វិភាគ ៖ នៅថ្ងៃនេះ ថ្ងៃសៅរ៍ទី៧ ខែមករា គណបក្សប្រជាជនកម្ពុជាបានប្រារព្ធខួបជ័យជំនះលើពួកខ្មែរក្រហមកាលពីជិត៤០ឆ្នាំមុន។ ថ្ងៃនេះក៏បានក្លាយជាទិវាបុណ្យជាតិដែលមន្ត្រីរាជការនិងបុគ្គលិកក្រុមហ៊ុនភាគច្រើនបានឈប់សំរាកពីការងារចំនួនមួយថ្ងៃ។ ថ្វីបើទិវាថ្ងៃ ៧មករា គឺជាគុណសម្បត្តិមួយសំរាប់គណបក្សកាន់ អំណាចប៉ុន្តែទិវានេះទំនងជាមិនសូវមានទម្ងន់និងឥទ្ធិពលសម្រាប់ទាក់ទាញសំលេងឆ្នោតទៀតទេ។
ថ្ងៃទី៧ មករា ឆ្នាំ២០១៧ គឺជាខួបគម្រប់៣៨ ឆ្នាំ នៃការផ្តួលរំលំរបបកាប់សម្លាប់របស់ពួកខ្មែរក្រហម។ ប្រជាពលរដ្ឋយ៉ាងតិច១,៧លាននាក់បានស្លាប់និងត្រូវបានសម្លាប់ដោយពួកខ្មែរ ក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ជោគជ័យលើពួកខ្មែរក្រហមបាននាំឲ្យប្រទេសកម្ពុជាឆ្លងផុតពីការសម្លាប់រង្គាលផ្ទៃក្នុងនិងបើកឲ្យមានការកសាងនិងស្តារប្រទេសឡើងវិញ។ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចអស់រយៈពេលជិត៤០ឆ្នាំហើយនោះបានឆក់យកខ្លឹមសារនៃជ័យជំនះនេះថាជាស្នាដៃរបស់ខ្លួននិងបានស្វែងរកការដឹងគុណរបស់ម្ចាស់ឆ្នោតដើម្បីឲ្យខ្លួនអាចបន្តដឹកនាំប្រទេសតទៅទៀត។
សំរាប់គណបក្សប្រជាជនថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហមរបស់ប៉ុលពត។ ប៉ុន្តែចំណោទនៅត្រង់ថាតើទិវាជ័យជំនះ៧ មករាលើរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមនៅតែជាយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធិភាពដែលនឹងអនុញ្ញាតិឲ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតឬទេ?
ពិតមែនហើយ ជាច្រើនអាណត្តិមកហើយជោគជ័យក្នុងការបោះឆ្នោតរបស់គណបក្សកាន់អំណាចច្បាស់ជាមានការចូលរួមជាបច្ច័យនៃការប្រើប្រាស់ឈ្មោះ ៧មករា។ហើយទំនងជាពាក្យគន្លឹះនេះនៅតែជាឧបករណ៍ឃោសនាស្វែងរកសំឡេងឆ្នោតសំរាប់អាណត្តិបន្តទៀត។ដ្បិតគណបក្សដឹកនាំ ប្រទេសនឹងលើកឡើងមិនដាច់ថាមានថ្ងៃ៧ មករា មានជីវិតឡើងវិញ។ មានថ្ងៃ៧ មករា មានអ្វីៗឡើងវិញទាំងអស់។ មានថ្ងៃ៧មករាផ្តល់ឲ្យមានការរីកចម្រើនគ្រប់បែបយ៉ាង។
ប៉ុន្តែនៅពេលដែលប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាគួរតែពិចារណាលើការបញ្ជ្រាបអត្ថន័យនៃថ្ងៃ៧មករាដល់ម្ចាស់សន្លឹកឆ្នោតឲ្យបានច្បាស់។ម្យ៉ាងវិញទៀតគណបក្សកាន់អំណាចគួរតែបែងចែកចម្រៀកម្ចាស់ឆ្នោតជាពីរមុននឹងបាញ់សារឆ្ពោះទៅរកគោលដៅទាំងពីរនោះ។
