ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជួនដំណឹងមួយ ស្ដីពីឥទ្ធិលខ្យល់ ព្យុះដែលកើតឡើងនៅភាគអាគ្នេយ៍នៃប្រទេសហ្វីលីពិន នឹងធ្វើឲ្យប្រទេសកម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ មានភ្លៀងធ្លាក់ពីតិចទៅមធ្យម នៅបណ្ដារាជធានី-ខេត្ដ ដែលស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេស។
បន្ថែមពីនេះ សេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក ដែលផ្សព្វផ្សាយនៅថ្ងៃទី០៨ មករានេះ បញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា រាជធានី-ខេត្ដចំនួន៥ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គូរ។ ខេត្ដទាំង៥ នោះរួមមានខេត្ដ ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងតំបន់ជាប់មានសមុទ្រ។សេចក្ដីជួនដំណឺងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា សម្ពាធទាបមួយដែលបានកើតឡើងនៅភាគអាគ្នេយ៍នៃប្រទេសហ្វីលីពិន បានកំពុងវិវត្ដទៅជាសម្ពាធសកម្ម ហើយសម្ពាធសកម្មនេះនឹងវិវត្ដទៅជាព្យុះទី១ ប្រចាំឆ្នាំ២០១៧ ដែលមានឈ្មោះថា មូលហ្វា។
ព្យុះនេះនឹងថយឥទ្ធិពលជាលំដាប់នៅពេលវាធ្វើដំណើរចូលដល់សមុទ្រចិនខាងត្បូង ហើយវានឹងអស់ឥទ្ធិពលទៅវិញនៅថ្ងៃទី១៣ មករា ពេលវាបក់ទៅជិតដល់ឆ្នេរសមុទ្រនៃភាគអាគ្នេយ៍ប្រទេសវៀតណាម។ ថ្វីបើព្យុះនេះអស់ឥទ្ធិពលនៅបណ្ដាប្រទេសជាប់កម្ពុជាក្ដី ប៉ុន្ដែឥទ្ធិពលរបស់វានឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់បីថ្ងៃជាប់ៗគ្នាពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មករា៕