អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សកំពុងដំណើរសុំលើកអង់តែនទូរទស្សន៍ CNRP ជាថ្មី បន្ទាប់ពីបរាជ័យលើការសុំលើកអង់តែនលើកមុននៅតាខ្មៅដែលអាជ្ញាធរ ហាមឃាតដោយសារប៉ះពាល់សុខភាពលរដ្ឋ។
ថ្លែងក្នុងវេទិការបស់គណបក្ស នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៥ មករា លោក យ៉ែម បុញ្ញឬទ្ធិ បានប្រាប់អ្នកគាំទ្រខ្លួនថា បច្ចុប្បន្នគណបក្សសង្គ្រោះជាតិ រកបានទីតាំងថ្មីមួយកន្លែងទៀតបានហើយ ដោយបានដាក់ពាក្យស្នើសុំតម្លើងអង់តែនរួចរាល់ហើយដែរ តែអាជ្ញាធរមិនទាន់សម្រេច។
គណបក្សសង្គ្រោះជាធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍ព្រះអាទិត្យរបស់ខ្លួន នឹងចាប់ផ្ដើមដំណើរការចុងឆ្នាំ ២០១៦ ។ តែលោកអ្នកនាំពាក្យ អះអាង មូលហេតុដែលទូរទស្សន៍ព្រះអាទិត្យមិនអាចដំណើរការទៅបានមកដល់ពេលនេះ ដោយសារតែអាជ្ញាធរមិនអនុញ្ញាត្តឱ្យសង់អង់តែនលើដីដែលខ្លួនបានទិញ នៅតំបន់តាខ្មៅ។
លោកថាអាជ្ញាធរមិនអនុញ្ញាត ដោយលើកហេតុផលថាខ្លាចភាយជាតិវិទ្យុសកម្មធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរតែលោកថាជាហេតុផលមិនសមរម្យ។
លោក យ៉ែម បុញ្ញឬទ្ធិ ៖ «យើងទិញដីបានហើយនៅតាខ្មៅជាង១០ម៉ឺនដុល្លារ កាត់ឈ្មោះបានហើយ រៀបចំដើម្បីបំពេញបែបបទដើម្បីសុំតម្លើងអង់តែន។ ស្រាប់តែគេថាមានប្រជាពលរដ្ឋដែលនៅជាប់ដីហ្នឹងប្តឹងអត់ឲ្យតម្លើងទេព្រោះមានវិទ្យុសកម្ម ប៉ះពាល់ដល់សុខភាព។ យើងថាចុះអាទូរទស្សន៍នៅទួលគោកហ្នុងវាអត់ប៉ះទេអី»។
តាមលោកលោក យ៉ែម បុញ្ញឬទ្ធិប្រាក់ដែលរ៉ៃអង្គាសបានមកពី អ្នកគាំទ្រ ប្រមាណ៧០ម៉ឺនដុល្លារ មិនបានចាយវាយ ទេ គឺនៅតែយកប្រាក់មក ចំណាយលើការសាសង់ទូរទស្សន៍នេះ។
ការដែលគណបក្សសង្គ្រោះជាតិ ដំណើរការសា្ថបនាទូរទស្សន៍ របស់ខ្លួនមានឈ្មោះថា ទូរទស្សន៍ព្រះអាទិត្យ គឺ បានមកពីការកិច្ចព្រមព្រៀងនយោបាយ នៅថ្ងៃទី២២ កក្កដាឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រឆាំងធំនេះ៕