កាលៈទេសៈ​អាសន្ន​ និង​ ការ​បោះ​ឆ្នោត​ឡើង​វិញ​។

 

logo របស់ ខុម ហ្វ្រែល
logo របស់ ខុម ហ្វ្រែល
​បើ​យោង​តាម​លិខិត​របស់​អង្គការ​ខុមហ្វ្រែល​ ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​នៅ​ថ្ងៃ​ទី​ ០៨​ មក​រា​ នេះ​ បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​ផ្តល់​ជា​អនុសាសន៍​ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ កែ​លម្អ​បទបញ្ជា​ និង​នីតិវិធី​បោះ​ឆ្នោត​ក្រុម ប្រឹក្សា​ឃុំ​/​សង្កាត់​ នៅ​ចំណុច​មួយ​ចំនួន​រួម​មាន​៖​

១.​ យន្តការ​សម្របសម្រួល​ និង​ពិនិត្យ​ក្នុង​ការ​អនុវត្តន៍​គោលការណ៍​ស្មើភាព​ និង​ការ​កំណត់​ រៀបចំ​បញ្ជី​ទី​សាធារណៈ​ ពិសេស​សកម្ម​សិទ្ធិ​របស់​រដ្ឋ​ ដែល​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ប្រើប្រាស់​ ឬ​ ជួល​ក្នុង​តម្លៃ​ទាប​សមរម្យ​មួយ​។​

២.​ ហិរញ្ញវត្ថុ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ ដែល​មាន​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប​ ក្នុង​ការ​ប្រកួត​ពិនិត្យ​ និង​ការ​បើក​ជំហរ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

៣.​ ការ​ស៊ើបអង្កេត​លើ​ពាក្យបណ្តឹង​ក្នុង​រយៈពេល​សប​ស្រប​មួយ​ បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យបណ្តឹង​។

៤.​ សវនាការ​ត្រូវធ្វើ​ឡើង​ដោយ​សាធារណៈ​ និង​បើកចំហរ​គ្រប់​សវនាការ​។​

៥.​ ការ​សម្រេច​ដាក់ទោស​ និង​ពិន័យ​លើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​បង្កើត​នីតិវិធី​នៃ​ការ​សម្រេច​ព្រមាន​ ដោយ​ផ្តល់​កាត​លឿង​ បើ​ល្មើស​អំណាច​ និង​ក្រមសីលធម៌​ ត្រូវ​ពិន័យ​កាត​ក្រហម​ជាមួយ​វិន័យ​មក​បោះ​ឆ្នោត​ជាក់ស្តែង​ ដោយ​អាច​ឈរ​នៅ​ពីក្រោយ​លេខាធិការ​ ដើម្បី​ពិនិត្យ​រក​ឈ្មោះ​ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​អ្នក​ចូល​ទៅ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​។​

៦.​ ការ​រាប់​សន្លឹក​ឆ្នោត​ ត្រូវ​តែ​បញ្ជាក់​បន្ថែម​ទៀត​នៅ​ក្នុង​បញ្ជា​ និង​ នីតិវិធី​ អំពី​សិទ្ធិ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ថត​បាន​ក្នុង​ពេល​រាប់​ និង​កំណត់​ហេតុផល​រាប់​សន្លឹក​ឆ្នោត​បណ្តោះអាសន្ន​ អាច​ជា​រូបភាព​ ឬ​ វី​ដេ​អូ​ និង​គួរ​ឲ្យ​មានការ​បើកចំហរ​របង​ ក្នុង​បរិវេណ​នៃ​ទី​តាំំ​ង​ការិយាល័យ​បោះ​ឆ្នោត​ និង​មាន​អនុសាសន៍​មួយ​ចំនួន​ទៀត​។​

ចំណែក​ការ​បិទ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​កាលៈទេសៈ​អាសន្ន​ និង​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដែល​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​អង្គការ​ខុ​ម​ហ្វែ​ល​ ដែល​វិទ្យុ​ស្ត្រី​ទទួល​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ គ​.​ជ​.​ប​ ត្រូវ​កំណត់​ភាព​មិន​ប្រក្រតី​កម្រិត​ធ្ងន់ធ្ងរ​ ដែល​ចាំបាច់​តម្រូវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ រួម​មាន​កំណត់​អំពី​កម្រិត​ និង​ប្រភេទ​នៃ​ភាព​មិន​ប្រក្រតី​ជា​ប្រព័ន្ធ​ ដែល​ឈាន​ទៅ​ដល់​ការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​នៅ​ក្នុង​មណ្ឌលបោះឆ្នោត​មួយ​ ដែល​នឹង​ធ្វើការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ ដូច​ជា​ករណី​៖​

•​    ​កំហុស​បច្ចេកទេស​ធ្ងន់ធ្ងរ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ ឬ​កំហុស​បច្ចេកទេស​ធ្ងន់ធ្ងរ​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​
•​    ​ការ​ទិញ​សន្លឹក​ឆ្នោត​ក្នុងភូមិ​ ចាប់​គិត​ពី​ដំណើរការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​
•​    ​ការ​បំភិតបំភ័យ​ គំរាមកំហែង​ និង​អំពើ​ហិង្សា​កើត​មាន​ក្នុងភូមិ​

ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ នៅ​ក្នុង​ក្របខ័ណ្ឌ​ការិយាល័យ​បោះ​ឆ្នោត​ ឬ​ឃុំ​សង្កាត់​នីមួយៗ​ ដោយ​ឃុំ​សង្កាត់​ណា​ដែល​មាន​កម្រិត​លម្អៀង​យ៉ាងច្រើន​ ០.៥​ ភាគរយ​ រវាង​បញ្ជី​បេក្ខជន​ពីរ​ ឬ​ច្រើន​អាច​ត្រូវ​ត្រួតពិនិត្យ​ និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ក៏​ប៉ុន្តែ​ ឃុំ​ សង្កាត់​ ដែល​មាន​កម្រិត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ ទាក់ទិន​ការ​រាប់​សន្លឹក​ឆ្នោត​ ក៏​ត្រូវ​បាន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ដែរ​។​

ទាក់ទង​ទៅ​និង​អនុសាសន៍​ខាងលើ​នេះ​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (​ខុមហ្វ្រែល​)​ បាន​មាន​ប្រសាសន៍​ថា​ អនុសាសន៍​ទាំងនេះ​ លោក​សង្ឃឹមថា​ ស្ថាប័ន​ គ​.​ជ​.​ប​ នឹង​ទទួលយក​អនុសាសន៍​ទាំំ​ង​នោះ​ ក្នុង​កែ​លម្អ​នៅ​ក្នុង​បទបញ្ជា​ និង​ នីតិវិធី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ឆ្នាំ​ ២០១៧​។​ លោក​ គល់​ បញ្ញា​៖«​យើង​ចង់​ឲ្យ​អនុសាសន៍​ធ្វើ​យ៉ាង​ណាប​ញ្ចូ​ន​កំណត់ហេតុ​លទ្ធផល​បោះ​ឆ្នោត​នៃ​ការិយាល័យ​មក​ដាក់​នៅ​វ៉ែ​ប​សាយ​(​គ​.​ជ​.​ប​)​ ដែល​ជា​រឿង​ធំ​ណាស់​ ដើម្បី​ទប់ស្កាត់​រឿង​ទំនាស់​ទាក់ ទិន​លទ្ធផល​បោះ​ឆ្នោត​ផង​ ហើយ​យើង​បើ​ទូលាយ​តម្លាភាព​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​និង​គេ​បាន​បោះ​ឆ្នោត​ហើយ​គេ​ចង់​ដឹង​លទ្ធផល​បោះ​ឆ្នោត​ ប៉ុន្តែ​យប់​ពេក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ពេល​រាប់​ចប់​ គេ​អត់​បាន​ទៅ​មើល​នៅ​ការិយាល័យ​ ហើយ​អាច​ឲ្យ​គ្នា​អាច​ទៅ​មើល​ក្នុង​វ៉ែ​ប​សាយ​ ឬ​ ហ្វេ​ស​ប៊ុ​ក​របស់​ គជ​ប​ទៅ​ អូ​ ការិយាល័យ​របស់​គេ​ លទ្ធផល​ បាន​ដូច​តទៅ​នេះ​»​។​

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL)។រូបភាពWMC/កែវ សុខា
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL)។រូបភាពWMC/កែវ សុខា
​ជុំវិញ​អនុសាសន៍​ខាងលើ​នេះ​ វិទ្យុ​ស្ត្រី​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែ​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ព​ទ្ធា​ បាន​នៅឡើយ​ទេ​ នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ​។​ ទោះបី​យ៉ាងណា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ប្រកាស​អំពី​បញ្ជា​ និង​នីតិវិធី​ក្រុមប្រឹក្សា​ឃុំ​ /​សង្កាត់​ ឆ្នាំ​ ២០១៧​ នៅ​ចុងខែ​ មក​រា​ នេះ​ បន្ទាប់​ពី​ គ​.​ជ​.​ប​ បាន​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រយៈពេល​ ២​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​ ០៥​ និង​ ថ្ងៃ​ទី​ ០៦​ ខែមករា​។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​។​

​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ គឺ​បាន​ចាប់ផ្តើម​បិទ​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី​ ០៣​ ដល់​ថ្ងៃ​ទី​ ១៤​ ខែមករា​ ឆ្នាំ​ ២០១៧​ នៅ​គ្រប់​ឃុំ​ សង្កាត់​ ចំនួន​ ១៦៣៣​ នៅ​ទូ​ទាំង​ប្រទេស​។​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្នុង​រយៈពេល​ខែ​ ៣​ កាលពី​ឆ្នាំ​២០១៦​ មាន​ចំនួន​ជាង​ ៧​ លាន​ ៨​ សែន​នាក់​។

ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ដំបូង​មាន​ចំនួន​ជាង​ ៨​ ពាន់​នាក់​។​ ចំណែក​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​លុប​ចេញពី​ទិន្នន័យ​រួចរាល់​ គឺ​មាន​ចំនួន​ជិត​ ៣​ ពាន់​៕​

Share

ព័ត៌មានទាក់ទង

Image