អនាគតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា មានការចូលលួច Hack ទិន្នន័យអ៊ីមែលសហរដ្ឋអាមេរិកអំឡុងពេលបោះឆ្នោត តែលោកថា យ៉ាងនេះក្ដីមិនធ្វើឲ្យខូចតម្លៃនៃការបោះឆ្នោតនោះទេ។
នេះជាលើកដំបូងហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ទទួលស្គាល់ថា រុស្ស៊ីពិតជាបានជ្រៀតជ្រែកនៅពេលដែលសហរដ្ឋអាមេរិក បើកយុទ្ធនាការរកសម្លេងឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ វិច្ឆិកា ។
ប៉ុន្ដែទន្ទឹមគ្នានេះ លោកត្រាំ មិនបានមនិយាយចំៗថា ប្រធានាធិបតីរុស្ស៊ីនៅពីក្រោយចូលលួចទិន្នន័យអ៊ីមែលលោកស្រី គ្លីន តុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនោះទេ។
ការអះអាងរបស់លោកត្រាំ បន្ទាប់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ សហរដ្ឋអាមេរិក FBI បានចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ថា គេមានភស្ដុតាងគ្រប់គ្រាន់ថា លោក ពូទីនប្រធានាធិបតីរុស្ស៊ី ចាត់ចែងអោយមានការលួចទិន្នន័យអាមេរិកពិតមែនក្នុងអំឡុងបោះឆ្នោត។
ទំនងដោយសាររឿងនេះហើយ បានជាលោក អូបាម៉ា ប្រធានាធិបតីអាមេរិកដែលនឹងចាកចេញពីសេតវិមាននៅថ្ងៃ ២០ មករា ខាងមុខនេះ បានបណ្ដេញមន្ដ្រីទូតរុស្ស៊ីយ៉ាងតិច ៣៥រូបចេញពីអាមេរិក ដែលអ្នកសង្កេតការណ៍ចាត់ទុកជាការសងសឹករបស់លោក អូ បាម៉ា លើ លោកពូទីន៕ ប្រភព: The Nation