ចម្រៀកម្ចាស់ឆ្នោតទី១ គឺ ក្រុមមនុស្សដែលមានវ័យកណ្តាលនិងដែលបានឆ្លងកាត់របបខ្មែរក្រហម។ក្រុមអ្នកបោះឆ្នោតទាំងនេះនៅចង់ចាំ នៅនឹកឃើញភាពអត់ឃ្លាន នៅចងចាំភាពអត់ឃ្លាន ការសម្លាប់ជនគ្មានកំហុស ការបាត់បង់សមាជិកគ្រួសាររបស់ពួកគេ ការធ្វើទារុណកម្មនិងការស្ថិតក្នុងភាពជាទាសកររបស់អង្គការកុម្មុយនិស្តខ្មែរក្រហម។ ក្រុមម្ចាស់ឆ្នោតទាំងនេះមិនចង់បានអ្វីក្រៅពីសុខសន្តិភាព សេរីភាព ភាពរស់រានបន្តទៀតនិងមិនលោភលន់ហួសប្រមាណទាំងផ្នែកសេដ្ឋកិច្ចនិងសេរីភាព។ ហើយពួកគេក្រែងរអា ភ័យខ្លាចនិងតក់ស្លុតរាល់ពាក្យដែលថា មានសង្គ្រាមជាថ្មី។ ផ្ទុយទៅវិញសម្រាប់ចម្រៀកម្ចាស់ឆ្នោតក្រុមទី២ មិនមានភាពងាយស្រួលបែបនេះទេ។នោះគឺក្រុមយុវជន។ ក្រុមយុវជនដែលកើតក្រោយថ្ងៃ៧មករា។ ពួកគេកើតធំដឹងក្តីក្នុងភាពកែប្រែមុខមាត់ថ្មី ក្នុងពេលដែលប្រទេសកំពុងបោះជំហានទៅមុខ ហើយពួកគេមិនជឿឬមិនខ្វល់ពីអតីតកាលជូរចត់ឬយ៉ាងណានោះទេ។
ម្ចាស់សន្លឹកឆ្នោតដែលជាក្រុមយុវជន ត្រូវការអ្វីដែលថ្មីនិងចូលចិត្តធៀបជាមួយបច្ចុប្បន្នភាពជាមួយប្រទេសរីកចម្រើននានាក្នុងលោក។ ក្រុមយុវជនទាំងនេះគិតពីបញ្ហាសេដ្ឋកិច្ចនិងអនាគតរុងរឿងជាជាងយកអតីតកាលមកគ្របដណ្តប់។
ហេតុដូចនេះ ការប្រើប្រាស់អត្ថន័យថ្ងៃ៧មករាដើម្បីជាឧបករណ៍ទាញសន្លឹកឆ្នោតបានក្លាយជាភាពមិនប្រាកដប្រជានិងមិនជាក់លាក់ពេកទេ។ហើយវានឹងក្លាយជាចំណិតមុំតូចមួយតែប៉ុណ្ណោះ។ដ្បិតមនុស្សអតីតកាលនឹងត្រូវគ្របដណ្តប់ដោយយុវជនជំនាន់ថ្មី។ហើយយុវជនជំនាន់ថ្មីនឹងបោះជំហានទៅមុខច្រើនជាងខ្លាចរអែងស្រមោលខ្មៅ។
គណបក្សប្រជាជនកម្ពុជាបានបោះជំហានល្អមួយក្នុងការរក្សាស្ថេរភាពនិងសន្តិភាពនិងព្យាយាមធ្វើឲ្យប្រសើរនូវស្ថាបន័រដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ច តម្លើងប្រាក់ខែរាជការនិងកម្មកររោងចក្រជាដើម។
ប៉ុន្តែគេនៅមើលឃើញមានបរាជ័យមួយចំនួនទៀតដែលគណបក្សកាន់កាប់អំណាចត្រូវដោះស្រាយគឺការកែទំរង់ប្រពន្ធ័យុត្តិធម៌ បរាជ័យក្នុងដំណោះស្រាយដីធ្លី និដីសម្បទាននិងការទប់ស្កាត់ការបំផ្លាញព្រៃឈើ។
ហេតុដូច្នេះការយកចិត្តទុកដាក់លើភាពអវិជ្ជមានខាងលើនេះគឺជាហេតុផលនៃឧបករណ៍ស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតអាណត្តិខាងមុខ ជាជាងការដាក់ទម្ងន់លើការឃោសនាផ្តោតខ្លាំងលើថ្ងៃ ៧មករា ៕